កីឡាអន្តរជាតិ
អន្តរជាតិ
ក្រោយ​ឈ្នះ Aston Villa, Solkjaer ថា Pogba កាន់តែ​ល្អ​ឡើង​ហើយ​
02, Jan 2021 , 2:57 pm        
រូបភាព
ដោយ៖ជា​ យូគៀង

​អ្នកចាត់ការ​ទូទៅ​ក្រុម Manchester United លោក Ole Gunnar Solkjaer បាន​សរសើរ​ខ្សែបម្រើ​សញ្ជាតិ​បារាំង Paul Pogba ដែល​បង្ហាញ​ទម្រង់​យ៉ាង​ល្អ​ក្នុងជំនួប​ជាមួយ Aston Villa ។ ក្រុម​លោក Solkjaer បានឈ្នះ​ដោយ​លទ្ធផល​២​ទល់នឹង​១ ។

 
«​រូបគេ​កាន់តែ​ល្អ​ឡើងៗ និង​មាន​ទម្រង់​ល្អ​។​» អ្នកចាត់ការ​ក្លិប​បិសាច​ក្រហម Ole Gunnar Solkjaer និយាយ​បែបនេះ​ក្នុង​កិច្ច​សម្ភាស​ជាមួយ Sky Sports ដោយ​សំដៅ​ដល់ Paul Pogba ។ Solkjaer បន្ថែមថា Pogba លេង​បានល្អ​នៅលើ​ទីលាន​នា​ជំនួប​ទល់​ក្លិប Aston Villa ដែល​បិសាច​ក្រហម​ឈ្នះ ២​ទល់នឹង ១ នៅ​យប់​ថ្ងៃទី​១ ខែមករា​។ 
 
Anthony Martial និង Bruno Fernandez ធ្វើបាន​ម្នាក់​មួយគ្រា​ប់​ឲ្យ Man Utd ខណៈ​គ្រាប់​របស់ Villa ធ្វើបាន​ដោយ Bertrand Traore ។ ជ័យជម្នះ រុញ​បិសាច​ក្រហម​ឲ្យ​ឈរ​លេខ​ពី​រលើ​តារាង មាន​៣៣​ពិន្ទុ​ស្មើ​ក្រុម​កំពូល​តារាង Liverpool តែ​គ្រាប់​បាល់​ចំណេញ​តិចជាង​។  
 
​លោក Solkjaer បាន​ប្រាប់ Sky Sports ទៀតថា Pogba បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ Paul ដោយ​អាច​បិទបាំង​កីឡាករ​ផ្សេងទៀត ដណ្តើម​បាល់​មកវិញ ហើយ​ជួយ​នាំ​ក្រុម​លេង​បាន​យ៉ាង​ល្អ​ផងដែរ​។ លោក​ក៏បាន​កោតសរសើរ​កីឡាករ​នៅក្នុង​ក្រុម​ទាំងមូល​ផងដែរ​នូវ​ការបង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​របស់​ពួកគេ​និង​ជួយ​ដល់​ក្រុម​បាន​ឡើងឈរ​លេខ​២ នៅ​ក្របខណ្ឌ Premier League ។ 
 
​ខ្សែបម្រើ​សញ្ជាតិ​បារាំង​រូបនេះ បាន​ទទួលរង​ការវាយប្រហារ​ខ្លាំង ក្រោយ​បង្ហាញ​ទម្រង់​លេង​មិន​បានល្អ​ក្នុងពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ពេលដែល​រូបគេ​បានទទួល​រងរបួស និង​ជំងឺ​កូ​វីដ​-១៩ ផង​នោះ​។ 
 
​ការប្រកួត​បន្ទាប់​រប​ស់​ក្រុម​បិសាច​ក្រហម​គឺ ពានរង្វាន់ league Cup ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទល់នឹង​ក្រុម Manchester City នៅ​ថ្ងៃទី​៦ ខែមករា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com