ជាតិ
អ្នកស្រី ម៉ៅ ស៊ីថា តាំងចិត្ត​ដឹកនាំ​សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយរៀង​ឲ្យ​បោះជំហាន​ទៅមុខ​
02, Jan 2021 , 8:59 am        
រូបភាព
 អ្នកស្រី ម៉ៅ ស៊ីថា (អាវបៃតង)
អ្នកស្រី ម៉ៅ ស៊ីថា (អាវបៃតង)
ដោយ:
​ភ្នំពេញ​៖ អ្នកស្រី ម៉ៅ ស៊ីថា គឺជា​ប្រធាន​សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយរៀង តាំងពី​ឆ្នាំ​២០១១​មក ពោល​គឹ​តាំង​សហគមន៍​នេះ ត្រូវបាន​បង្កើតឡើង​ម្ល៉េះ​។ ប្រធាន​សហគមន៍ វ័យ​៤៩​ឆ្នាំ​រូបនេះ អះអាង​ប្រាប់ Thmeythmey25 តាម​ទូរ​សព្ទ​ថា ដំបូង​ឡើយ​រូបគាត់​ក៏​ជា​កសិករ​ធម្មតា​មួយរូប​ដែរ ហើយ​ការ​ក្លាយទៅជា​ប្រធាន​សហគមន៍​នេះ គឺជា​អ​ម្រែ​ក​ដ៏​ធ្ងន់​មួយ​សម្រាប់​អ្នកស្រី​។ ទោះយ៉ាងណា អ្នកស្រី ម៉ៅ ស៊ីថា មិន​បោះបង់ ហើយ​រឹតតែ​តស៊ូ​ជម្នះ​បាន​នូវ​ឧ​ប​ស្គ​នៅក្នុង​ការងារ​របស់ខ្លួន ព្រោះ​អ្នកស្រី ចង់​ផ្តល់ឱកាស​ដល់​ស្ត្រី​ក្នុង​សហគមន៍​ផ្សេងទៀត​បាន​ចូលរួម​ក្នុង​សហគមន៍ និង​ក្លាយជា​អ្នកដឹកនាំ​ដូច​បុរស​។​

 
​បច្ចុប្បន្ន សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយរៀង គឺជា​អ្នកសម្របសម្រួល​កសិផល​របស់​កសិករ​ចំនួន ៣៣៨​គ្រួសារ នៅ​ភូមិ​ព្នៅ ឃុំ​តា​លួស ស្រុក​ស្វាយ ខេត្តស្វាយរៀង​។ ស្ត្រី​វ័យ​៤៩​ឆ្នាំ​រូបនេះ អះអាងថា រយៈពេល​១០​ឆ្នាំ ទទួលបាន​បទពិសោធ​ច្រើន ពិសេស​ការផ្ដល់​ឱកាស​ឲ្យ​ស្ត្រី​មាន​ចូលរួម​ក្នុង​សហគមន៍ និង​ក្លាយជា​អ្នកដឹកនាំ​ដូច​បុរស​។​
 
​សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយរៀង បាន​បង្កើត​នៅ​អំឡុង​ខែតុលា ឆ្នាំ​២០១១ និង​ដើរតួនាទី​សម្របសម្រួល​កសិផលរ​បស់​គ្រួសារ​កសិករ ៣៣៨​គ្រួសារ នៅ​ភូមិ​ព្នៅ ឃុំ​តា​លួស ស្រុក​ស្វាយ ខេត្តស្វាយរៀង​។ អ្នកស្រី ម៉ៅ ស៊ីថា ជា​ប្រធាន​សមាគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយរៀង តាំង​ពីថ្ងៃ​បង្កើត​សហគមន៍​មកម្ល៉េះ​។ ការ​ក្លាយជា​ប្រធាន​សហគមន៍ មិនមែនជា​រឿង​ងាយ​ទេ សម្រាប់​ស្ដ្រី​វ័យ ៤៩​ឆ្នាំ​រូបនេះ ដោយ​ត្រូវ​រង​ការរិះគន់​ពី​មជ្ឈដ្ឋាន​ជុំវិញ​ព្រោះ​ជា​ស្ដ្រី​។ 


 
​ការរិះគន់​ពី​អ្នក​រួម​ការងារ ក្លាយជា​សម្ពាធ​របស់​អ្នកស្រី ម៉ៅ ស៊ីថា រហូត​ចង់​បោះបង់​តំណែង​នេះ​ម្ដងៗ ប៉ុន្តែ​ដោយ​ចិត្ត​ស្រលាញ់ ទើប​អ្នកស្រី​មិន​បោះបង់​។ សម្រាប់​អ្នកស្រី ពិតជា​មានការ​លំបាក ព្រោះ​ត្រូវ​ទទួលបន្ទុក​ការងារ​ផង និង​ត្រូវបំពេញ​តួនាទី​ជា​ម្ដាយ និង​ប្រពន្ធ​ផង​។ អ្នកស្រី ម៉ៅ ស៊ីថា បាន​ប្រាប់​ThmeyThmey25 យ៉ាង​ដូច្នេះ​៖«​ចាប់ធ្វើ (​ប្រធាន​សហគមន៍​) ដំបូងៗ ចង់តែ​បោះបង់​ម្ដងៗ ព្រោះ​អ្នក​រួម​ការងារ​ជា​បុរស មិនសូវ​ឲ្យ​តម្លៃ គេ​ថា​ជា​មនុស្ស​ស្រី​មិនគួរ​ធ្វើជា​អ្នកដឹកនាំ​។ ក្រៅពី​ហ្នឹង យើង​ក៏​កាត់បន្ថយ​ពេលវេលា​ជាមួយ​គ្រួសារ​ទៀត​»​។​
 
​ដ្បិត​មាន​ឧបសគ្គ ក៏​ពិតមែនតែ​ស្ត្រី​រូបនេះ មិន​ចុះចាញ់​ហើយក៏​មិន​ព្រម​បោះបង់​ដែរ ព្រោះតែ​ស្រលាញ់​ការងារ​ក្នុង​សហគមន៍​។ មុន​ក្លាយជា​ប្រធាន​សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយរៀង អ្នកស្រី ម៉ៅ ស៊ីថា ក៏​ជា​កសិករ​មួយរូប​ដែរ​។ ក្នុងនាម​ជា​ប្រធាន​សហគមន៍​អ្នកស្រី បាន​ឲ្យ​ដឹងថា កន្លងមក​សហគមន៍​បានធ្វើ​សកម្ម​ដូចជា រក​ទីផ្សារ​ឲ្យ​កសិករ ណែនាំ​កសិករ​ឲ្យ​ដាំ​បន្លែ​សុវត្ថិភាព និង​ផ្ដល់​អ្នកជំនាញ​ចុះ​បង្រៀន ពី​បច្ចេកទេស​ដាំ​ដុះ​ដល់​សមាជិក​សហគមន៍​។​
 
​រយៈពេល​១០​ឆ្នាំ ជា​អ្នកគ្រប់គ្រង​សហគមន៍​ធ្វើ​ឲ្យ​អ្នកស្រី ម៉ៅ ស៊ីថា ទទួលបាន​បទពិសោធ​ច្រើន ពិសេស​ការផ្ដល់​ឱកាស​ឲ្យ​ស្ត្រី​មាន​ចូលរួម​ក្នុង​សហគមន៍ និង​ក្លាយជា​អ្នកដឹកនាំ​ដូច​បុរស​។ ដ្បិត​ការចាប់ផ្ដើម​ជា​អ្នកដឹកនាំ​របស់​អ្នកស្រី ម៉ៅ ស៊ីថា មិនសូវមាន​ការពេញចិត្ត​ពី​អ្នកដទៃ​ពិតមែន តែ​តាមរយៈ​ការបង្ហាញ​ស្នាដៃ​ការងារ​កន្លងមក​បាន​ធ្វើ​ឲ្យ​សមាជិក​សហគមន៍​គាំទ្រ​អ្នកស្រី​ធ្វើជា​ប្រធាន​សហគមន៍​រយៈពេល​២ អាណត្តិ​មកហើយ​។​


អ្នកស្រី ម៉ៅ ស៊ីថា (អាវលឿង) និងសមាជិកសហគមន៍ 

​ប្រធាន​សហគមន៍​រូប​នេះ​បាន​ប្រាប់ Thmeythmey25 ថា​ទីផ្សារ​ធំ​សម្រាប់​កសិផល​ក្នុង​សហគមន៍​គឺ​ផ្គត់ផ្គង់​ទៅ​រាជធានី​ភ្នំពេញ និង​ផ្គត់ផ្គង់​កាស៊ីណូ​ក្នុង​ខេត្តស្វាយរៀង​ផ្ទាល់​ក្នុង​មួយ​សប្ដាហ៍ ២​ដង​និង​ក្នុង​បរិមាណ ៨០០-១ ០០០​គីឡូ​។ ដោយឡែក​ស្ថិតក្នុង​វិបត្តិ​កូ​វីដ​-១៩ នេះ​ខាង​កាស៊ីណូ​តម្រូវ​ឲ្យ​សហគមន៍​ផ្គត់ផ្គង់​ត្រឹម ២០០​គីឡូ​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍​។ ដ្បិត​មិន​បង្ហាញ​ពី​តម្លៃ​តែ​អ្នកស្រី​ប្រធាន​សហគមន៍​ថា​តម្លៃ​កសិផល​ទាំងនោះ​ស្របទៅតាម​ទីផ្សារ​។ អ្នកស្រី​បន្តថា​មុន​កសិករ​ចូល​ជា​សមាជិក​របស់​សហគម​ន៍​ពួកគាត់​ត្រូវ​ដឹក​លក់​កសិផល​ទាំងនោះ​លក់​នៅតាម​ភូមិ ដែលជា​ការលំបាក​ព្រោះ​ពេលខ្លះ​កសិផល​ពួកគាត់​លក់​អស់ ហើយ​មានពេលខ្លះ​ក៏​លក់​មិន​អស់​។​
 
​បច្ចុប្បន្ន​សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយរៀង​ត្រូវ​ប្រើប្រាស់​ទឹក​អណ្ដូង​សម្រាប់​ស្រោចស្រព​នៅឡើយ​ដូច្នេះ​ជា​ផែនការ​បន្ទាប់​របស់​ស​ហគ​មន៍​បង្កើត​បណ្ដាញ​ទឹកស្អាត ដើម្បី​ផ្គត់ផ្គង់​ដល់​ការស្រោចស្រព​។ បន្ថែម​លើ​នោះ ប្រធាន​សហគមន៍​ស្ដ្រី​រូបនេះ​ក៏​នឹង​បង្កើន​ឱកាស​ទីផ្សារ​ដល់​កសិករ​ផងដែរ​៕
  

Tag:
 ម៉ៅ ស៊ីថា​
  ស្វាយរៀង​
  សហគមន៍​កសិផល​ស្វាយរៀង​
© រក្សាសិទ្ធិដោយ thmeythmey.com