ជាតិ
សង្គមជាតិ
UNICEF៖ ទារកជិត១០០០នាក់ ចាប់កំណើតនៅកម្ពុជា នាថ្ងៃចូលឆ្នាំសកល២០២១
01, Jan 2021 , 7:59 pm        
រូបភាព
រូបតំណាង៖ Unicef in Cambodia
រូបតំណាង៖ Unicef in Cambodia
ភ្នំពេញ៖ នាថ្ងៃចូលឆ្នាំសកល២០២១ មានទារក-ទារិកាចំនួន៩៧១នាក់ បានចាប់កំណើតនៅកម្ពុជា។ នេះបើតាមការប៉ាន់ប្រមាណរបស់អង្គការយូនីសេហ្វ(UNICEF) ដោយបញ្ជាក់ ថា ទារកទាំងនេះ គឺស្ថិត នៅក្នុងចំណោមទារក-ទារិកាសរុប ៣៧១,៥០៤នាក់ នៅទូទាំងពិភពលោក ដែលបានកើតនៅចំថ្ងៃទី១ ខែមករា ឆ្នាំ២០២១។

 
យូនីសេហ្វ បានព្យាករណ៍ថា ទារក-ទារិកាកម្ពុជាជិត១០០០នាក់នេះ ដែលបានកើតចំថ្ងៃចូលឆ្នាំសកល២០២១ នឹងមានអាយុកាលរស់នៅច្រើនជាងមនុស្សជំនាន់មុនៗ។ អាយុកាលរំពឹងទុក របស់ទារកទាំងនោះ មាន៨១,៨២ឆ្នាំ។ យូនីសេហ្វ បានចាត់ទុកឆ្នាំ២០២១ ដែលជាខួបទី៧៥ឆ្នាំរបស់ខ្លួន គឺជាឆ្នាំដើម្បីគិតគូរសារជាថ្មីអំពីពិភពលោកកាន់តែប្រសើរសម្រាប់កុមារ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានអង្គការយូនីសេហ្វ។ 
 
លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជាបានសូមស្វាគមន៍ទារក-ទារិកាដ៏ស្រស់ស្អាតជិត១,០០០ នាក់ ដែលកើតនៅថ្ងៃចូលឆ្នាំថ្មីនេះ។ លោកស្រី មានប្រសាសន៍ដូច្នេះ៖«ឆ្នាំ២០២០ គឺជាឆ្នាំដ៏សែនលំបាកសម្រាប់ទាំងអស់គ្នា ជាពិសេសសម្រាប់កុមារ។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាបានទទួលជោគជ័យក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងរក្សាចំនួនករណីជំងឺកូវីដ-១៩ ឱ្យនៅទាបជាងបណ្ដាប្រទេសភាគច្រើន ហើយយើងសង្ឃឹមជឿជាក់ថា និន្នាការដូចគ្នានេះ អាចនឹងនៅតែបន្តទៀត»។
 
តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រជាជនកម្ពុជា យូនីសេហ្វ នឹងបន្តគិតគូរសារជាថ្មីអំពីពិភពលោកកាន់តែប្រសើរសម្រាប់កុមារកម្ពុជាក្នុងការចម្រើនវ័យ។ នាយិកាយូនីសេហ្វប្រចាំកម្ពុជារូបនេះ បន្តរៀបរាប់ថា៖«កុមារម្នាក់ៗសមនឹងទទួលបានឱកាស¬¬សម្រេចសក្ដានុពលក្នុងជីវិតរបស់ខ្លួន ហើយយើងសន្យាថា នឹងខិតខំធ្វើការ ដោយមិនខ្លាចនឿយហត់ ដើម្បីឈានទៅសម្រេចគោលដៅនេះនៅក្នុងឆ្នាំខួបទី៧៥ របស់យើង ក៏ដូចជាក្នុងឆ្នាំបន្តបន្ទាប់»។
 
ពិភពលោក បន្តជួបប្រទះនឹងបញ្ហាប្រឈមនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលធ្វើឱ្យធ្លាក់ចុះផ្នែកសេដ្ឋកិច្ច ការកើនឡើងនូវភាពក្រីក្រ និងវិសមភាព។ អង្គការយូនីសេហ្វ  បានបញ្ជក់ថា៖« បញ្ហាទាំងអស់នេះ ទាមទារនូវសកម្មភាពរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមធ្វើការជាមួយកុមារក្នុងការផ្តល់ និងការពារសិទ្ធិរបស់ពួកគេ។ ដូច្នេះ ទើបទារក  ដែលបានចាប់កំណើតក្នុងឆ្នាំ២០២១ និងឆ្នាំក្រោយៗទៀត ទទួលបាននូវឱកាសយុត្តិធម៌ និងស្មើៗភាពគ្នា ដើម្បីរស់រានមានជីវិត និងរីកចម្រើន»។
 
បើតាមទិន្នន័យរបស់អង្គការយូនីសេហ្វ ក្នុងចំណោមទារកប្រុសស្រី ចំនួន៣៧១,៥០៤នាក់ ដែលកើតនៅថ្ងៃចូលឆ្នាំសកល២០២១ គឺមាន១០ប្រទេស ដែលមានទារកកើតច្រើនគេ ដោយស្មើពាក់កណ្តាលនៃចំនួនសរុបនេះ។ 
 
ក្នុងនោះមាន ប្រទេសឥណ្ឌាមានទារកកើតចំថ្ងៃទី១មករា  ឆ្នាំ២០២១ ជិត៦ម៉ឺននាក់, ចិន មានជាង៣,៥ ម៉ឺននាក់, នីហ្សេរីយ៉ា មានជាង២,១ម៉ឺននាក់, ប៉ាគីស្ថាន មានជាង១,៤ម៉ឺននាក់, ឥណ្ឌូនេស៊ី មានជាង១,២ម៉ឺននាក់, អេត្យូពី មានជាង១,២ម៉ឺននាក់, សហរដ្ឋអាមេរិក មានជាង១ម៉ឺននាក់, អេហ្ស៊ីប មានជិត៩,៥ ពាន់នាក់, បង់ក្លាដែស មានជាង៩,២ពាន់នាក់ និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មានជាង៨,៦ពាន់នាក់៕ 
 

Tag:
 ទារក-ទារិកា
  ចូលឆ្នាំសកល
© រក្សាសិទ្ធិដោយ thmeythmey.com