ជាតិ
​​​ន​យោ​បាយ​ជាតិ​
យន្តហោះផ្អាកហោះហើរ អ្នកស្រី មូរ សុខហួរ ត្រូវលើកពេលចូលកម្ពុជា នៅថ្ងៃ១៥មករាវិញ
02, Jan 2021 , 10:35 am        
រូបភាព
អ្នកស្រី មូរ សុខហួរ ស្ថិតក្នុងកិច្ចសម្ភាសមួយ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីខែតុលា ឆ្នាំ២០២១៧ (រូបពី AFP)
អ្នកស្រី មូរ សុខហួរ ស្ថិតក្នុងកិច្ចសម្ភាសមួយ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីខែតុលា ឆ្នាំ២០២១៧ (រូបពី AFP)
អ្នកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ មិនអាចដឹកនាំប្រតិភូ វិលចូលកម្ពុជា តាមការគ្រោងទុក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១នោះទេ។ មូលហេតុ គឺដោយសារតែយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ EVA Airway ដែលអ្នកស្រី និងប្រតិភូអមអ្នកស្រី ត្រូវជិះចេញពីអាមេរិក បានផ្អាកការហោះហើរ។



អតីតគណបក្សសង្គ្រោះជាតិ បានជូនដំណឹងថា អ្នកស្រី មូរ សុខហួរ និងប្រតិភូអមអ្នកស្រី ត្រូវលើកពេលវិលចូលកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១វិញ តាមយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Singagore Airlines។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញពីក្រៅប្រទេស នៅថ្ងៃទី២ ខែមករា អតីតគណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ក្នុងករណីយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ Singagore Airlines ដែលត្រូវហោះចេញពីអាមេរិក នៅថ្ងៃទី១៥ ខែមករា មិនមានការប្រែប្រួល អ្នកស្រី មូរ សុខហួរ និងប្រតិភូ នឹងមកដល់ព្រលានយន្តហោះភ្នំពេញ នៅល្ងាចម៉ោង៥និង៣៥នាទី នាថ្ងៃទី១៧ ខែមករា។

អ្នកស្រី មូរ សុខហួរ ដែលត្រូវបានចាត់តាំងឲ្យធ្វើជាអ្នកដឹកនាំដំណើរមាតុភូមិនិវត្ត បានបង្ហោះសារលើទំព័រហ្វេសប៊ុក សុំការយោគយល់ចំពោះការផ្លាស់ប្តូរពេលវេលានៃការធ្វើមាតុភូមិនិវត្តរបស់អ្នកស្រី និងថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង។

គម្រោងមាតុភូមិលើកទី២នេះ មិនមានវត្តមានរបស់លោក សម រង្ស៊ី ដែលជាប្រធានអតីតគណបក្សប្រឆាំងឡើយ ដូច្នេះ ទើបអតីតគណបក្សប្រឆាំង ចាត់តាំងអ្នកស្រី មូរ សុខហួរ ជាអនុប្រធាន ឲ្យដឹកនាំការធ្វើមាតុភូមិនិវត្ត។ គម្រោងលើកទី១ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង កំណត់ថាចូលកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តែមិនសម្រេចដូចបំណង។ 

លោក សម រង្ស៊ី ចោទរដ្ឋាភិបាលកម្ពុជាថា មិនហ៊ានឲ្យលោកចូលស្រុក ទើបហាមក្រុមហ៊ុនយន្តហោះ មិនឲ្យដឹកលោក។ តែរដ្ឋាភិបាល តបវិញថា លោក សម រង្ស៊ី មិនហ៊ានចូលស្រុកដោយខ្លួនឯង៕ 


Tag:
 មូរ សុខហួរ
  មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com