ជាតិ
លោក ចាន់ រិទ្ធី ចេះ​លេង​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ និង​ភ្លេងបរទេស​ជិត​១០​ប្រភេទ​
02, Jan 2021 , 3:33 pm        
រូបភាព
​ភ្នំពេញ​៖ ឈាន​ជើង​ចូល​វិស័យ​សិល្បៈ​តន្ត្រី​តាំងពី​ប្រមាណ​១០​ឆ្នាំមុន លោក ចាន់ រិទ្ធី ដែល​ខ្សោយ​គំហើញ បច្ចុប្បន្ន​ចេះ​លេង​ឧបករណ៍​ភ្លេង​ជិត​១០​ប្រភេទ ទាំង​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ និង​ឧបករណ៍​ភ្លេងបរទេស​។ ទោះជា​យ៉ាងណាក៏ដោយ ទេពកោសល្យ​នេះ​កម្រ​បាន​យកទៅ​ប្រើប្រាស់​ណាស់ ដោយសារតែ​ការមិន​សូវ​ផ្ដល់ឱកាស រួមទាំង​ការរើសអើង​លើ​ពិការភាព​ខ្លះ​ផង​។​


​បច្ចុប្បន្ន​ជាម​ន្ត្រី​ក្របខ័ណ្ឌ លោក ចាន់ រិទ្ធី បុរស​ខ្សោយ​គំហើញ ដែលមាន​អាយុ​៣៣​ឆ្នាំ មានឱកាស​បានធ្វើការ​ក្នុង​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ តួនាទី​ជា​ជំនួយការ​បង្រៀន នៅ​មហាវិទ្យាល័យ​តូរ្យតន្ត្រី​។ ក្រៅពី​ការងារ​ខាងលើ បុរស​កូនច្បង​ក្នុង​គ្រួសារ ដែល​មកពី​ខេត្តកំពង់ធំ​រូបនេះ ក៏មាន​ការងារ​បន្ទាប់​បន្សំ​ខ្លះ​ដែរ ដូចជា​ផ្នែក​បញ្ចូល​បទ​ភ្លេង  បង្រៀន​ចាប៉ីដងវែង និង​បង្រៀន​ឧបករណ៍​ភ្លេង​ខ្សែ​១ ប៉ុន្តែ​ការងារ​នេះ​មាន​មិន​ទៀងទាត់​ឡើយ​។​
 
​លោក ចាន់ រិទ្ធី បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិ​ញ្ញា​លើ​ជំនាញ “​ជាតិពន្ធុ​តន្ត្រី​វិទ្យា​” ក្នុង​ឆ្នាំ​២០១៩ ដែល​ផ្ដោតលើ​ការសិក្សា​ពី​ឧបករណ៍​តន្ត្រី​។ ជំនាញ​នេះ ផ្ដល់ឱកាស​ឱ្យ​លោក ចាន់ រិទ្ធី អាច​សិក្សា​ស្វែងយល់​ពី​ឧបករណ៍​តន្ត្រី​បាន​ច្រើន​ប្រភេទ​។ ជា​លទ្ធផល​ពី​ការសិក្សា​ស្រាវជ្រាវ លើ​ជំនាញ​សិក្សា​របស់ខ្លួន បុរស​ខ្សោយ​គំហើញ​រូបនេះ ចេះ​លេង​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ ដូចជា​ឧបករណ៍​ខ្សែ​១ ខ្លុយ ចាប៉ី ស្គរ​ធនរ​មនា ស្គរ​ដៃ ស្គរធំ និង​ស្គរ​សំភោរ​។


លោក ចាន់ សិទ្ធី កំពុង​អង្គុយលេង​ឧបករណ៍​ខ្សែ១ (រូប​ផ្ដល់​ឱ្យ) 

​ចំណែក​ឧបករណ៍​ភ្លេងបរទេស​មាន ហ្គី​តា​ក្លា​ស៊ី​ក និង​ម៉ុង​ដូលី​ន ដែល​លោក​អាច​លេង​ក្នុង​កម្មវិធី​ផ្សេងៗ​បាន​។ ក្រៅពីនោះ​ឧបករណ៍​តាខេ រនាតធុង ប៉ីអ ប៉ីពក  ហើយ​ឧបករណ៍​បរទេស​មាន ស្គរ​សម័យ សាក់​សូ​ហ្វូ​ន និង​ព្យា​ណូ លោក រិទ្ធី ក៏​អាច​លេង​បាន​ខ្លះៗ​ដែរ​។ ដ្បិតតែ​ចេះ​លេង​ឧបករណ៍​ភ្លេងជាតិ​និង​អន្តរជាតិ​ច្រើន​ក៏ពិតមែន ប៉ុន្តែ​បុរស​ខ្សោយ​គំហើញ​រូបនេះ ពិបាករ​ស់នឹង​ជំនាញ​ភ្លេង​នេះ​បន្តិច តាំងពី​អំឡុងពេល​រៀន និង​ក្រោយ​បញ្ចប់​ថ្នាក់​បរិ​ញ្ញា ព្រោះតែ​ពិការភាព​។ 
 
​លោក ចាន់ រិទ្ធី អះអាង​ដូច្នេះ​៖«​ខ្ញុំ​និយាយ​នេះ​មិនមែន​ចង់ឱ្យ​អ្នក​ទាំងអស់គ្នា​អាណិត​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ចង់ឱ្យ​គេ​ដឹង​ពី​ទុក​លំបាក​របស់ខ្ញុំ​ខ្លះ​ប៉ុណ្ណោះ​។ ពេលខ្លះ​ខ្ញុំ​ត្រូវបាន​គេ​រើសអើង​។ ពេល​មួយ​មាន​មិត្ត​ម្នាក់ គាត់​បាន​នាំ​ខ្ញុំ​ទៅលេង​ភ្លេង ហើយ​គាត់​ឱ្យ​ខ្ញុំ​ពា​ក់វែន​តាខ្មៅ ដើម្បី​កុំឱ្យ​គេ​ដឹងថា​ខ្ញុំ​ពិការភ្នែក​។ ពេលនោះ​ខ្ញុំ​សម្រេចចិត្តថា​ខ្ញុំ​មិន​ទៅ​ទេ ខ្ញុំ​អត់​ខឹង​មិត្ត​ខ្ញុំ​ទេ តែ​ខ្ញុំ​ចង់ឱ្យ​មនុស្ស​គ្រប់គ្នា​ទទួលស្គាល់​ខ្ញុំ ក្នុងនាម​ជា​ខ្លួន​ខ្ញុំ និង​អ្វីដែល​ខ្ញុំ​មាន ដោយ​មិនមែនជា​ការបន្លំ​ទេ​។ ខ្ញុំ​អាច​លេង​តន្ត្រី​បាន​ច្រើន តែ​ក្នុង​កម្មវិធី​របស់​សាលា​ប៉ុណ្ណោះ បើ​កម្មវិធី​ខាងក្រៅ​យូរៗ​ម្ដង ឬ​ទាល់តែ​ពេលដែល​គេ​មិនអាចរ​កដៃ​ភ្លេង​បាន ទើប​គេ​ហៅ​ខ្ញុំ​»​។


លោក ចាន់​ រិទ្ធី កំពុង​អង្គុយ​លេងហ្គីតា (រូប​ផ្ដល់​ឱ្យ) 

​កើត​ក្នុង​គ្រួសារ​ដែលមាន​ជីវភាព​មធ្យម ដោយ​ឪពុក​គឺជា​មន្ត្រីនគរបាល ហើយ​ម្ដាយ​ជា​មេផ្ទះ លោក ចាន់ រិទ្ធី លំបាក​ច្រើន​ផ្នែក​ហិរញ្ញវត្ថុ ក្នុងអំឡុងពេល​សិក្សា​នៅ​ថ្នាក់​បរិញ្ញាបត្រ​។ ខណៈពេល​គ្រួសារ​មិនអាច​ផ្ដល់ប្រាក់​ឱ្យ​រៀន​បាន​គ្រប់គ្រាន់ ហើយ​លោក​ក៏​មិនអាច​រក​ការងារ​ធ្វើបាន និង​មិនមាន​ប្រាក់​ជាប់​ខ្លួន​ផង ពេលនោះ លោក រិទ្ធី មានបំណង​ចង់​បោះបង់​ការសិក្សា​ចោល​។  
 
«​ប្រាក់​ក៏​ខ្វះខាត ការងារ​ក៏​មិនមាន​ច្បាស់លាស់ ពិបាក​ពេក​ខ្ញុំ​ចង់​ឈប់រៀន​។ តាមពិត​ដំបូង​ឡើយ​ម្ដាយ​របស់ខ្ញុំ គាត់​បាន​ប្រាប់​ដែរ ថា​គាត់​អត់​មានលទ្ធភាព​ឱ្យ​ខ្ញុំ​រៀន​នៅ​ថ្នាក់​បរិ​ញ្ញា​ទេ ប៉ុន្តែ​គាត់​ក៏​មិនបាន​ហាម​ខ្ញុំ​មិនឱ្យ​រៀន​ដែរ​។ គាត់​ថា​គាត់​អាច​ត្រឹម​ជួយ​ផ្គត់ផ្គង់​ខ្ញុំ​តិចតួច​។ នៅពេលដែល​មិត្ត​ខ្ញុំ​ដឹងថា ខ្ញុំ​ចង់​ឈប់រៀន ពួកគេ​បាន​ជួយ​ជ្រោមជ្រែង​ខ្ញុំ ទាំង​ស្មារតី​និង​ហិរញ្ញវត្ថុ​ខ្លះ​ដែរ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ចាន់ រិទ្ធី​។ រូប​៣


 ឧបករណ៍ភ្លេងស្គរដែល​លោក ចាន់ រិទ្ធី ចេះ​លេង (រូប​ផ្ដល់ឱ្យ​) 

​ទោះជា​យ៉ាងណាក៏ដោយ ពេលវេលា​ទំនេរ​ច្រើន​ក្រៅពី​ការសិក្សា​នោះ​ហើយ ដែល​បានផ្ដល់​ឱកាស​ដល់​លោក រិទ្ធី មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​សិក្សា​ស្រាវជ្រាវ​ពី​ឧក​រណ៍​ភ្លេង រហូត​លោក​ចេះ​លេង​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ និង​ឧបករណ៍​ភ្លេងបរទេស​ច្រើន​ដូច​បាន​រៀបរាប់​ខាងលើ​។ ការប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ​ឧបករណ៍​ភ្លេង មិនឱ្យ​ខ្លួន​ទំនេរ​ច្រើន ក៏​ជា​វិធី​បន្លប់​ទុក្ខ​របស់លោក រិទ្ធី ដែរ​។ 
 
​បន្ថែម​លើ​បញ្ហា​សេដ្ឋកិច្ច លោក ចាន់ រិទ្ធី មាន​ឧបសគ្គ​ក្នុងការ​ចុះទៅ​សិក្សា​ស្រាវជ្រាវ ពី​ឧបករណ៍​ភ្លេង​នៅតាម​បណ្ដា​ខេត្ត​ឆ្ងាយៗ ក៏ដូចជា​ការចុះ​ទៅក្នុង​មូលដ្ឋាន​ជួប​ជាមួយ​គ្រូភ្លេង​ឬ​តន្ត្រីករ​ផ្ទាល់​ផងដែរ ព្រោះ​មិនមាន​មនុស្ស​ភ្នែក​ភ្លឺ​ជូន​។ បើទោះបីជា​បាន​ជួប​បញ្ហា​ច្រើនយ៉ាង​ណាក៏ដោយ ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​លោក ចាន់ រិទ្ធី រៀនសូត្រ​បាន​គឺ ការ​ជម្នះ​គ្រប់​ឧបសគ្គ​ទាំងឡាយ​នោះ ធ្វើឱ្យ​លោក​មាន​លទ្ធផល​ដូច​សព្វថ្ងៃ​។ រូប​៤


លោក ចាន់ រិទ្ធី កំពុង​អង្គុយលេង​ឧបករណ៍​ចាប៉ី (រូប​ផ្ដល់​ឱ្យ​) 

«​ប្រសិនបើ​ពេលនោះ​ខ្ញុំ​មិនអាច​យកឈ្នះ​ភាពលំបាក​បាន ម្ល៉េះ​សម​ពេលនេះ​ខ្ញុំ​នឹងមិន​មាន​អ្វី​សោះ​ក្នុង​ជីវិត សូម្បីតែ​ចំណេះដឹង​។ បញ្ហា​វា​បាន​ប្រាប់​ខ្ញុំ​ថា ពេល​ជួប​ឧបសគ្គ​ត្រូ​រ​រក​ដំណោះស្រាយ ហើយ​ត្រូវ​គិត​វិជ្ជមាន ដើម្បី​កែប្រែ​ស្ថានការណ៍ និង​អារម្មណ៍​»​។ នេះ​ជាការ​ពន្យល់​របស់លោក ចាន់ រិទ្ធី​។​
 
​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ដោយ​ជោគជ័យ ដោយ​ទទួលបាន​និទ្ទេស​A​សម្រាប់​សា​រណា​បញ្ចប់​របស់ខ្លួន បុរស​ខ្សោយ​គំហើញ​វ័យ​៣៣​ឆ្នាំ​រូបនេះ មានបំណង​រៀន​បន្តទៅ​ថ្នាក់អនុបណ្ឌិត ប្រសិនបើ​លោក​មានឱកាស​និង​មានលទ្ធភាព​។​
 
​លោក ចាន់ រិទ្ធី បញ្ជាក់បន្ថែម​៖«​ចិត្ត​ស្រឡាញ់​ការសិក្សា​ខ្ញុំ​តែងតែមាន ប៉ុន្តែ​ពេលនេះ​ខ្ញុំ​អត់​ទាន់​មានលទ្ធភាព ហើយនឹង​ឱកាស​ឡើយ ម្យ៉ាង​សមត្ថភាព​របស់ខ្ញុំ​ក៏​នៅមានកម្រិត​ដែរ​។ ពេលនេះ​នឹង​ទៅ​ថ្ងៃ​អនាគត ខ្ញុំ​ចង់​ចូលរួមចំណែក​អភិរក្ស អភិវឌ្ឍន៍ និង​ផ្សព្វផ្សាយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ តាមរយៈ​ការចែករំលែក​បន្ត ហើយនឹង​ការបង្កើត​ស្នាដៃ​ផ្សេងៗ​។ ការងារ​ទាំងអស់នេះ អាច​ប្រព្រឹត្តទៅ កាន់តែ​ល្អប្រសើរ​ថែមទៀត លុះត្រា​ណា​តែ​ខ្ញុំ​ខំ​ពង្រឹង​ចំណេះដឹង​របស់ខ្ញុំ​បន្ថែម តាមរយៈ​ការសិក្សា​បន្ត​»​។ រូប​៥


ឧបករណ៍ភ្លេង​បរទេស​ដែល​លោក ចាន់ រិទ្ធី ចេះ​លេង (រូប​ផ្លល់​ឱ្យ​) 

​សា​រណា​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​លើ​ជំនាញ “​ជាតិ​ព័​ន្ធុ​តន្ត្រី​វិទ្យា​” លោក ចាន់ រិទ្ធី បាន​ស្រាវជ្រាវ​លើ​ប្រធានបទ​”​ចាប៉ីដងវែង​”​។ ការស្រាវជ្រាវ​នេះ​ផ្ដោតលើ ការប្រមូល​ឯកសារ​នានា ពាក់ព័ន្ធ​នឹង​ប្រវត្តិ​ឧបករណ៍​ចាប៉ីដងវែង ឈ្មោះ​សិល្បករ​ចាប៉ី​ល្បីៗ ដែល​ទទួលបាន​គោរមងារ​ពី​ព្រះរាជា នា​សម័យ​ព្រះបាទ​អង្គឌួង​។ ស្រាវជ្រាវ​សាច់​បទ​ភ្លេង​ចាប៉ីដងវែង ដែល​ស្ទើរនឹង​បាត់បង់​មួយចំនួន​។​
 
​ស្រាវជ្រាវ​ពី​បច្ចេកទេស​ធ្វើ​ចាប៉ីដងវែង វត្ថុធាតុដើម​សម្រាប់ធ្វើ​ចាប៉ី រូបរាង និង​ខ្នាត​ចាប៉ី ព្រមទាំង​សំនៀង​របស់​ចាប៉ី​។ ហើយ​លោក​ក៏បាន​ស្រាវជ្រាវ​ពី ការវិវឌ្ឍ​របស់​ឧបករណ៍​ចាប៉ីដងវែង ពី​ណោ​ត​ភ្លេង និង​ការសម្ដែង​ចាប៉ីដងវែង ពីមួយ​សម័យកាល​ទៅមួយ​សម័យកាល​ទៀត​។ ឯកសារ​សា​រណា​របស់លោក ចាន់ រិទ្ធី ក៏បាន​សាកល្បង​វិភាគ​សាច់​បទ​ភ្លេង បែបបទ​នៃ​ការ​ច្រៀង ព្រមទាំង​ការលេង​ចាប៉ីដងវែង​ផងដែរ​។ 
 
​លោក ចាន់ រិទ្ធី មាន​គម្រោង​ចងក្រង​ឯកសារ​ដែល​បាន​ស្រាវជ្រាវ​ខាងលើ​ទៅជា​សៀវភៅ ដោយ​លោក​ចាត់ទុកថា នេះ​ជាការ​រួមចំណែក​ផ្សព្វផ្សាយ​ពី​សិល្បៈ​ចាប៉ីដងវែង ឱ្យ​កាន់​តែមាន​វិសាលភាព​៕ រូប​៦


ឧបករណ៍​ខ្សែ១ (រូប​ផ្ដល់​ឱ្យ​) 
 
 

Tag:
 តន្ត្រីបុរាណ​
  ភ្លេង​
  សិល្បៈ​
  ចាប៉ី​
  ឧបករណ៍​ខ្សែ​១
  ខ្សោយ​គំហើញ​
© រក្សាសិទ្ធិដោយ thmeythmey.com