ជាតិ
ថ្ងៃដំបូងនៃឆ្នាំ២០២១ ខេត្តកំពតមានភ្ញៀវទេសចរទៅកម្សាន្តជាង៣ម៉ឺននាក់ រូបភាពពីលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្ត
× ភ្នំពេញ៖ ថ្ងៃទី១ ខែមករា ដែលជាថ្ងៃដំបូងនៃឆ្នាំសកល២០២១ ខេត្តកំពតមានភ្ញៀវទេសចរទៅកម្សាន្ត ចំនួន៣២៦៨១នាក់ ក្នុងនោះក៏មានទេសចរបរទេសចំនួន២៩៤នាក់ផងដែរ។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពត។
បើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត រមណីយដ្ឋានទេសចរណ៍ និងតំបន់ទេសចរណ៍គោលដៅ ក្នុងខេត្តកំពតមានជាង២០កន្លែង ប៉ុន្តែក្នុងថ្ងៃចូលឆ្នាំសកលនេះ ភ្នំបូកគោ និងតំបន់ទឹកឈូ ទទួលបានភ្ញៀវទេសចរទៅច្រើនជាងគេ។ លោក បញ្ជាក់បន្ថែមថា ភ្ញៀវទេសចរប្រមាណ៧០ភាគរយហើយ ដែលទៅកម្សាន្តនៅតំបន់ទាំង២នេះ ព្រោះតំបន់ទឹកឈូ ភ្ញៀវទេសចរអាចគយគន់ទេសភាពស្រស់ស្អាតជាច្រើនតាមដងព្រែក រហូតទៅដល់ទឹកឈូ។
សូមបញ្ជាក់ថា នៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២០ ដែលជាថ្ងៃឆ្លងចូលឆ្នាំថ្មី២០២១ មានភ្ញៀវទេសចរជាង៧ម៉ឺននាក់ បានទៅកម្សាន្តខេត្តកំពត ក្នុងនោះមានភ្ញៀវទេសចរបរទេសត្រឹម១៤៨នាក់ប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com