ជាតិ
សង្គមជាតិ
ក្រុម​យុវ​សិស្ស និង​និស្សិត​ជាង​១០ ទទួលបាន​ជ័យលាភី និង​ពានរង្វាន់​ក្នុង​ឆ្នាំ​២០២០
05, Jan 2021 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ គិតពី​ខែមករា រហូតដល់​ខែ​ឆ្នូ ឆ្នាំ​២០២០​នេះ ក្រុមសិស្ស និង​និស្សិត​ជាង​១០​ក្រុម នៅតាម​បណ្តា​គ្រឹះស្ថានសិក្សា​មួយចំនួន បានទទួល​ពានរង្វាន់ ក្នុង​កម្មវិធី​ប្រកួតប្រជែង​នានា ដែល​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​បណ្តា​ក្រសួង​ផ្សេងៗ​ទៀត ។  ខាងក្រោម​នេះ​ជា​ក្រុម​យុវ​សិស្ស និង​និស្សិត​ដែល​ទទួលបាន​ពានរង្វាន់​ក្នុង​ឆ្នាំ​២០២០​។

 
​នា​ថ្ងៃទី​៥ ខែកុម្ភៈ ក្រសួងការបរទេស និង​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​កម្ពុជា បានប្រកាស​ជ័យលាភី​គូ​និមិត្តសញ្ញា​(logo) សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ គឺ​បាន​ទៅ​និស្សិត សៀង ឆាយ​លី មកពី​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ដែល​ឈ្នះ​ក្នុងចំណោម​បេក្ខជន​ចំនួន​២០០​ទៅ​៣០០​នាក់​។ 
 
​និមិត្តសញ្ញា​នេះ គឺ​ច្នៃ​ចេញ​ជា​ក្បាច់​ខ្មែរ​ទម្រង់​ជា ជហ្វា ឬ ដងក្ដារ ដែលជា​គ្រឿង​ដំបូល ឬ​ផ្នែក​ខាងចុង​នៃ​ប្រាសាទ ព្រះវិហារ ឬ​សាលា មាន​ទម្រង់​ក្បាច់​ខ្មែរ ដែល​ធ្លាប់បាន​ប្រើប្រាស់​គំរូ​ចាស់ៗ​ពីមុខ​មក​។  ជហ្វា ក្នុង​សាសនា​សំដៅលើ​ការ​បួងសួង សុំ​ពរជ័យ ឡើង​ទៅលើ​មេឃ​។ សញ្ញា​Logo ពណ៌​ក្រហម តំណាង​ឲ្យ តំបន់​អាស៊ី ហើយ​ពណ៌​ខៀវ តំណាង សហព័ន្ធ​សហភាព​អឺរ៉ុប​។ 
 

 
​នា​ទិវា​វប្បធម៌​ជាតិ​៣​មីនា ឆ្នាំ​២០២០ លើក​ទី​២២ បាន​រកឃើញ​ជ័យលាភី​លេខ​១ លើ​វិញ្ញាសា​របាំ​ប្រពៃណី​ថ្នាក់​ឧ​ត្ត​ម​សិក្សា​បាន​ទៅលើ​និស្សិត​មកពី​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​។ ជ័យលាភី​លេខ​២ បាន​ទៅលើ​និស្សិត​មកពី​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និង​ជ័យលាភី​លេខ​៣​បាន​ទៅលើ​និស្សិត​សកល​វិទ្យាល័យ​កម្ពុជា​។ 
 
​សម្រាប់​ជ័យលាភី​លេខ​១ ផ្នែក​ទម្រង់​ល្ខោន​មហោរី បាន​ទៅលើ​សិស្ស​មធ្យមសិក្សា​មកពី​ខេត្តបន្ទាយមានជ័យ​។ ជ័យលាភី​លេខ​២​បាន​ទៅ​សិស្ស​មធ្យមសិក្សា​មកពី​ខេត្តស្ទឹងត្រែង និង​ជ័យលាភី​បាន​ទៅលើ​សិស្ស​មធ្យមសិក្សា​មកពី​ខេត្ត​មណ្ឌល​គី​រី​។​
 
 
 
​សម្រាប់​ជ័យលាភី​លេខ​១​ផ្នែក​ទម្រង់​ល្ខោន​យីកេ បាន​ទៅលើ​សិស្ស​មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ជ័យលាភី​លេខ​២​បាន​ទៅលើ​សិស្ស​មកពី​ខេត្ត​ប៉ៃលិន និង​ជ័យលាភី​លេខ​៣​បាន​ទៅលើ​សិស្ស​មកពី​ខេត្តស្វាយរៀង​។ ចំពោះ​ជ័យលាភី​លេខ​១​ផ្នែក​ទម្រង់​ល្ខោនបាសាក់ បាន​ទៅលើ​សិស្ស​មកពី​ខេត្តកំពង់ធំ ជ័យលាភី​លេខ​២​បាន​សិស្ស​មកពី​ខេត្តកំពង់ស្ពឺ និង​ជ័យលាភី​លេខ​៣​បាន​ទៅលើ​សិស្ស​មកពី​ខេត្តកោះកុង​។ 
 
​ជ័យលាភី​លេខ​១​ផ្នែក​ប្រកួត​ការតស៊ូ​មតិ​ស្តីពី​ចំណេះដឹង​វប្បធម៌ បាន​ទៅ​និស្សិត​មកពី​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​។ ជ័យលាភី​លេខ​២​បាន​ទៅ​និស្សិត​សកល​វិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ និង​ជ័យលាភី​លេខ​៣​បាន​ទៅ​និស្សិត​សកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ​។ 
 

 
​ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​កម្មវិធី និង​ជ្រើសរើស​បេក្ខជន​ដែល​តែង​និពន្ធ ស្មូត​កំណាព្យ និង​អាន​អត្ថបទ សម្រាប់​អបអរ​ទិវា​អំ​ណាន​ជាតិ​លើក​ទី​៥ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ ក្រោម​ប្រធានបទ​ស្តីពី​«​ការអាន​បណ្តុះ​បញ្ញា ការស្រាវជ្រាវ និង​នាវា​នុ​វត្ត​ន៍​»​។ 
 
 
​ក្រោយ​ក្រសួង​អប់រំ ជម្រុះ​អស់​បេក្ខជន​ប្រឡង​អស់​ជាច្រើនរូប ក្រសួង​ក៏បាន​រកឃើញ និង​ប្រកាស​ជ័យលាភី​តែង​និពន្ធ ស្មូត​កំណាព្យ និង​អាន​អត្ថបទ​ទទួលបាន​ពានរង្វាន់​សម្តេច​ហ៊ុនសែន​ពី​លេខ​១ ដល់​លេខ​៣​។ ជ័យលាភី​លេខ​១​ផ្នែក​តែង​និពន្ធ​បាន​ទៅលើ​យុវ​សិស្ស​ឈ្មោះ ហេង មៀន​មៀន ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​សម្តេចឪ ខេត្តតាកែវ​។ សម្រាប់​ជ័យលាភី​លេខ​២​បាន​ទៅលើ​យុវ​សិស្ស​ថ្នាក់​ទី​១១ ងួន សុធា​រី​កា នៃ​វិទ្យាល័យ​ជាស៊ីម​អង្គរជ័យ ខេត្តកំពត និង​ជ័យលាភី​លេខ​៣​បាន​ទៅលើ យុវ​សិស្ស កាន ស្រី​នី​ត ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ​មេសាង ខេត្តព្រៃវែង​។​
 


 
​ជ័យលាភី​លេខ​១​ផ្នែក​ស្មូត​កំណាព្យ​បាន​ទៅលើ​យុវ​សិស្ស គុណ គា ជា​សិស្ស​ប្រុស​ម្នាក់​គត់​ក្នុងចំណោម​ជ័យលាភី​សិស្សស្រី​ទាំង​៨​នាក់​។  គុណ គា ជា​សិស្ស​ថ្នាក់​ទី​៧ នៃ​អនុវិទ្យាល័យ​តេ​ជោ កម្មករ ខេត្ត​ព្រះសីហនុ ដែល​ស្មូត​អំ​ណា​ព្យ​មាន​ចំណងជើង​ថា «​និស្ស័យ​ស្នេហ៍​អំ​ណាន​» បាន​ដណ្តើម​ជ័យលាភី​លេខ​១ លើ​សិស្សស្រី​២​នាក់​ទៀត គឺ ហ៊ុន ធីតា បាន​ជ័យលាភី​លេខ​២​មកពី​វិទ្យាល័យ​សុខ​អាន​ថ្នល់បំបែក ខេត្តតាកែវ និង ជ័យលាភី​លេខ​៣ បាន​ទៅលើ​យុវ​សិស្ស ខំ ឃុន​នី ជា​សិស្ស​នៃ​វិទ្យាល័យ​ហ៊ុនសែន​សណ្តាន់ ខេត្តកំពង់ធំ ។​
 

 
​សម្រាប់​ជ័យលាភី​លេខ​១​ផ្នែក​អាន​អត្ថបទ​បាន​ទៅលើ​យុវ​សិស្ស នាង អេ​លី​ណា ជា​សិស្ស​ថ្នាក់​ទី​៦ នៃ​អនុវិទ្យាល័យ​ឯកជន​គ្រូ​យើង ខេត្តរតនគិរី ដែល​អាន​អត្ថបទ​អំពី​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​។ ជ័យលាភី​លេខ​២ គឺ​ឡុង សុ​ដាវ​ត្តី រៀន​ថ្នាក់​ទី​៦ នៃ​សាលាបឋមសិក្សា​ព្រុំ​សុន​ក្តី​កណ្តាល ខេត្តព្រៃវែង និង​ជ័យលាភី​លេខ​៣ ជុស ស្រី​ធា ជា​សិស្ស​ថ្នាក់​ទី​៦​មកពី​សាលាបឋមសិក្សា​កំពង់​ស្លែង ខេត្តតាកែវ​។ 
 

 
​កម្មវិធី​ជជែក​ដេញដោល​យុវជន​ជាតិ​២០២០ ដែល​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ តាំងពី​ខែឧសភា ដល់​ខែតុលា បាន​រកឃើញ​ជ័យលាភី​លេខ​១ ដែលជា​យុវ​សិស្ស​វិទ្យាល័យ​ទួល​ទំពូង ជជែក​ដេញដោល​លើ​ប្រធានបទ​ស្តីពី​«​ការបង្កើត​សាលា​ជំនាន់​ថ្មី​គឺជា​យន្តការ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​យុវជន​នា​យុគសម័យ​បដិវត្តន៍​ឧស្សាហកម្ម​៤.០»​ជាមួយ​ក្រុម​យុវ​សិស្ស​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​។​
 
​ក្រុម​យុវ​សិស្ស​ទាំងនោះ​ទទួលបាន​ថវិកា​សរុប​ចំនួន​៤​លាន​រៀល​។ ក្នុង​ម្នាក់ៗ​ទទួលបាន​កុំព្យូទ័រ​យួរដៃ​មួយគ្រឿង មេដាយមាស និង​លិខិត​សរសើរ​។  
 

 
​នា​ថ្ងៃទី​៣ ខែតុលា ក្រុមនិស្សិត​ដែល​មកពី​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) ទទួលបាន​ជ័យលាភី​លេខ​១ ក្នុង​កម្មវិធី​ប្រកួតប្រជែង​រ៉ូ​បូត​ថ្នាក់ជាតិ​លើក​ទី​៧ ឆ្នាំ​២០២០​។ ក្រុមនិស្សិត​ដែល​ទទួលបាន​ជ័យលាភី​លេខ​១​នេះ ក៏បាន​បន្ត​ក្នុង​កម្មវិធី​ប្រកួត​រ៉ូ​ប៉ូ​ត​អន្តរជាតិ​ប្រចាំ​ទ្វីបអាស៊ី​នា​ថ្ងៃទី​១២ ជាមួយ​២១​ក្រុម​ដែល​ពី​១១​ប្រទេស​ខុសៗ​គ្នា​នៅ​ថ្ងៃទី​១២ ខែ​ឆ្នូ ឆ្នាំ​២០២០ ដោយ​លទ្ធផល​ទទួលបាន​ជ័យលាភី​លេខ​៥​ស្ទួន​នឹង​ក្រុម​ថៃ និង​វៀតណាម​។   
 

 
​ក្នុង​វិធី​ទិវា​ជជែក​ពិភាក្សា​អំពី​បរិស្ថាន​នៅ​ខេត្តព្រះវិហារ​ឆ្នាំ​២០២០​នា​ថ្ងៃទី​១៣ ខែតុលា ដែល​បាន​រៀបចំឡើង​នៅ​ខេត្តព្រះវិហារ បាន​រកឃើញ​ជ័យលាភី​លេខ​១ ដល់​លេខ​៤ ដោយ​ជ័យលាភី​លេខ​១ បាន​ទៅលើ​ក្រុម​យុវ​សិស្ស​វិទ្យាល័យ​ជាស៊ីម​ត្បែងមានជ័យ​ខេត្តព្រះវិហារ​។ លេខ​២ បាន​ទៅលើ​ក្រុម​យុវ​សិស្ស​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន​វ​ត្និ​ង លេខ​៣​បាន​ទៅលើ​ក្រុម​វិទ្យាល័យ​ច្បារអំពៅ និង​ជ័យលាភី​លេខ​៤​បាន​ទៅ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​។ 
 

 
​យុវ​សិស្ស​ថ្នាក់​ទី​១១​ចំនួន​២​នាក់ នៅ​វិទ្យាល័យ​ហ៊ុនសែន​កំពង់ចាម បានទទួល​ជ័យលាភី​លេខ​២​ក្នុងការ​បង្កើត​App«​ឆ្លើយ​សំណួរ​ពី​របៀប​ប្រើប្រាស់​ទឹកស្អាត និង​អនាម័យ​»  ក្នុង​កម្មវិធី​ប្រកួតប្រជែង​អន្តរជាតិ​ផ្នែក​បច្ចេកវិទ្យា​e-ICON​លើក​ទី​១១ ដែល​រៀបចំឡើង​តាម​អន​ឡាញ​ដោយ​ក្រសួង​អប់រំ​សាធារណៈរដ្ឋ​កូរ៉េ​កាលពី​ថ្ងៃទី​៩ ខែកញ្ញា ក្នុងចំណោម​១០​ក្រុម​ដែល​មកពី​ប្រទេស​ចំនួន​៨​។​
 

 
​សម្រាប់​យុវជន​ក្រុម​Color Wheel ក៏​ទទួលបាន​ជ័យលាភី​លេខ​១​ក្នុង​ការផលិត​ស្នាដៃ​គំនូរជីវចល ដែលមាន​ចំណងជើង​ថា​«​ថ្ងៃនេះ​សម្រាប់​ស្អែក​» ក្នុង​កម្មវិធី​ប្រកួតប្រជែង​គំនូរជីវចល​ថ្នាក់ជាតិ​លើក​ទី​៧ ឆ្នាំ​២០២០​។ ក្រុម​នោះ​ក៏បាន​បន្ត​ប្រកួត​ជាមួយ​ក្រុម​ដែល​មកពី​បណ្តា​ប្រទេស​ដទៃទៀត​តាម​អន​ឡាញ​នៅ​ប្រទេស​ជប៉ុន​។   
 

 
​កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ក្រសួង​អប់រំ​ក៏បាន​ប្រកាស​ជ័យលាភី​លេខ​១ ផ្នែក​ប្រកួតប្រជែង​ផែនការអាជីវកម្ម​ដែល​ស្តីពី​ប្រធានបទ​«​អាជីវកម្ម​ខ្ញុំ Our business» បាន​ទៅលើ​ក្រុមនិស្សិត​ដែល​មកពី​ដេ​ប៉ា​តឺ​ម៉​ង់​វិស្វកម្ម​ជីវសាស្ត្រ​-Bio Engineering នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ 
 
​ក្រុមនិស្សិត​សកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ជ័យលាភី​លេខ​១ លើ​ការច្នៃ​ដើម​គរ​ធ្វើជា​សាប៊ូ​លាងចាន លើ​ក្រុម​អាជីវកម្ម​ចំនួន​៤​ផ្សេងទៀត​។ ក្រុម​ជ័យលាភី​លេខ​១​នេះ ទទួលបាន​ពានមាស​ពី​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​៕ 
 

 

Tag:
 អ្នកនិពន្ធ​
 ​ពានរង្វាន់
© រក្សាសិទ្ធិដោយ thmeythmey.com