ជាតិ
គម្រោង​អាកាសយានដ្ឋាន​ខ្នាត​តំបន់​នៅ​មណ្ឌលគិរី សាងសង់​លើ​ផ្ទៃដី​ជាង​៣០០​ហិកតា​
04, Jan 2021 , 11:13 am        
រូបភាព
លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងកិច្ចការរបស់រដ្ឋលេខាធិការអាកាសចរស៊ីវិល (រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល)
លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរស៊ីវិល ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីពាក់កណ្តាលខែមេសា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងកិច្ចការរបស់រដ្ឋលេខាធិការអាកាសចរស៊ីវិល (រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល)
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា យល់ព្រម​ជា​ផ្លូវការ​ហើយ ឲ្យ​ក្រុមហ៊ុន​ឯកជន សិក្សា​លើ​គម្រោង​សាងសង់​ព្រលានយន្តហោះ​ខ្នាត​តំបន់ ដែលមាន​ទំហំ​ទឹកប្រាក់​ជិត​១០០​លាន​ដុល្លារ ស្ថិតនៅ​ភូមិ​ពួ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។ នេះ​បើតាម លោក ស៊ីន ចាន់​សេរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​។

 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២១ លោក ស៊ីន ចាន់​សេរី​វុត្ថា មានប្រសាសន៍ថា ព្រលានយន្តហោះ​ខ្នាត​តំបន់​នេះ មាន​ទំហំ​ទឹកប្រាក់​ជិត ១០០​លាន​ដុល្លារ នឹងត្រូវ​សាងសង់​លើ​ផ្ទៃដី​ជិត​៣០០​ហិកតា​។​
 
​យ៉ាងណា មិនទាន់​អាច​បញ្ជាក់​បានទេ​ថា ព្រលានយន្តហោះ​ថ្មី​នេះ នឹងត្រូវ​ចាប់ផ្តើម​សាងសង់​នៅពេលណា ដោយ​លោក គ្រាន់តែ​ប្រាប់ថា គម្រោង​នេះ​កំពុង​ស្ថិតនៅ​ដំណាក់​ការសិក្សា​។ អ្នកនាំពាក្យ​រូបនេះ ថ្លែង​ដូ​ច្នេះថា​៖«​គ្រាន់តែ​យើង​ផ្ដល់​សិទ្ធិ​ឱ្យគេ [​ក្រុមហ៊ុន​ឯកជន​] សាងសង់ ពេលវេលា​ត្រូវ​ការចរចា និង​លក្ខខណ្ឌ​មាន​ច្រើន​ទៀត​។ ឥឡូវ យើង​សិក្សា​មិនទាន់​ចប់​ទេ យើង​ត្រូវការ​ពេល​ប្រហែល​៦-៨​ខែ ទៀត ព្រោះ​សិក្សា​ចប់​ទៅ យើង​យក​អាហ្នឹង​មក​ចរចា វា​មាន​ច្រើនណាស់ សិក្សា​ពី​ប្រសិទ្ធភាព​សេដ្ឋកិច្ច ប្រសិទ្ធភាព​ហិ​រញ្ញា​វត្ថុ ហើយ​លក្ខខណ្ឌ​មួយចំនួនធំ​ទៀត​»​។ 
 
​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញ​សេចក្តីជូនដំណឹង (​សជណ​) ស្តីពី​ការជ្រើសរើស​យក​ក្រុមហ៊ុន Powerchina International Group ធ្វើជា​ដៃគូ​របស់​រដ្ឋាភិបាល ក្នុងការ​សិក្សា​លើ​គម្រោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ ដោយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នេះ​។ សជណ បញ្ជាក់ថា រដ្ឋលេខាធិការ​អាកាស​ចរ​ស៊ីវិល ជា​អ្នកសិក្សា​លើ​គម្រោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ ហើយ​ការចំណាយ​លើ​ការសិក្សា គឺជា​បន្ទុក​របស់​ក្រុមហ៊ុន Powerchina International Group​។ 
 
​សជណ បន្ថែមថា រដ្ឋលេខាធិការ​អាកាស​ចរ​ស៊ីវិល ត្រូវ​ដឹកនាំ​រៀបចំ​កិច្ចព្រមព្រៀង​ក្របខណ្ឌ ជាមួយ​ក្រុមហ៊ុន ក្រុមហ៊ុន Powerchina International Group តាម​នីតិវិធី​ជា​ធរមាន ដូច​បាន​អនុវត្ត​កន្លងមក​៕ 
 
 

Tag:
 ប្រ​លាន​យន្តហោះ
  មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com