COVID-19
អន្តរជាតិ
សារផ្តើមឆ្នាំ២០២១ របស់ថ្នាក់ដឹកនាំពិភពលោក
01, Jan 2021 , 7:35 pm        
រូបភាព
ការអបអរសាទរបាញ់កាំជ្រួចសាទរឆ្នាំ២០២១។ រូបភាព៖AFP
ការអបអរសាទរបាញ់កាំជ្រួចសាទរឆ្នាំ២០២១។ រូបភាព៖AFP
ដោយ:
នៅថ្ងៃទី៣១ ធ្នូ មេដឹកនាំប្រទេសមហាអំណាចពិភពលោក បានថ្លែងសុន្ទរកថាទៅកាន់ពលរដ្ឋរៀងៗខ្លួនពីបញ្ហាប្រឈមក្នុងឆ្នាំ២០២០ និងចក្ខុវិស័យឆ្នាំ២០២១។ ជាឆ្នាំដែលហ៊ុមព័ទ្ធដោយជំងឺឆ្លងកូវីដ-១៩ មេដឹកនាំពិភពលោកបង្ហាញសេចក្តីដឹងគុណទៅដល់បុគ្គលសំខាន់ៗដែលលះបង់ជីវិតក្នុងការទប់ស្កាត់ជំងឺនេះ។ មេដឹកនាំពិភពលោក ក៏លើកឡើងពីសង្ឃឹមសម្រាប់ឆ្នាំ២០២១ ខណៈពិភពលោកពុំទាន់ចេញផុតពីភាពអាប់អួរនៃជំងឺឆ្លង។

 
 
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស
ក្នុងសាររបស់ខ្លួន លោក ហ្គូតេរ៉េស លើកឡើងថា ឆ្នាំ២០២១ ជាឆ្នាំដែលមនុស្សគ្រប់គ្នាគួរកសាងសន្តិភាពរវាងខ្លួនឯង និងធម្មជាតិ ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ឈប់ការសាយភាយជំងឺកូវីដ-១៩ និងជាឆ្នាំនៃការផ្សះផ្សាគ្នា។ លោកសង្ឃឹមថា ២០២១ ជាឆ្នាំនៃការស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ស្រោចស្រង់សេដ្ឋកិច្ចនិងសង្គម និងចាប់ផ្តើមស្រោចស្រង់ភពផែនដី។ បញ្ហាបម្រែបម្រួលអាកាសធាតុ និងវិបត្តិកូវីដ-១៩ អាចដោះស្រាយបាន ដរាបណាមានការចូលរួមពីមនុស្សគ្រប់រូប។
 
ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង
ក្នុងសារស្វាគមន៍ឆ្នាំ២០២១ ប្រមុខរដ្ឋបារាំងបានលើកឡើងពីក្តីសង្ឃឹមក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លងកូវីដ-១៩។ លោកនិយាយថា សេចក្តីសង្ឃឹមនៅតែមាន និងមានជារៀងរហូត ហើយអំពាវនាវពលរដ្ឋបារាំងកុំឲ្យបោះបង់ចោលក្តីសង្ឃឹម។ លោកក៏ថ្លែងអំណរគុណពលរដ្ឋបារាំងដែលមានស្មារតីទទួលខុសត្រូវ និងការលះបង់ ដែលនាំឲ្យបារាំងអាចឆ្លងកាត់ឆ្នាំ២០២០បាន។ ទោះបីជាកូវីដ-១៩ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច សង្គម និងក្តី លោកសង្កត់ធ្ងន់ថា ជំងឺឆ្លងនេះបង្ហាញពីសាមគ្គីភាព ភាពរឹងមាំ និងភាពមាំមួននៃប្រជាជាតិបារាំង។
 
អធិការបតីអាល្លឺម៉ង់ អែនជែឡា មើគែល
ការទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ពលរដ្ឋអាល្លឺម៉ង់ អឺរ៉ុប និងពិភពលោកទាំងមូលគឺជាក្តីសង្ឃឹមមួយរបស់លោកស្រីអធិការបតីអាល្លឺម៉ង់។ លោកស្រី មើគែល សង្ឃឹមថា ចំនួនអ្នកដែលទទួលបានវ៉ាក់សាំងនឹងកើនឡើងនៅជុំវិញពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃ។ បន្ថែមពីនេះ លោកស្រីក៏លើកឡើងដែរថា អ្នកវិទ្យាសាស្ត្រគឺសេចក្តីសង្ឃឹមសម្រាប់អាល្លឺម៉ង់ និងពិភពលោកទាំងមូល ព្រោះមានសមិទ្ធផលវិទ្យាសាស្ត្រដែលកើតឡើងពីការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ដូចជាឧបករណ៍ធ្វើតេស្ត និងវ៉ាក់សាំង។ លោកស្រីក៏លើកឡើងផងដែរពីភាពចម្រុះ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលឈានដល់ការបង្កើតវ៉ាក់សាំង និងទប់ស្កាត់ជំងឺកូវីដ-១៩។
 
នាយករដ្ឋមន្ត្រីអង់គ្លេសបូរីស ចនសុន
ឆ្នាំ២០២១ ជាព្រឹត្តិការណ៍ដ៏អស្ចារ្យសម្រាប់អង់គ្លេស។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស ដោយសំដៅការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបដែលធ្លាប់រួមរស់ជាង៤០ឆ្នាំ។ លោកជឿជាក់ថា ឆ្នាំ២០២១ ជាឆ្នាំដែលអង់គ្លេសនឹងត្រឡប់ទៅស្ថានការណ៍មុនមានជំងឺឆ្លងវិញ ព្រោះមានវ៉ាក់សាំង។ សម្រាប់ឆ្នាំ២០២០ ដែលទើបតែបញ្ជប់ លោកអះអាងថា ជាឆ្នាំដែលប្រជាជនអង់គ្លេសទាំងអស់បង្ហាញនូវស្មារតីរួបរួមគ្នាជាសហគមន៍តែមួយ ហើយលោកកោតសសើរការងាររបស់បុគ្គលិកសុខាភិបាលដែលលះបង់ជីវិតខ្លួនដើម្បីជួយអ្នកដទៃ។
 
ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន
ក្នុងសុន្ទរកថាដែលមានរយៈពេលវែងបំផុតតាំងពីកាន់តំណែងមក ប្រមុខរដ្ឋរុស្ស៊ីថ្លែងអំណរគុណដល់វេជ្ជបណ្ឌិត គ្រូពេទ្យ និងបុគ្គលិកសុខាភិបាលជួរមុខ។ លោកពូទីន ក៏លើកឡើងផងដែរពីឧបសគ្គដ៏ពិបាកក្នុងឆ្នាំ២០២០ដែលរុស្ស៊ីបានជួបប្រទះ។ លោកពូទីន បញ្ចប់សុន្ទរកថាដោយអរគុណពលរដ្ឋរុស្ស៊ីគ្រប់គ្រប់រូប។
 
ប្រធានាធិបតីចិនលោកស៊ី ជីនពីង
ឆ្នាំ២០២១ ជាខួបទី១០០ឆ្នាំនៃការបង្កើតបក្សកុម្មយនីស្តចិន និងការអនុម័តផែនការ៥ឆ្នាំលើកទី១៤របស់បក្ស។ លោកលើកឡើងថា ចិនត្រូវតែមានភាពក្លាហានក្នុងការរក្សាជំហររបស់ខ្លួន និងធ្វើការឲ្យបានប្រសើរជាងមុនក្នុងការបង្ហាញការអភិវឌ្ឍតំបន់ជនបទដ៏អស្ចារ្យរបស់ចិន និងធ្វើដំណើរសន្សឹមៗក្នុងការសម្រេចឲ្យវិបុលភាពរួមគ្នា។ លោក ស៊ី ក៏លើកឡើងផងដែរពីស្នាដៃរបស់ចិនក្នុងការគ្រប់គ្រងជំងឺឆ្លងពេញមួយឆ្នាំមកនេះ ក៏ដូចជាកំណើនសដ្ឋកិច្ចផងដែរ។ លោក ស៊ី និយាយថា មានតែស្ថានការណ៍លំបាកទេ ទើបសេចក្តីក្លាហាន និងភាពតស៊ូលេចចេញជារូបរាង។
 
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
ក្នុងសុន្ទរកថាចុងឆ្នាំ លោក ត្រាំ បានសម្តែងអំណរគុណដល់ភាពក្លាហាន ភាពរឹងមាំ សេចក្តីតស៊ូ ការតាំងចិត្តរបស់ប្រជាជនអាមរិកក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ លោកបានលើកឡើងពីស្នាដៃរបស់ អាមេរិក ក្នុងការអភិវឌ្ឍ និងផលិតវ៉ាក់សាំងក្នុងរយៈពេល៩ខែ។ ខណៈពេលដែលអាមរិកបានចាប់ផ្តើមផ្តល់វ៉ាក់សាំងដល់ពលរដ្ឋខ្លួន លោក ត្រាំ និយាយថា នាពេលខាងមុខអាមេរិកនឹងបញ្ជូនវ៉ាក់សាំងទៅទូទាំងពិភពលោក។
 
មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន
តាមរយៈលិខិតចុះផ្សាយក្នុងសារព័ត៌មានរដ្ឋកូរ៉េខាងជើង លោក គីម ជូនពរគ្រួសារកូរ៉េខាងជើងទូទាំងប្រទេសឲ្យមានសុភមង្គល សេចក្តីស្រឡាញ់ និងសុខភាពល្អ។ លោកក៏អរគុណពលរដ្ឋកូរ៉េខាងជើងផងដែរចំពោះការជឿទុកចិត្ត និងគាំទ្រឥតងាករេ ដល់បក្សពលករកូរ៉េខាងជើងក្នុងពេលវេលាដ៏លំបាកក្នុងឆ្នាំ២០២០៕
 

© រក្សាសិទ្ធិដោយ thmeythmey.com