ជាតិ
ពីនេះ ពីនោះ
ហេតុអ្វី ពាក្យ​ខ្លះ មាន​ជើង​យ​ផង​អត់​ជើង​យ​ផង ដូចជា បណ្ឌិត​-​បណ្ឌិត្យ និង រាជ​-​រាជ្យ ជាដើម​?
04, Jan 2021 , 7:29 am        
រូបភាព
​លោកអ្នក ប្រាកដជា​បាន​ប្រទះឃើញ​ហើយ​នូវ​ពាក្យ​មួយចំនួន ដែល​សរសេរ​ដោយ​គ្មាន​ជើង​យ នៅ​ខាងចុង ហើយ​ពេលខ្លះ បែរ​ជាមាន​ទៅវិញ​។ សារព័ត៌មាន​ថ្មីៗ សូម​លើក​យកតែ​ពាក្យ​ពីរ​ប៉ុណ្ណោះ​មក​ពន្យល់​ក្នុង​ទីនេះ គឺ បណ្ឌិត​-​បណ្ឌិត្យ និង រាជ​-​រាជ្យ​។ 

 
​ជន​អ្នកមាន​ប្រាជ្ញា​, អ្នក​មានចំណេះ​ជ្រៅជ្រះ​, អ្នក​ឈ្លាសវៃ គឺ​គេ​ហៅថា «​បណ្ឌិត​»​។ ចំណែក​ពាក្យ «​បណ្ឌិត្យ​» វិញ មិន​សំដៅលើ​មនុស្ស​ដែលមាន​ចំណេះដឹង​ទេ តែ​សំដៅ​លើស​ភាវៈនៃបណ្ឌិត​, សភាព​, ស្ថាន​, ទី ឬ​តំណែង​នៃ​បណ្ឌិត​ជាដើម​។​
 
​បើ​និយាយ​ពី​បុគ្គល​ណា​ម្នាក់ ដែលមាន​ចំណេះដឹង​ខ្ពង់ខ្ពស់ ឬក៏​បាន​រៀន​ដល់​ថ្នាក់បណ្ឌិត គឺ​យើង​សរសេរថា «​បណ្ឌិត​»​។ ឧទាហរណ៍​ថា​៖«​បងប្រុស​ខ្ញុំ គឺជា​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​»​។​
 
​ចំណែក​ពាក្យ «​បណ្ឌិត្យ​» វិញ គឺ​មិន​សំដៅ​ទៅលើ​មនុស្ស ដែលមាន​ចំណេះដឹង នោះទេ​។ បើ «​បណ្ឌិត្យ​» គឺជា​ភាវៈនៃបណ្ឌិត​, សភាព​, ស្ថាន​, ទី​, តំណែង​នៃ​បណ្ឌិត ដូចជា បណ្ឌិត្យសភា​, ពុទ្ធសាសនបណ្ឌិត្យ ជាដើម​។​
 
​ពាក្យ «​ពុទ្ធសាសនបណ្ឌិត្យ​» ក្នុង​ទីនេះ មិន​សំដៅលើ​អ្នកប្រាជ្ញ ឬ​អ្នកមានចំណេះដឹង​ខាង​ព្រះពុទ្ធសាសនា​ឡើយ​។ តែ​ពាក្យ «​ពុទ្ធសាសនបណ្ឌិត្យ​» គឺអាច​សំដៅ​ទៅលើ កន្លែង ដែល​ប្រមូលផ្តុំ​ទៅដោយ​អ្នកប្រាជ្ញ ឬ​ក្បួនច្បាប់​នានា ដែល​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា​។ ឧទាហរណ៍​ថា​៖«​ខ្ញុំ បាន​ចំណាយពេល​ជាង​មួយខែ ក្នុង​ការសិក្សា​ស្រាវជ្រាវ​ពី​ទ្រឹស្តី​កម្ម​-​ផល នៅក្នុង​ពុទ្ធសាសនបណ្ឌិត្យ​»​។ 
 
​ពាក្យ «​រាជ​» គឺ​សំដៅ​ដល់​តួអង្គ​ព្រះមហាក្សត្រ​។ រីឯ «​រាជ្យ​» អាច​សំដៅ​ដល់​ព្រះរាជ​បល្ល័ង្ក ឬ ភាវៈ​ជា​ព្រះមហាក្សត្រ​។​
 
​សព្ទ «​រាជ​» គឺ​មានន័យថា ព្រះរាជា ឬ ព្រះមហាក្សត្រ​។ ក្នុង​ភាសា​ខ្មែរ នៅពេលណា គេ​ចង់​សំដៅ​ដល់​ព្រះមហាក្សត្រ គឺ​គេ តែង​ប្រើ​ជា «​រាជា​» ដោយ​មិន​និយម​ប្រើ «​រាជ​» នោះទេ​។ ឧទាហរណ៍​ថា​៖«​ព្រះរាជា យាង​មកដល់​ហើយ​!»​។​
 
​ជាទូទៅ សព្ទ «​រាជ​» មិនសូវ​ជា​ឈរ​តែឯង​នោះទេ​។ ជា​ញឹកញាប់ សព្ទ «​រាជ​» តែង​ភ្ជាប់​នៅ​ខាងដើម ឬ នៅ​ខាងចុង​នៃ​ពាក្យ​ណាមួយ​។ 
 
​ពាក្យ​ដែលមាន «​រាជ​» នៅ​ខាងដើម មានដូចជា​, រាជកុមារ​, រាជខណ្ឌ​, រាជគ្រឹះ​, រាជគ្រូ​, រាជដំណាក់​, រាជដំណើរ​, រាជតម្រាស់​, រាជតម្រិះ​, រាជទាន​, រាជទ្រព្យ​, រាជធម៌​, រាជនិពន្ធ​, រាជបញ្ជា​, រាជបណ្ឌិត​, រាជបិតា​, រាជការ​, រាជកិច្ច​,  រាជទូត​, រាជធានី​, រាជបុត្រ​, រាជប្រកាស ។​ល​។  ពាក្យ ដែលមាន «​រាជ​» នៅ​ខាងចុង មានដូចជា នគររាជ​, នាគរាជ មហារាជ​, អធិរាជ​, ឯករាជ ។​ល​។​
 
​ចំពោះ​សព្ទ «​រាជ្យ​» គឺ​សំដៅលើ ភាវៈ​ជា​ព្រះរាជា ឬ ការគ្រប់គ្រង​ផែនដី​។ ឧទាហរណ៍​ថា​៖«​គ្រងរាជ្យ​, សោយរាជ្យ​, ដណ្តើម​រាជ្យ​, ក្សត្រ​ទ្រង់​រាជ្យ​»​។ សព្ទ «​រាជ្យ​» ដែល​ស្ថិតនៅ​ខាងចុង​នៃ​ពាក្យ​ទាំងនេះ គឺ​មិន​សំដៅ​ដល់​តួអង្គ​ព្រះមហាក្សត្រ​នោះទេ តែ​សំដៅ​ដល់​បុគ្គល​ណាមួយ ដែល​ឡើង​គ្រប់គ្រង​រាជបល្ល័ង្ក ធ្វើជា​ព្រះមហាក្សត្រ​។​
 
​ការបកស្រាយ​ខាងលើនេះ គឺ​យោងតាម​វចនានុក្រម​សម្តេច ជួន ណាត​៕ 
 

Tag:
 ពន្យល់​ពាក្យ​
  អក្សរសាស្ត្រ​
  ជើង​យ​
  ពាក្យ​រាជ​
  ពាក្យ​បណ្ឌិត
© រក្សាសិទ្ធិដោយ thmeythmey.com