ជាតិ
លោក សាន សំណាង ប្ដូរ​ពី​អ្នក​នាំ​ភ្ញៀវ​ទស្សនា​តាម​ប្រាសាទ មក​ដាំ​បន្លែ​វិញ​
03, Jan 2021 , 8:29 pm        
រូបភាព
ដោយ:
​លោក សាន សំណាង រស់នៅ​ភូមិ​ត្រពាំង​ថ្នល់ ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ជា​អតីត​អ្នកផ្ដល់​សេវាកម្ម​ទេសចរណ៍ ដូចជា​ការនាំ​ភ្ញៀវ​បរទេស​ទស្សនា នៅតាម​ប្រាសាទ​នានា ក្នុង​ខេត្តសៀមរាប​។ មាន​វ័យ ៤១​ឆ្នាំ បុរស​មាន​ស្រុកកំណើត​ក្នុង​ខេត្តសៀមរាប រូបនេះ​បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​ថា លោក​ធ្លា​ប់រក​ចំណូល​ដល់​គ្រួសារ​ប្រមាណ ១​ពាន់​ដុល្លារ​ក្នុង​មួយខែ តែ​ត្រូវ​ផ្អាក​ដោយសារ​វិបត្តិ​កូ​វីដ​-១៩  រួចមក​ដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារ​ជំនួស​វិញ​។​

 
​អ្នក​ខេត្តសៀមរាប រូបនេះ​បាន​ប្រាប់ថា លោក​មានការ​សោកស្ដាយ​ជាខ្លាំង ដែល​ត្រូវ​ផ្អាក​ការនាំ​ភ្ញៀវទេសចរ ព្រោះ​ការងារ​នេះ លោក​បានចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០១៧ មក​ម្លេះ​។ ជា​អ្នក​ដឹក​ភ្ញៀវ​ផង និង​ជា​អ្នក​នាំ​ភ្ញៀវទេសចរ​ផង លោក​ត្រូវ​ផ្អាក​ការងារ​នេះ ចាប់ពី​ដើមឆ្នាំ​២០២០ ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​គ្រួសារ​របស់លោក​មានកា​រ​ផ្ដាស់​ប្ដូរ យ៉ាងខ្លាំង​។ «​មុន​កូ​វីដ ធ្លាប់​ឲ្យ​កូន​ទៅ​រៀន​ម្នាក់ ២​ពាន់​រៀល ត្រូវ​បន្ថយ​ត្រឹម ១​ពាន់​រៀល​វិញ ហើយក៏​ត្រូវ​ជំពាក់​ធនាគារ​ទៀត វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ខ្លាំង​»​។ នេះ​ជាការ​លើកឡើង​របស់លោក សាន សំណាង ប្រាប់​ThmeyThmey25​។​


 
​លោក សំណាង បាន​ប្រាប់ថា លោក​ដាំ​លើ​ផ្ទៃដី​តិចតួច​ប៉ុណ្ណោះ​ប្រមាណ ១​ពាន់​ការ៉េ នៅ​ជុំវិញ​ផ្ទះ​របស់លោក​ផ្ទាល់​។ ក្រោយ​ផ្ទុះ​ខ្លាំង​វីរុស​កូ​រ៉ូ​ណា លោក​បាន​ចាប់យក​មុខរបរ​ដាំ​បន្លែ​ប្រភេទ​ស្ពៃ និង​សាលាដ ជា​មធ្យម​លោក​អាច​លក់បាន​ក្នុងតម្លៃ ១ ០០០​រៀល​ទៅ ១ ៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ ដោយឡែក​សម្រាប់​ទីផ្សារ​វិញ មិនមាន​បញ្ហា​នោះទេ និង​មានការ​គាំទ្រ​ច្រើន ព្រោះ​លោក​ដាំ​បន្លែ​ដោយ​មិន​មានប្រើ​សារធាតុ​គីមី និង​មាន​សុវត្ថិភាព​ដល់​អ្នក​បរិ​ភោគ​។​
 
«​ដ្បិត​ចំណូល​នៃ​ការដាំ​បន្លែ​ជា​លក្ខណៈ​គ្រួសារ មិនអាច​ប្រៀប​នឹង​ការងារ​នាំ​ភ្ញៀវ ទស្សនា​តាម​បណ្ដា​ប្រាសាទ​ពិតមែន ប៉ុន្តែ​យ៉ាងហោច​វា​ក៏​ជួយ​ដោះស្រាយ​ជីវភាព​គ្រួសារ ក្នុងអំឡុង​វិបត្តិ​កូ​វីដ​នេះដែរ ហើយ​បើសិន​ស្ថានភាព​វិល​ធម្មតា ហើយ​ខ្ញុំ​អាច​ទៅធ្វើ​អ្នក​នាំ​ភ្ញៀវ​វិញ ក៏​ខ្ញុំ​មិន​បោះបង់​ការដាំ​បន្លែ​នេះដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នក​នាំ​ភ្ញៀវ​វ័យ ៤១​ឆ្នាំ​រូបនេះ​។​


 
​លោក សាន សំណាង បាន​ចាប់យក​របរ​ដាំ​បន្លែ​ជា​ក្ខ​ណៈ​គ្រួសារ ជំនួស​ការងារ​ជា​អ្នក​ដឹក​ភ្ញៀវ និង​អ្នក​នាំ​ភ្ញៀវទេសចរ នៅតាម​ប្រាសាទ​នាពេល​បច្ចុប្បន្ន ប៉ុន្តែ​លោក​មិន​បោះបង់​ការងារ​ជា​អ្នក​នាំ​ភ្ញៀវ​នោះទេ ដោយសារតែ​ពេញចិត្ត​នឹង​ការងារ​នេះ​ជាខ្លាំង និង​ជា​ចំណង់​ចំណូលចិត្ត​ផងដែរ​៕




,លោក សាន សំណាង (រូបមុខគេ) កាលពីនៅជាអ្នកនាំភ្ញៀវទេសចរ



រូបភាពពីលោក សាន សំណាង


Tag:
 ​កូ​វីដ​
© រក្សាសិទ្ធិដោយ thmeythmey.com