ជាតិ
សង្គមជាតិ
ស្ថាប័នជំនាញ ស្នើឲ្យអ្នកលេង TikTok ឈប់បង្កើតវីដេអូនិងប្រើពាក្យអាសអាភាស
01, Jan 2021 , 5:59 pm        
រូបភាព
រូបពី AFP
រូបពី AFP
ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ អំពាវនាវឲ្យអ្នកប្រើប្រាស់បណ្ដាលសង្គម TikTok បញ្ឈប់ការបង្កើតវីដេអូ ដែលមានរូបភាពឬកាយវិការអាសអាភាស រួមទាំងការប្រើពាក្យពេចន៍អសីលធម៌។ នាយកដ្ឋានព័ត៌មាន អះអាងថា ការប្រព្រឹត្តបែបនេះ អាចបង្កឲ្យខ្លួនឯងក្លាយជាជនល្មើសនៃបទល្មើសណាមួយ ដោយពុំបានដឹងខ្លួន។

 
កាលថ្ងៃទី៣០ធ្នូ ២០២០ នាយកដ្ឋានព័ត៌មានវិទ្យាបានចេញផ្សាយលើទំព័រហ្វេសប៊ុកថា TikTok កំពុងពេញនិយមខ្លាំង នៅកម្ពុជា។ ទន្ទឹមនឹងនេះ នាយកដ្ឋានព័ត៌មានវិទ្យា កត់សម្គាល់ឃើញថា អ្នកប្រើប្រាស់ TikTok មួយចំនួន បានព្យាយាមបង្កើតវីដេអូត្រាប់សំឡេង ឬការបញ្ចេញការវិការកំប្លែង ដោយគ្មានក្រមសីលធម៌សង្គម ហើយលើពីនេះ មានអ្នកខ្លះ គឺបានបង្កើតវីដេអូអាសអាភាស។ 
 
នាយកដ្ឋានព័ត៌មានវិទ្យា បន្តថា អ្នកប្រើប្រាស់កម្មវិធីនេះមួយចំនួនទៀត បង្កើតវីដេអូក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្ខូចកិត្តិយសអ្នកដទៃ និង បង្កឲ្យមានចលាចលសង្គម។ នាយកដ្ឋានព័ត៌មានវិទ្យា បានដាស់តឿនដល់អ្នកប្រើប្រាស់ទាំងអស់ ឲ្យបញ្ឈប់សកម្មភាពខុសឆ្គងខាងលើនេះ ជៀសវាងក្លាយខ្លួនជនល្មើសដោយមិនដឹងខ្លួន។ 
 
ស្ថាប័នជំនាញផ្នែកព័ត៌មានវិទ្យាមួយនេះ បញ្ជាក់ដូច្នេះថា៖«សូមក្រើនរំលឹកដល់អ្នកលេងកម្មវិធីបណ្តាញសង្គម TikTok មេត្តាបញ្ឈប់សកម្មភាពខុសឆ្គង ដូចបានរៀបរាប់ខាងលើ ព្រោះទង្វើទាំងនេះអាចធ្វើឲ្យខ្លួនក្លាយជាជនល្មើសនៃបទល្មើសណាមួយ ដោយពុំបានដឹងខ្លួន»។ 
 
កន្លងមក យុវជនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំ បន្ទាប់ពីរូបគេ ចេញវីដេអូខ្លីក្នុង TikTok ដោយនិយាយថា «យើង នឹងកម្ទេចប្រទេសកម្ពុជាតាម Tik Tok...»៕
 

Tag:
 សង្គម
  TikTok
© រក្សាសិទ្ធិដោយ thmeythmey.com