ជាតិ
​អ្នក​ចិញ្ចឹម​ចៀម​នៅ​ព្រៃនប់ ណែនាំ​ពី​វិធី​ចិញ្ចឹម​ឲ្យ​បាន​ផល និង​ការទប់ស្កាត់​ជំងឺឆ្លង​
02, Jan 2021 , 2:39 pm        
រូបភាព
​លោក ឃឹម សន ជា​អ្នក​ចិញ្ចឹម និង​មើលថែ​ចៀម ជាង​៩០០​ក្បាល នៅ​កសិដ្ឋាន​មួយ ដែលមាន​ទីតាំងនៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ លោក ឃឹម សន បាន​ប្រាប់​សារព័ត៌មាន Thmeythmey25 ថា​សត្វ​ចៀម ជា​សត្វ​ងាយស្រួល​ចិញ្ចឹម និង​ងាយ​ស៊ី​ចំណី តែ​ត្រូវ​មើលថែ​ឱ្យបាន​ល្អ ព្រោះ​បើ​វា​មាន​ជំងឺ​នឹង​អាច​ឆ្លង​ងាប់​ត​គ្នា​។ ដើម្បី​ចិញ្ចឹម​ចៀម បាន​ជោគជ័យ ត្រូវ​គិតពី​កត្តា​៣​គឺ​ចំណី ការមើល​ថែកូន និង​ជំងឺ​។ នេះ​បើតាម​លោក ឃឹម សន ដែលជា​អ្នក​មើលថែ​សត្វ​ចៀម ដែល​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​យក​សាច់ ជិត​១​ឆ្នាំ​មកហើយ​។



​ក្នុង​បទ​សម្ភាស​ជាមួយ​សា​ព័ត៌មាន ThmeyThmey25 តាម​ទូរ​សព្ទ លោក ឃឹម សន បានឱ្យដឹងថា ចៀម​ជាស​ត្វ​ដែល​ងាយស្រួល​ចិញ្ចឹម ដូច​គោ ក្របី ដែរ ប៉ុន្តែ​អ្នក​ចិញ្ចឹម ត្រូវ​គិតពី​កត្តា​បី គឺ​ចំណី ការមើល​ថែកូន និង​ជំងឺ​។ 


 
​លោក​បន្តថា សត្វ​ចៀម​ស៊ី​ស្មៅ​ជា​អាហារ ដូចនេះ​ពេល​រដូវប្រាំង ត្រូវ​ត្រៀម​ស្មៅ​បម្រុង​ទុក​ឱ្យបាន​គ្រប់គ្រាន់ ដូច​ខែវស្សា​ដែរ​។ « វា​ស៊ី​តែ​ស្មៅ ពេល​ខែប្រាំង​ស្មៅ​យើង​មិនមាន អីចឹង​យើង​ត្រូវ​ត្រៀម​ស្មៅ​ទុក​ដល់​ខែប្រាំង ដូចជា​យើង​ដាំ​ស្មៅ​បន្ថែម ឬ​ត្រៀម​ចំបើង​ទុក​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឃឹម សន​។ 
 
​ចៀម អាច​ពពោះ​ពីរដង​ក្នុង​មួយឆ្នាំ ហើយ​ការ​ពពោះ​នេះ អាចមាន​កូន​មួយ​ឬ​ពីរ ដូចនេះ​អ្នក​ចិញ្ចឹម​ត្រូវ មើលថែ​កូន​ចៀម​ឱ្យបាន​ល្អ ព្រោះ​ចៀម​ខ្លះ​មានកូន​លើកទីមួយ មិនសូវ​ឱ្យ​កូនបៅ​នោះទេ ហើយ​កាលណា​យើង​មិនឱ្យ​កូន​វា​បៅ​គ្រប់គ្រាន់​នឹងធ្វើ​ឱ្យ​បាក់​ទឹកដោះ​។  
 
​បើតាម​អ្នក​ចិញ្ចឹម​ចៀម​នៅ​ខេត្ត​ព្រះសីហនុ​រូបនេះ ជំងឺ ជា​កត្តា​ដែល​គួរឱ្យ​បារម្ភ​ជាងគេ ព្រោះ​បើ​ចៀម កើត​ជំងឺ​អាសន្នរោគ ដូចជា​អុតក្ដាម ឬ​ជំងឺសា​ទឹក នឹង​អាចធ្វើឱ្យ​ងាប់​ត​គ្នា​។ លោក ឃឹម សន បាន​រៀបរាប់​ដូច្នេះ​ថា​៖ «​ថែទាំ​សំខាន់​គឺ​ថ្នាំ ត្រូវ​មើល​ឱ្យដឹងថា​ចៀម​វា​កើត​ជំងឺ​អី​គេ​?  អីចឹង​បាន​យើង​ចាក់​វ៉ាកសាំង​ត្រូវ ។ ធម្មតា​វ៉ាក់សាំង​មិនមែន​ឃើញ​អាកា​រហើយ​បាន​ចាក់​ទេ គឺ​យើង​ត្រូវ​ចាក់​ការពារ​មុន​។ បើ​រោគ​ប្រចាំថ្ងៃ ដូចជា​ស៊ី​ស្មៅ​ប៉ះ​ដង្កូវ​ខ្លះ​ពុល អាហ្នឹង យើង​មាន​ថ្នាំ​ព្យាបាល​ភ្លាមៗ​មិនសូវ​បារម្ភ​ទេ តែ​ជំងឺ​អាសន្នរោគ​បើ​ការពារ​មិនទាន់ ឆ្លង​ងាប់​ទាំងអស់​»៕
 

លោក ឃឹម សន អ្នកចិញ្ចឹមចៀម នៅខេត្តព្រះសីហនុ។
 
 

Tag:
 កសិដ្ឋាន​
 ​ចៀម​
  ឃឹម សន​
 ​កសិកម្ម​
  ព្រះ​សិ​ហ​នុ
© រក្សាសិទ្ធិដោយ thmeythmey.com