ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ការទាមទារយុត្តិធម៌រឿងផ្លូវវេងស្រេង៖ អ្នកនាំពាក្យបក្សកាន់អំណាចថា បើទាមទារមិនបាន គឺនៅតែមិនបានដដែល
04, Jan 2021 , 6:10 pm        
រូបភាព
លោក សុខ ឥសាន ថ្លែងនៅមុខតុលាការភ្នំពេញកន្លងមក និង សកម្មភាពកុប្បកម្ម ក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែមករា ឆ្នាំ២០១៤
លោក សុខ ឥសាន ថ្លែងនៅមុខតុលាការភ្នំពេញកន្លងមក និង សកម្មភាពកុប្បកម្ម ក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែមករា ឆ្នាំ២០១៤
លោក សុខ ឥសាន សមាជិកព្រឹទ្ធសភានិងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ចេញមតិយោបល់តបទៅនឹងការទាមទាររកយុត្តិធម៌ពីសំណាក់ក្រុមគ្រួសារនៃជនរងគ្រោះ ជុំវិញការបាត់បង់ជីវិត ការបាត់ខ្លួន ការបង្ករបួសលើសមាជិកគ្រួសារនិងសាច់ញាតិរបស់ពួកគេ លើផ្លូវវេងស្រេង រាជធានីភ្នំពេញ កាលពី៧ឆ្នាំមុន គឺអំឡុងដើមខែមករា ឆ្នាំ២០១៤។



ចំពោះការទាមទាររកយុត្តិធម៌នេះ លោក សុខ ឥសាន បានសរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម ទៅកាន់អ្នកកាសែត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖«កុប្បកម្ម ថ្ងៃទី៣-៤មករា ២០១៤ កន្លងហួស៧ឆ្នាំហើយ បើទាមទារមិនបាន នៅតែមិនបានដដែល កុំសង្ស័យឡើយ»។

ជាមួយគ្នានេះ លោក សុខ ឥសាន បង្ហាញការយល់ឃើញថា រឿងកុប្បកម្មនៅផ្លូវវ៉េងស្រេងនេះ មិនមែនយកសមត្ថកិច្ចទៅកាត់ទោសទេ គឺយកមេដឹកនាំធ្វើកុប្បកម្មទៅកាត់ទោស ទើបត្រូវ។ លោក បន្តថា នៅលើពិភពលោក មិនដែលមានការធ្វើបាតុកម្មទាមទារអ្វីមួយ នៅពាក់កណ្តាលអធ្រាត្រ [ដូចការធ្វើបាតុកម្មលើផ្លូវវេងស្រេង] ឡើយ។ លោក បន្ថែមថា ការធ្វើបាតុកម្មចម្លែកបែបនេះ គឺជាអំពើកុប្បកម្មប៉ុនប៉ងផ្តួលរំលំរដ្ឋអំណាចយ៉ាងពិតប្រាកដ។

អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ អះអាងថា ក្រុមអ្នកប្រឆាំង បានយកកម្មករនិយោជិតជាខែល។ លោក ថ្លែងថា រោងចក្រ កំពុងដំណើរការ តែកម្មករនិយោជិត បែរជានាំគ្នាយកដុំថ្មទៅគប់ ហើយលោក និយាយទៀតថា ក្រុមអ្នកប្រឆាំង បានបង្ខំកម្មករឲ្យចេញទៅធ្វើបាតុកម្មជាមួយពួកគេ។  

លោក បញ្ជាក់ដូច្នេះថា៖«ក្នុងព្រឹត្តិការណ៏ថ្ងៃទី៤ខែមករាឆ្នាំ២០១៤ កម្លាំងសមត្ថកិច្ច មិនមែនម៉ាស៊ីនទេ គឺជាសាច់មនុស្ស ចេះឈឺចាប់ដែរ បើលេងសុទ្ធតែចម្ពាមកៅស៊ូគ្រាប់ដែក  បំពង់ទីបស្នូលដែក និងគុបដបសាំងនោះ»។

កាលពីព្រឹកថ្ងៃទីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ សមាជិកសហជីព សកម្មជនដីធ្លី និងសមាជិកសង្គមស៊ីវិលប្រមាណជា៨០នាក់ បានជួបជុំគ្នានៅការិយាល័យផ្ទះសាមគ្គី នៅក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីរម្លឹកខួប៧ឆ្នាំនៃការប៉ះទង្គិចគ្នារវាងបាតុករនិងសមត្ថកិច្ចនៅលើមហាវិថីវេងស្រេង។ អង្គការលីកាដូ បានផ្សាយអត្ថបទមួយជុំវិញការជួបជុំនេះ ដោយដាក់ចំណងជើងថា «៧ឆ្នាំកន្លងផុតទៅ គ្រួសារជនរងគ្រោះ នៅតែទាមទាររកយុត្តិធម៌លើករណីបាញ់ប្រហារនៅផ្លូវវេងស្រេង»។ 

បើតាមអត្ថបទនេះ មនុស្សយ៉ាងតិច៤នាក់ស្លាប់ និងបាត់ខ្លួនម្នាក់ ហើយរាប់សិបនាក់ទៀត បានរងរបួស។ អត្ថបទរបស់អង្គការលីកាដូ បញ្ជាក់បែបនេះថា៖«ពិធីបែបព្រះពុទ្ធសាសនា និងរម្លឹកការចងចាំ ត្រូវបានធ្វើឡើង ដើម្បីចងចាំការបាញ់ប្រហារនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ខណៈសមាជិកគ្រួសាររបស់ជនរងគ្រោះដែលបានស្លាប់និងបាត់ខ្លួន នៅតែបន្តការអំពាវនាវឲ្យស្វែងរកយុត្តិធម៌សម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគាត់»៕

Tag:
 កុប្បកម្មផ្លូវវេងស្រេង
  សុខ ឥសាន
  សង្គមស៊ីវិល
© រក្សាសិទ្ធិដោយ thmeythmey.com