ជាតិ
ចេះលេងឧបករណ៍ភ្លេងជិត២០ប្រភេទ លោក ណូន សុខ ពិការភ្នែកតែមិនពិការចំណេះ
01, Jan 2021 , 10:59 pm        
រូបភាព
លោក ណូន សុខ កំពុង​ច្រៀង​ចាប៉ីដង​វែង ក្នុង​សហគមន៍​ទេសចរណ៍បាគងភូមិ​ខ្ញុំ (រូប​ផ្ដល់​ឱ្យ)
លោក ណូន សុខ កំពុង​ច្រៀង​ចាប៉ីដង​វែង ក្នុង​សហគមន៍​ទេសចរណ៍បាគងភូមិ​ខ្ញុំ (រូប​ផ្ដល់​ឱ្យ)
ភ្នំពេញ៖ ដោយក្ដីតស៊ូ អំណត់ព្យាយាម បូកផ្សំនឹងទេពកោសល្យពីកំណើតផង បានធ្វើឱ្យលោក ណូន សុខ ដែលពិការភ្នែកទាំងសងខាងតាំងពីកំណើតនោះ ចេះលេងឧបករណ៍ភ្លេងបុរាណខ្មែរជិត២០ប្រភេទ។ បន្ថែមពីនោះ លោកក៏ចេះស្មូត្រ ចេះច្រៀងមហោរី ច្រៀងភ្លេងការ និពន្ធកំណាព្យ និងចេះនិពន្ធបទចម្រៀងខ្លះផងដែរ។ តើដំណើរជីវិតក្នុងភាពអន្ធិកា លើក្បូនតន្ត្រីបុរាណរបស់លោក ណូន សុខ ដែលមានវ័យ៣៨ឆ្នាំ ជួបឧបសគ្គអ្វីខ្វះ?


 
ដើម្បីជ្រាបច្បាស់ សូមអស់លោក លោកស្រី អ្នកនាងកញ្ញា អញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយក្ដីសោមនស្សរីករាយ៖




 
អង្គុយលើកៅអីថ្មក្រោមដើមមៀនធំមួយ នៅខាងជើងព្រះវិហារក្នុងវត្តឧណ្ណាលោម លោក ណូន សុខ ដែលពាក់អាវអាចារ្យពណ៌សកមូល កំពុងកូតទ្របទថ្មីដែលលោកទើបតែនិពន្ធក្នុងទំនុកតម្អូញ។ កើតក្នុងគ្រួសារដែលមានជីវភាពទីទាល់ក្រ មានអំពើហឹង្សា ខ្វះការយកចិត្តទុកដាក់ និងមិនមានការលើកទឹកចិត្តតាំងតែពីតូច លោក ណូន សុខ បច្ចុប្បន្នចេះលេងឧបករណ៍ភ្លេង ខ្លុយ ស្រឡៃតូច ស្រឡៃធំ ទ្រសោ ទ្រអ៊ូ ទ្រឆេ ឃឹម តាខេ រនាតឯក រនាតធុង រនាតដែក គងវង់តូច គងវង់ធំ ស្គរសំភោរ ស្គរធំ អង្កួច គែន ភ្លយ និងប៉ីពក។ 
 
មានស្រុកកំណើតនៅខេត្តសៀមរាប បុរសសម្បុរសមាឌធាត់ ដែលមានអាយុ៣៨ឆ្នាំរូបនេះ បច្ចុប្បន្នអាចទៅលេងភ្លេងបានតែក្នុងពិធីបុណ្យសពភាគច្រើន៖«បុណ្យភាគច្រើនដែលអាចទៅលេងបាន គឺបុណ្យសព។ ក្នុងអំឡុងខែ១០ ឬ១១នេះ អត់ទាន់ឃើញមានបុណ្យបច្ច័យបួន ឬបុណ្យអ្វីផ្សេងដែលគេត្រូវរកភ្លេងទេ។ អ៊ីចឹងបុណ្យដែលឧស្សាហ៍បានទៅលេងច្រើនជាងគេហ្នឹង គឺបុណ្យសពលេងភ្លេងកន្ទ្រាំមីង។ ហើយមួយរយៈកាលនេះ ខ្ញុំបានទៅច្រៀងចាប៉ីនៅសហគមន៍ទេសចរណ៍នៅខាងបាគង អ៊ីចឹងក៏បានចំណូលខ្លះ គ្រាន់ទប់ទល់ជីវភាព ថ្លៃភ្លើង និងថ្លៃអ្វីផ្សេងទៀត»។ រូប១



មិនត្រឹមតែចេះលេងឧបករណ៍ភ្លេងប្រមានជិត២០ប្រភេទប៉ុណ្ណោះទេ ប៉ុន្តែលោក ណូន សុខ ក៏អាចនិពន្ធកំណាព្យ និពន្ធបទចម្រៀងបានភ្លាមៗ នៅពេលដែលលោកពើបប្រទះនឹងរឿងអ្វីមួយ ចេះច្រៀងមហោរី ច្រៀងភ្លេងការ និងចេះស្មូត្រផងដែរ៖«ខ្លួនខ្ញុំម្នាក់ឯង បើនិយាយពីលេងភ្លេង ខ្ញុំអាចបានក្នុងមួយរោង គិតមួយយប់មួយថ្ងៃ ពី៨ម៉ឺនរៀល ទៅ៩ម៉ឺនរៀលដែរ។ ហើយជួនកាលលេងកន្ទ្រាំមីងពេលខ្លះ បាន២០ម៉ឺនរៀល។ ពេលស្មូតហ្នឹង គឺមិនមានគេហៅទេ ប៉ុន្តែនឹកឃើញថា ទៅលេងកន្ទ្រាំមីងបុណ្យសព ចេះស្មូតហើយក៏ស្មូតទៅ។ បំណងដែលស្មូត កំដរបុណ្យ បង្ហាញអក្សរស្ទាប(អក្សរពិការភ្នែក) ឱ្យទៅមហាជនបានស្គាល់ ថាអ្នកពិការភ្នែកបានរៀន។ ទី៣ចេះហើយ បើមិនយកមកប្រើប្រាស់ នឹងឥតប្រយោជន៍ ទី៤ស្រឡាញ់»។
 
តាមពិតទៅបើគិតពីពហុជំនាញដែលតន្ត្រីកររូបនេះមានក្នុងខ្លួន ល្មមអាចយកទៅរកប្រាក់ចិញ្ចឹមជីវិតបានសមរម្យដែរ ប៉ុន្តែរនាំងដ៏ធំមួយ ដែលធ្វើឱ្យលោកត្រូវបានអ្នកនៅក្នុងអាជីពដូចគ្នាថ្នាំងថ្នាក់ចិត្តនោះ គឺបញ្ហាការមិនព្រមសម្របខ្លួនទៅក្នុងរបត់សង្គមបច្ចុប្បន្ននៅផ្នែកខ្លះ៖«មុខរបរអាជីពអ្នកភ្លេងរបស់ខ្ញុំហ្នឹង បើឱ្យដូចគេអ្នកភ្នែកភ្លឺ មិនបានទេ ប៉ុន្តែគួរសមដែរ។ អ្នកភ្នែកភ្លឺមានឱកាសច្រើនក្នុងការដើរលេងភ្លេង ព្រោះអាចជិះម៉ូតូទៅឆ្ងាយ ឬបើគេហៅទៅច្រៀងចាប៉ីនៅខេត្តនេះខេត្តនោះអី មិនចាំបាច់មនុស្សទៅជាមួយ។ រឿងខ្លះគឺខ្ញុំមិនទៅតែម្ដង ដោយសាររកមនុស្សមិនបានទៅ មួយទៀតអ្នកភ្លេងក្រុមផ្សេងទៀត ដែលគេពិបាកនឹងហៅខ្ញុំទៅ ព្រោះគេដឹងថាខ្ញុំស្អប់ការឱ្យលុយទឹកតែហ្នឹង»។
 
ទោះជាយ៉ាងណាក៏ដោយ ការបដិសេធនេះ ក៏មិនធ្វើឱ្យលោកអស់ផ្លូវដើរដែរ។ អ្នកភ្លេងខ្លះដែលយល់ពីអារម្មណ៍មួយនេះ នៅតែអាចធ្វើការជាមួយលោកបាន បើទោះបីជាគេឃ្នើសចិត្តនឹងលោកបន្តិចក្ដី៖«ប្អូន សាមឿត មុននឹងគេទទួលភ្លេង គេសួរខ្ញុំសិន ថាបងគេស៊ីប៉ុណ្ណេះ គេចង់បានបងឯង ប៉ុន្តែគេសុំយកប៉ុណ្ណេះ តើបងឯងទៅឬអត់? បើខ្ញុំថាអត់ទៅជួនកាលគេអាចអត់ទទួល ថ្វីដ្បិតតែខ្ញុំត្រូវបានគេខឹង ត្រូវបាន សាមឿត អន់ចិត្តខ្លះ ប៉ុន្តែធ្វើម្ដេច បើខ្ញុំមិនពេញចិត្តបែបហ្នឹង។ ប្រសិនបើគេរកភ្លេង ខ្ញុំមានថែមចាប៉ី ខ្ញុំមានថែមគែនឱ្យគេ»។ រូប២


 
មិនមានប្រាក់សន្សំសម្រាប់ទុកព្យាបាលជំងឺទៅថ្ងៃក្រោយ ហើយក៏មិនមានប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំខែពេញបរិបូរ លោក សុខ ដែលបច្ចុប្បន្នមានអាយុ៣៨ឆ្នាំ ត្រូវរស់មួយថ្ងៃគិតមួយថ្ងៃ៖«គេចង់បានខ្ញុំទៅលេងភ្លេង ចង់បានខ្ញុំទៅស្មូតនៅកន្លែងគេដែរ ប៉ុន្តែទាស់ត្រង់ចំណុចមួយ ត្រង់ថាខ្ញុំមិនងាយនឹងសម្រប។ អ៊ីចឹងហើយ ពេលខ្លះខ្ញុំដាច់លុយសោះតែម្ដង។ បើសិនជាខ្ញុំនៅភ្នំពេញ ខ្ញុំអាចខ្ចីលុយគេទម្រាំមានឱកាសបានលេងភ្លេងបានសងគេវិញ។ ប៉ុន្តែនៅទីនេះ(នៅស្រុកកំណើត) ប្រសិនបើខ្វះខាតអី ខ្ញុំអាចហូបជាមួយក្មួយជាមួយបង ជាមួយម៉ែប៉ុន្តិចៗ ទម្រាំបានមានរោងលេង»។ 
 
ខ្លុយគឺជាឧបករណ៍ភ្លេងបុរាណខ្មែរដំបូងគេបង្អស់ ដែលលោក ណូន សុខ បានកាន់ ស្ទាប និងផ្លុំ ហើយក៏បំពង់ឫស្សីមួយនេះដែរ ដែលជួយឱ្យលោកងើបចេញពីជីវិតជាអ្នកសូមទាន ឈានជើងទៅរកការសិក្សារៀនសូត្រក្នុងសាលាបានត្រឹមត្រូវ។ បុរសពិការភ្នែក ដែលមានវាសនាខ្ពស់ជាងបងប្អូន៤នាក់ផ្សេងទៀត ដែលមានភ្នែកភ្លឺ តែមិនបានចូលសាលា បានប្រាប់ពីការរៀនឧបករណ៍ភ្លេងដំបូងដូច្នេះ៖«ខ្ញុំទៅសូមទានអង្ករគេ ហើយបានខ្លុយពីការសុំគេ ហើយក៏មកផ្ទះហូបបាយរួច ខ្ញុំក៏ទៅសុំលោកគ្រូម្នាក់ គាត់ជាអ្នកលក់អេតចាយ ប៉ុន្តែគាត់ចេះផ្លុំខ្លុយ បទនារសារអង់អាច។ ខ្ញុំក៏យកខ្លុយទៅបង្ហាញគាត់ ហើយសុំគាត់រៀន គាត់ក៏អង្គុយពីក្រោយចាំប្រាប់ម្រាមមួយៗ»។
 
កើតក្នុងខេត្តសៀមរាប មានម្ដាយជាស្ត្រីម៉េម៉ាយ ប្រកបរបរឆ្កឹះសរសៃតាមបែបបុរាណ លោក ណូន សុខ បានចេញផុតពីភាពអវិជ្ជា នៅពេលដែលលោកបានជួបជាមួយប្រធានអង្គការគ្រួសារថ្មី កាលពីប្រមាណ៣០ឆ្នាំមុន គឺនៅគ្រាដែលលោកទៅសូមទាននៅមុខប្រាសាទអង្គរវត្ត។ នៅក្នុងអង្គការនេះ  លោកបានសិក្សាចំណេះដឹងទូទៅ និងរៀនភ្លេងបុរាណខ្មែរតាមបច្ចេកទេសត្រឹមត្រូវ៖«ពីដំបូងដែលគ្រូគាត់បង្រៀន ស្គាល់សំឡេងឧបករណ៍នីមួយៗ ឧទាហរណ៍ថារនាត ខ្ញុំស្គាល់ថាសំឡេងហ្នឹងផ្លែទីប៉ុន្មាន បើនិយាយពីណោតសម័យវិញ ស្ដាប់ទៅដឹងថា បើរនាតគេចេញពីឡា ឬគេចេញពីដូទៅ ឃឹមក៏ដូចគ្នាដែរ គឺខ្ញុំស្ដាប់ដឹង អ៊ីចឹងមិនសូវជាពិបាកទេ។ ចំពោះម្រាម ចាប់ទ្រអីហ្នឹងក៏មិនអីដែរ តែសំខាន់គឺសាច់បទ»។ រូប៣


 
លោក ណូន សុខ បន្ថែម៖«បើសាច់បទហ្នឹងខ្លី ហើយងាយ គឺឆាប់យល់ ក៏ឆាប់ចាប់បាន។ ប៉ុន្តែបើសាច់បទហ្នឹងវារៀងស្មុគស្មាញពេក ដូចជាបទភ្លេងការមួយ ដែលឈ្មោះថាបទ ស្ដេចផ្ទំ ហ្នឹង សាច់វារៀងរញ៉េរញ៉ៃបន្តិច ដល់អ៊ីចឹងពិបាកចាប់។ បើត្រឹមបទបន្ទាយប្រាសាទអី មិនពិបាកចាប់ទេ។ នៅពេលដែលលេងមានខុសដែរ ផ្លុំស្រឡៃហ្នឹងក៏ដោយ ក៏មានភ្លាត់ ជួនកាលភ្លាត់ដោយការដាក់ខ្យល់ជ្រុល ជួនកាលចាប់ម្រាមខុស ជួនកាលសប្បាយ ជួនកាលជោរនឹងសំឡេងស្រឡៃដែលខ្លួនធ្វើកើត ជួនកាលដាក់ម្រាបខុសក៏មាន វៃរនាតដូចគ្នា»។
ចំពោះការរស់នៅក្នុងរាជធានីភ្នំពេញ លោក ណូន សុខ សុំវត្តឧណ្ណាលោមស្នាក់នៅ។ ចំណែកការទទួលទានអាហារ ពេលព្រឹកនឹងពេលថ្ងៃត្រង់ លោកមិនសូវជួបបញ្ហាឡើយ ព្រោះមានអាហារសល់ពីចង្ហាន់ព្រះសង្ឃ។ ដោយឡែកនៅពេលល្ងាច ភាគច្រើនលោកមិនបានទទួលទានអាហារឡើយ ព្រោះលោករកអ្នកជួយទិញឱ្យមិនបាន៕
  
 

Tag:
 ណូន សុខ
  ភ្លេង
  តន្ត្រី
  សិល្បៈ
  ពិការភាព
  ចំណេះ
 
© រក្សាសិទ្ធិដោយ thmeythmey.com