កីឡាអន្តរជាតិ
អន្តរជាតិ
ទោះ​សល់​គ្នា​១០​នាក់ AC Milan នៅតែ​ឈ្នះ Benevento ដើម្បី​ឈរ​កំពូល​តារាង Serie A
04, Jan 2021 , 9:39 am        
រូបភាព
AC Milan នៅតែ​អាច​រក្សា​ចំណាត់ថ្នាក់​កំពូល​តារាង Serie A បាន​ដដែល ក្រោយ​យកឈ្នះ Benevento ២-០ បើ​ទោះ​នៅសល់​គ្នា​តែ​១០​នាក់​ក៏ដោយ​។ AC Milan នាំមុខ​គូប្រជែង Inter Milan តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​។​


​នា​ជំនួប​ក្របខណ្ឌ​លី​គ​កំពូល​អ៊ីតាលី​នៅ​រាត្រី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ កីឡាករ Franck Kessie បាន​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ដើម្បី​ជួយ AC Milan នាំមុខ​ក្រុម​ម្ចាស់ផ្ទះ Benevento ១​គ្រាប់​មុន​នៅ​នាទី​១៥​។​
 
​នៅ​នាទី​៣៣ កីឡារ Sandro Tonali ទទួលបាន​កាត​ក្រហម ដែល​ធ្វើ​ឲ្យ​ក្រុម​លោក Stefano Pioli សល់​តែ​គ្នា​ត្រឹម​១០​នាក់​។ បើ​ទោះ​បាត់បង់​សមាជិក​ម្នាក់​ក្តី ប៉ុន្តែ AC Milan នៅតែ​អាច​បន្ត​រក​គ្រាប់​បាល់​បន្ថែម​នៅ​នាទី​៤៩ ដោយ​ខ្សែប្រយុទ្ធ Rafael Leao​។ ចប់​ការប្រកួត AC Milan ឈ្នះ Benevento ២-០​។​
 
​តាមរយៈ​ជ័យជម្នះ បាន​ជួយ AC Milan រក្សា​ភាពមិន​ចាញ់​សោះ​ក្នុងការ​ប្រកួត​១៥​លើក​រដូវ​កាល​នេះ និង​រក្សា​តំណែង​កំពូល​តារាង Serie A បណ្តោះអាសន្ន​ដោយ​រកបាន​៣៧​ពិន្ទុ នាំ​មុន​ក្រុម​គូប្រជែង Inter Milan ចំនួន​១​ពិន្ទុ​។ Inter Milan បាន​យកឈ្នះ Crotone ៦-២ ក្នុងជំនួប​សប្តាហ៍​ទី​១៥​របស់​ពួកគេ​។​
 
AC Milan ដែលជា​ម្ចាស់​ជើងឯក​អ៊ីតាលី​ច្រើនជាងគេ​លំដាប់​ទី​២​បន្ទាប់ពី Juventus អាក់ខាន​ឈ្នះ​ពានរង្វាន់​នេះ​ជិត​មួយ​ទស្ស​វ​ត្តិ​មកហើយ ពោលគឺ​ឈ្នះ​លើកចុងក្រោយ​នៅ​រដូវ​កាល ២០១០-១១​។​
 
Juventus ដែល​យកឈ្នះ Udinese ៤-១ ឡើងទៅ​ចំណាត់ថ្នាក់​ទី​៥​ដោយ​រកបាន​២៧​ពិន្ទុ តាម​ពីក្រោយ Napoli ដែល​នៅ​លេខ​៤​ចំនួន​១​ពិន្ទុ និង​លេខ​៣ Roma ចំនួន​៣​ពិន្ទុ​។ Spezia, Genoa និង Crotone នៅ​បាត​តារាង​៕
 

Tag:
 AC Milan
  Serie A
© រក្សាសិទ្ធិដោយ thmeythmey.com