ជាតិ
ក្រៅពី​ស្រូវ កម្ពុជា​បាន​នាំចេញ​ផលិតផល​ដំណាំ ជាង​២​ពាន់​លាន​ដុល្លារ ទៅ​ក្រៅប្រទេស​
04, Jan 2021 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​១​ឆ្នាំ​នៃ​វិបត្តិ​កូ​វីដ​-១៩ កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ជាង​៩​លាន​តោន ក្រៅពី​ដំណាំ​ស្រូវ ទៅ​ក្រៅប្រទេស ដែល​សរុប​ជា​ប្រាក់​ចំនួន​២,១៧​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​កលោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​



​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា ផលិតផល​កសិកម្ម ដែល​នាំចេញ​ទាំងនោះ រួមមាន ដំឡូង​មី ស្វាយចន្ទី ស្វាយ ចេកអំបូង​លឿង មៀន​ប៉ៃលិន ម្រេច រួមទាំង​ដំណាំ​មួយចំនួន​ផ្សេងទៀត​ផងដែរ​។ 
 
​បើតាម​លោក វេ​ង សាខុន កម្ពុជា បាន​នាំចេញ​ដំឡូង​មី ជាង​៧​លាន​តោន សរុប​ទឹកប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​, ស្វាយចន្ទី បាន​នាំចេញ​ចំនួន ២៣០ ៩៨១​តោន​, ដំណាំ​ស្វាយ នាំចេញ​ជាង​៩០​ម៉ឺន​តោន,​ចេកអំបូង​លឿង នាំចេញ​ចំនួន​៣៣៣, ១៤៣​តោន​, ដំណាំ​មៀន​ប៉ៃលិន នាំចេញ​ជាង​១០​ម៉ឺន​តោន​។ ចំណែក​ដំណាំ​ម្រេច បាន​នាំចេញ​ជាង​៥​ពាន់​តោន និង​ដំណាំ​ផ្សេងទៀត ជាង​៥០​ម៉ឺន​តោន​។​


 
​លោក វេ​ង សាខុន បាន​បញ្ជាក់ថា តម្លៃ​នៃ​ការនាំចេញ​ផលិតផល​សរុប​ជា​ប្រភេទ​ដំណាំ​ទាំងនេះ ក្រៅពី​ស្រូវ​នោះ មាន​ទឹកប្រាក់ ២,១៧ ពាន់​លាន ដុល្លារ​អាមេរិក​។ ប៉ុន្តែ​បើ​និយាយ​ពី​បរិមាណ​ផលិតផល​សរុប​នៃ​កសិកម្ម​ឆ្នាំនេះ​វិញ គឺមាន ១៨ ៤៧២ ៨២៥ តោន ដែលមាន​តម្លៃ​ផលិតផល​ដំណាំ​សរុប ក្រៅពី​ស្រូវ ចំនួន​ជាង ៤,៤៩ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​រដ្ឋមន្ត្រី​កសិកម្ម​៕






 

© រក្សាសិទ្ធិដោយ thmeythmey.com