អន្តរជាតិ
លោក ថេដ គ្រូ​ស ដឹកនាំ​សមាជិក​ព្រឹទ្ធសភា​១០​នាក់​ទៀត ជំទាស់​ជ័យជម្នះ​លោក បៃ​ឌិន
03, Jan 2021 , 12:56 pm        
រូបភាព
លោក ថេដ គ្រូស សមាជិកព្រឹទ្ធសភាអាមេរិកមកពីរដ្ឋតិចសាស់របស់បក្សសាធារណរដ្ឋ។ រូបថត AFP
លោក ថេដ គ្រូស សមាជិកព្រឹទ្ធសភាអាមេរិកមកពីរដ្ឋតិចសាស់របស់បក្សសាធារណរដ្ឋ។ រូបថត AFP
​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយក្រុម​ដឹកមុខ​ដោយ​លោក ថេដ គ្រូ​ស បានប្រកាស​ប្រឆាំង​ជ័យជម្នះ​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ។ ការប៉ុនប៉ង​របស់​ស​មា​ជិ​ក​ព្រឹទ្ធសភា​មួយ​ក្ដាប់​នេះ ត្រូវបាន​លោក ដូ​ណា​ល់ ត្រាំ សាទរ ប៉ុន្តែ​វា​គ្មាន​ផ្លូវ​កែប្រែ​ជ័យជម្នះ​របស់លោក បៃ​ឌិន បានឡើយ​។

 
​សមាជិក​ព្រឹទ្ធសភា​១០​នាក់​មកពី​បក្ស​សាធារណរដ្ឋ​ដឹកនាំ​លោក ថេដ គ្រូ​ស សមាជិក​ព្រឹទ្ធសភា​មកពី​រដ្ឋ​តិច​សាស់ បាន​ព្យាយាម​ជា​លើកចុងក្រោយ​ដើម្បី​ផ្លាស់ប្ដូរ​លទ្ធផល​ការបោះឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​លោក ចូ បៃ​ឌិន ឈ្នះ​ចំនួន​ប្រតិភូ​៣០៦ ទល់​លោក ដូ​ណា​ល់ ត្រាំ ដែលមាន​២៣២​។ ប្រតិភូ​ដែល​ប្រកាស​ជ័យជម្នះ​របស់លោក បៃ​ឌិន រួចហើយនោះ នឹងត្រូវ​ជួបគ្នា​នៅ​វិមាន​កា​ពី​តូ​ល​នៅ​ថ្ងៃទី​៦ ខែមករា ហើយ​ព្រឹទ្ធសភា​អាមេរិក នឹង​បោះឆ្នោត​លើ​ការសម្រេចចិត្ត​របស់​ពួកគេ ដែលជា​នីតិវិធី​ក្នុង​ដំណើរការ​បោះឆ្នោត​ប៉ុណ្ណោះ​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​ថ្ងៃទី​២ ខែមករា ក្រុម​សមាជិក​ព្រឹទ្ធសភា​ខាងលើ លើកឡើងថា ពួកគេ​មានបំណង​បោះឆ្នោត​ជំទាស់​ប្រតិភូ​មកពី​រដ្ឋ​មាន​បញ្ហា​ចម្រូងចម្រាស​ដូចដែល​លោក ត្រាំ និយាយ​ដដែល​កន្លងមក​។ ពួកគេ​ក៏​ស្នើ​ឲ្យ​សភា​តែងតាំង​គណៈកម្មការ​មួយ​ជាបន្ទាន់​ដើម្បី​ធ្វើ​អធិការកិច្ច​១០​ថ្ងៃ​ក្នុង​រដ្ឋ​ទាំងនោះ​។ រដ្ឋ​ដែល​លោក ត្រាំ និយាយ​ដោយ​គ្មាន​ព័ស្តុតាង​ពាក់ព័ន្ធ​ការ​ក្លែងបន្លំ​មាន​ច​ច​ជី និង​ផេ​ន​ស៊ី​ល​វ៉ា​នា​ជាដើម​។​
 
«​ពេល​បញ្ចប់ រដ្ឋ​នីមួយៗ​អាច​វាយតម្លៃ​ការរកឃើញ​របស​គណៈ​កម្ម​ការ ហើយ​អាច​កោះប្រជុំ​ពិសេស​ដើម្បី​ផ្ដល់​ការយល់ព្រម​លើ​ការផ្លាស់ប្ដូរ​លទ្ធផល​បោះ​ឆ្នោត ប្រសិនបើ​ចាំបាច់​។​» នេះ​ជាការ​បញ្ជាក់​របស់​សមា​ជិ​ក​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ​ទាំង​១១​នាក់​។  
 
​ការព្យាយាម​របស់​អ្នកនយោបាយ​ខាងលើ ត្រូវបាន​មើលឃើញថា ជាការ​ប៉ុនប៉ង​ដែល​មិន​ជោគជ័យ ព្រោះ​ការបោះឆ្នោត​របស់​ព្រឹទ្ធសភា​ដើម្បី​បញ្ជាក់​ការសម្រេចចិត្ត​របស់​ប្រតិភូ ជា​នីតិវិធី​ប៉ុណ្ណោះ​។ ម្យ៉ាង​ជ័យជម្នះ​របស់លោក បៃ​ឌិន ត្រូវបាន​ធានា​ដោយ​ការសម្រេច​របស់​តុលាការ​ជាច្រើន​។ ក្រោយ​ការចេញ​លទ្ធផល​ភ្លាម ក្រុម​លោក ត្រាំ បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ​តាម​រដ្ឋ​ផង និង​ទៅ​តុលាការ​កំពូល​ផង​ដើម្បី​ឲ្យ​បដិសេធ​លទ្ធផល ឬ​រាប់​សន្លឹកឆ្នោត​ឡើងវិញ តែ​មិន​ជោគជ័យ​។​
 
​ម្យ៉ាងវិញទៀត មេដឹកនាំ​បក្ស​សាធារណរដ្ឋ​នៅ​ព្រឹទ្ធសភា Mitch McConnell ក៏បាន​ទទួលស្គាល់​លោក បៃ​ឌិន ជា​ប្រធានាធិបតី​ជាប់ឆ្នោត​ទៅហើយ ហើយ​លោក​ក៏បាន​ប្រាប់​ឲ្យ​សមាជិក​បក្ស​ទាំងអស់​បញ្ឈប់​ការព្យាយាម​ទប់ស្កាត់​លោក បៃ​ឌិន ទៀត​ទៅ​។ ដូចនេះ ការប្រឹងប្រែង​របស់លោក ថេដ គ្រូ​ស ដែលជា​សម្ព័ន្ធមិត្ត​រប​ស់លោក ត្រាំ និង​អ្នក​ឯទៀត គ្រាន់តែ​ជាការ​ព្យាយាម​ដែល​មិនបាន​ផល​ប៉ុណ្ណោះ​។​
 
​ចំ​ណែ​ក្រុម​លោក បៃ​ឌិន ក៏បាន​រិះគន់​ការប៉ុនប៉ង​ខាងលើ​ដែរ​។ លោក Michael Gwin អ្នកនាំពាក្យ​យុទ្ធនាការ​លោក បៃ​ឌិន ចាត់ទុក​ការប៉ុនប៉ង​នេះ ជា​ឆាកល្ខោន​ដែល​គ្មាន​ការគាំទ្រ​។ លោក​បន្តថា វា​មិនអាច​ផ្លាស់ប្ដូរ​អ្វី ហើយ​លោក បៃ​ឌិន នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា​ខាងមុខ​៕
 
 
 
 
 
 

Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ថេដ គ្រូ​ស
© រក្សាសិទ្ធិដោយ thmeythmey.com