ជាតិ
ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍ថយចុះ២៣ភាគរយ បើធៀបនឹងឆ្នាំ២០១៩
01, Jan 2021 , 11:23 am        
រូបភាព
រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ
រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ
ភ្នំពេញ៖ រយៈពេលមួយឆ្នាំពេញនៃឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសថយចុះ៩៤២ករណី ស្មើនឹង២៣ភាគរយ ប្រើធៀបនឹងឆ្នាំ២០១៩ ពោលគឺឆ្នាំ២០២០មាន៣១២លើក ហើយឆ្នាំ២០១៩មាន៤១២១លើក។

 
នៅថ្ងៃទី១មករា ឆ្នាំ២០២១នេះ សម្ដេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយវាយតម្លៃថា ការថយចុះជាង២០ភាគរយនៃករណីគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២០ គឺធ្វើឲ្យអ្នកស្លាប់ថយចុះជាង៣០០នាក់ផងដែរ។ រីឯ អ្នករងរបួសវិញ គឺថយចុះជាង១.៤នាក់។ 
 
ក្នុងឆ្នាំ២០២០ អ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ មាន១៦៤៦នាក់ បើធៀបនឹងឆ្នាំ២០១៩ មាន១៩៨១នាក់ គឺថយចុះជាង១៧ភាគរយ។ ចំណែក អ្នករងរបួសឆ្នាំ២០២០ មាន៤៦៨៦នាក់ បើធៀបនឹងឆ្នាំ២០១៩មាន៦១៤១នាក់ គឺថយចុះជាង២៤ភាគរយ។ នេះបើតាមតួលេខដែលបង្ហាញដោយ សម្ដេច ស ខេង។ 
 
ជាមួយគ្នាដែរ សម្ដេច ស ខេង ក៏បានអំពាវនាវដល់នគរបាលចរាចរណ៍ទូទាំងប្រទេស ឲ្យបន្តប្រកាន់ខ្ជាប់នូវការអនុវត្តតួនាទីភារកិច្ច ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមគោរពច្បាប់និងបើកបរដោយស្មារតីប្រុងប្រយ័ត្នដើម្បីឈានទៅកាត់បន្ថយចំនួនអ្នកស្លាប់និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតកាន់តែទាបជាងនេះ៕
 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com