កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ នឹងប្រព្រឹត្តទៅនៅដើមឆ្នាំ២០២១
× ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរ ត្រូវបានលើកពេលជាបន្តបន្ទាប់ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ក្រោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគម២៨វិច្ឆិកា គណៈកម្មការរៀបចំព្រឹត្តិការណ៍នេះ បានកំណត់ពេលវេលានៃការប្រព្រឹត្តទៅរបស់ព្រឹត្តិការណ៍នេះសាជាថ្មី ដោយគ្រោងធ្វើនៅដើមឆ្នាំ២០២១។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានបញ្ជាក់ថា មកទល់ពេលនេះគណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរ បានកំណត់ពេលវេលាថ្មីក្នុងការរៀបចំព្រឹត្តិការណ៍នេះរួចរាល់ហើយ។ បើពុំមានការប្រែប្រួលទេព្រឹត្តិការណ៍ នឹងប្រព្រឹត្តទៅនៅអំឡុងខែមករា ឆ្នាំ២០២១។
«ព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុនដែលយើងខកខានធ្វើនៅដើមខែធ្នូ ឥឡូវនេះ យើងទាំងអស់គ្នាបានឯកភាពជាមួយគណៈកម្មការរៀបចំ គ្រោងដាក់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១»។ លោក វ៉ាត់ ចំរើន បញ្ជាក់បែបនេះក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមសារអេឡិចត្រូនិក នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
ប៉ុន្តែអគ្គលេខាធិការ NOCC រូបនេះ អះអាងថា កាលបរិច្ឆេទនេះ ពុំទាន់ចូលជាផ្លូវការ១០០ភាគរយនោះទេ។ ហើយលោកនឹងពិគ្រោះយោបល់ជាមួយអាជ្ញាធរខេត្តសៀរាម និងអាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំឯកសារលម្អិតដាក់ឆ្លងជូនថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធដទៃទៀត។
លោក វ៉ាត់ ចំរើន ចាត់ទុកព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិចក្រភពខ្មែរ ជាព្រឹត្តិការណ៍ទេសចរណ៍ដែលត្រូវរៀបចំដោយមិនអាចខានបាន។ ព្រោះវាជាសមិទ្ធទេសចរណ៍ដ៏ធំមួយ ក្នុងការជួយទាក់ទាញភ្ញៀវទេសជាតិ និងអន្តរជាតិឲ្យមកកម្សាន្តនៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអង្គរក្នុងខេត្តសៀមរាប។ ជាពិសេស វាអាចជួយស្រោចស្រង់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដែលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកូវីដ-១៩។
ទោះបីយ៉ាងនេះក្តី ការរៀបចំឆ្នាំនេះអាចខុសប្លែកពីឆ្នាំមុនៗ ដ្បិតឆ្នាំនេះតម្រូវឲ្យគណៈកម្មការរៀបចំត្រូវកំណត់ចំនួនមនុស្សក្នុងការចូលរួម។ ហើយការរៀបចំទៀតសោត គឺធ្វើឡើងក្នុងទម្រង់បរិបទថ្មី ក្រោមយន្តការរឹតបណ្តឹងផ្នែកសុវត្ថិភាព ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន បានក្រើនរំឮកដល់អ្នកដែលបានចុះឈ្មោះរត់ក្នុងព្រឹត្តិការណ៍នេះ ឲ្យត្រៀមខ្លួនចូលរួមរត់ទាំងអស់គ្នានៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។
គួររម្លឹកថា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនចក្រភពខ្មែរ ដំបូងគ្រោងរៀបចំនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ តែត្រូវបានលើកពេលដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ជំងឺរាតត្បាតជាសកលនេះដែរ បានធ្វើឲ្យព្រឹត្តិការណ៍កីឡាទេសចរណ៍មួយចំនួននៅឆ្នាំ២០២០ ត្រូវបានលុបចោល និងលើកពេលរៀបចំនៅឆ្នាំ២០២១៕
Tag:
រត់ប្រណាំង
ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ
វ៉ាត់ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com