COVID-19
អន្តរជាតិ
​ថៃ​មាន​អ្នក​កើត​កូ​វីដ​-១៩ ជាង​៧០០​នាក់​ទៀត និង​ស្លាប់​ម្នាក់​បន្ថែម​
04, Jan 2021 , 5:16 pm        
រូបភាព
ប្រជាជនថៃ លាងដៃជាមួយទឹកសម្លាប់មេរោគ ក្នុងពេលតម្រង់ជួរយកជំនួយ ក្នុងអំឡុងពេលផ្ទុះកូវីដ-១៩ នៅក្នុងទឹក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១។ រូបភាព៖ AFP
ប្រជាជនថៃ លាងដៃជាមួយទឹកសម្លាប់មេរោគ ក្នុងពេលតម្រង់ជួរយកជំនួយ ក្នុងអំឡុងពេលផ្ទុះកូវីដ-១៩ នៅក្នុងទឹក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១។ រូបភាព៖ AFP
​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃទី​៤ ខែមករា បាន​បញ្ជាក់ថា ថៃ​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ប្រចាំថ្ងៃ​ចំនួន ៧៤៥​ករណី និង​អ្នកស្លាប់​ចំនួន ១​នាក់​។ ភាគច្រើន​នៃ​ករណី​ឆ្លង គឺជា​ករណី​ឆ្លង​នៅក្នុង​ស្រុក​។ ស្របពេល​ករណី​ឆ្លង​កំពុង​ហក់​ឡើង ថៃ​ក៏​ត្រៀម​ទទួល​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​AstraZeneca ផងដែរ​។


​មួយរយៈ​ចុងក្រោយ​នេះ ករណី​ឆ្លង​កូ​វីដ​-១៩ នៅ​ថៃ បាន​ហក់​ឡើង​យ៉ាងខ្លាំង ស្របពេល​វិធានការ​រឹតត្បិត ត្រូវបាន​រដ្ឋាភិបាល​ថៃ ដាក់ចេញ​ជា​បន្តបន្ទាប់​។ នៅ​ថ្ងៃទី​៤ ខែមករា ថៃ​មាន​ករណី​ឆ្លង ៧៤៥​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ១​នាក់​។ ក្នុងចំណោម​នោះ ៧០៩​ករណី គឺជា​ឆ្លង​នៅក្នុង​ស្រុក ដោយ ៥៥៧​ករណី​ជា​ពលករ​ចំណាកស្រុក និង ១៥២​ករណី ជា​ប្រជាជន​ថៃ​។ 
 
​ចំនួន​នេះ មាន​អត្រា​ឆ្លង​ខ្ពស់បំផុត បើ​គិត​ចាប់តាំងពី​ផ្ទុះ​កូ​វីដ​-១៩ នៅក្នុង​ផ្សារ​លក់​បង្គា ក្នុង​ខេត្ត​សមុទ្រ​សាគរ នាពេល​កន្លងមក​។ តួលេខ​សរុប ថៃ​មាន​ករណី​ឆ្លង​ចំនួន ៨៤៣៩​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៦៥​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៤៣៥២​នាក់​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍ ថៃ​នឹង​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ចំនួន ២​លាន​ដូ​ស ពី​ក្រុមហ៊ុន​ចិន Sinovac នៅក្នុង​ខែកុម្ភៈ ខាងមុខ ដែលជា​ផ្នែក​មួយ​នៃ​ការទប់ស្កាត់​ការ​រាតត្បាត​របស់​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​។ ការដឹកជញ្ជូន​នេះ នឹងធ្វើ​ឡើង​ចំនួន ៣​ដំណាក់កាល​។ ក្នុងដំណាក់កាល​មួយ ចិន​នឹង​ដឹក​វ៉ាក់សាំង ២០​ម៉ឺន​ដូ​ស នៅក្នុង​ខែកុម្ភៈ ហើយ​នៅ​ដំណាក់កាល​ទី​ពីរ ចិន នឹង​ដឹក​ចំនួន ៨០​ម៉ឺន​ដូ​ស​ឲ្យ​ថៃ នៅក្នុង​មីនា​។ ដំណាក់កាល​ចុងក្រោយ​គឺ ១​លាន​ដូ​ស នៅក្នុង​ខែមេសា​ខាងមុខ​។ 
 
​ជាមួយគ្នានេះ ថៃ ត្រូវបាន​រំពឹងថា អាច​ចាប់ផ្តើម​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ក្នុងស្រុក​ផងដែរ ដែល​វ៉ាក់សាំង​ផលិត​នៅ​ថៃ​នោះ ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​AstraZeneca ដោយមាន​ភ្ជាប់​ជាមួយ​កិច្ចព្រមព្រៀង​រួមគ្នា​លើ​ការផ្ទេរ​បច្ចេកវិទ្យា ក្នុង​ការផលិត​វ៉ាក់សាំង​។ 
 
​កន្លងមក​រដ្ឋាភិបាល​ថៃ បានដាក់​គោលដៅ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ លើ​ប្រជាជន​ខ្លួន​ឲ្យ​បាន ៣៣​លាន​នាក់ ឬ ៥០​ភាគរយ​នៃ​ប្រជាជន​សរុប នៅត្រឹម​ដំណាច់ឆ្នាំ​២០២១​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៣ ខែមករា ខេត្ត​ថៃ ដែល​ស្ថិតក្នុង​តំបន់​ក្រហម បាន​កើន​ដល់ ២៨​ខេត្ត​ក្រុង​ហើយ​។ ជា​ផ្នែក​មួយ​នៃ​ការទប់ស្កាត់​ការ​រាតត្បាត​កូ​វីដ​-១៩ ថៃ​បាន​ដាក់ចេញ​វិធានការ​ថ្មី​បន្ថែមទៀត នៅក្នុង​ខេត្ត​ក្រុង​ទាំង ២៨ នេះ​។ នៅក្នុង​បទបញ្ជា​ដែល​បោះ​ពុ​ម្ភ​ក្នុង​ព្រះរាជកិច្ច ថៃ​បាន​ហាមឃាត់​មិន​ឲ្យ​ចូលទៅក្នុង​អាគារ ឬ​តំបន់​ដែលមាន​ករណី​ឆ្លង​ខ្ពស់​។ សាលារៀន ឬ​វិទ្យាស្ថាន ហាម​គ្រប់​សកម្មភាព​ទាំងអស់​។ សកម្មភាព សម្រាប់​ជា​ប្រយោជន៍​សាធារណៈ ត្រូវមាន​ការអនុញ្ញាត​ពី អភិបាលខេត្ត និង​ហាមឃាត់​សកម្មភាព​ផ្សេងទៀត​។ 
 
​សូមបញ្ជាក់ថា ថៃ ក៏​កំពុង​ពិចារណា​លើ​ការហាមឃាត់​អ្នកដំណើរ​ជនជាតិ​អង់គ្លេស ចូលមកក្នុង​ប្រទេស​ថៃ​ផងដែរ បន្ទាប់ពី​អាជ្ញាធរ​សុខាភិបាល បាន​រកឃើញ​កូ​រ៉ូ​ណាវី​រុស ដែល​វិវដ្ដ​ជា​ទម្រង់​ថ្មី VUI–202012/01 លើ​ជនជាតិ​អង់គ្លេស​ចំនួន ៤​នាក់​។ អ្នក​ទាំងនោះ បាន​ចូលមក​ថៃ​នៅ​ថ្ងៃទី​២១ ខែធ្នូ កន្លងទៅ​៕

Tag:
 ថៃ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com