លោក Hasenhuettl រំជួលចិត្ត ក្រោយ Southampton ឈ្នះ​កំពូល​តារាង Liverpool
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Hasenhuettl រំជួលចិត្ត ក្រោយ Southampton ឈ្នះ​កំពូល​តារាង Liverpool
05, Jan 2021 , 9:53 am        
រូបភាព
​​ម្ចាស់​ការពារ​ជើងឯក Liverpool ភ្លាត់ស្នៀត​ចាញ់ Southampton ១-០ ក្នុងការ​ប្រកួត Premier League ។ ក្រោយ​កញ្ចែ​បញ្ចប់​ការប្រកួត លោក Ralph Hasenhuettl បាន​អង្គុយ​លុតជង្គង់​លើ​ស្មៅ រលេងរលោង​ទឹកភ្នែក ជាមួយនឹង​ជ័យជម្នះ​ក្រុម​កំពូល​តារាង​។​

 
​ក្នុងការ​ប្រកួត​សប្តាហ៍​ទី​១៧ នៅ​រាត្រី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ ខ្សែប្រយុទ្ធ Danny Ings ដែលជា​អតីត​កីឡាករ​របស់​ហង្ស​ក្រហម​ជា​នាក់​សម្រេច​ទី​គ្រាប់​បាល់​ជ័យជម្នះ​នេះ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ Southampton នៅ​នាទី​ទី​២ តាមរយៈ​ការបញ្ជូន​របស់ James Ward-Prowse​។​
 
 
​នេះ​ជាការ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​របស់​ក្រុម​លោក Ralph Hasenhuettl ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស ដ្បិត Southampton បាន​ក្លាយជា​ក្រុម​ដំបូង​គេ​ដែល​អា​យកឈ្នះ​ម្ចាស់​ការពារ​ជើងឯក​ទាំង​៧​ក្រុម​។​
 
​ក្រុម​ម្ចាស់​ជើងឯក Premier League ទាំង​៧​ដែល Southampton បាន​ផ្តួល​រួមមាន Liverpool, Manchester United, Manchester City, Blackburn Rovers, Leicester City, Chelsea និង Arsenal បន្ទាប់ពី​ពួកគេ​បានឈ្នះ​ពាន​រួច​។ ជ័យជម្នះ​នេះ បាន​ជួយ Southampton ឡើងទៅ​ចំណាត់ថ្នាក់​ទី​៦ ដោយ​រកបាន​២៩​ពី​ន្ទុ ពី​ការប្រកួត​១៧​លើក​។​


 
​បរាជ័យ​នេះ ត្រូវ​មើលឃើញថា ជាការ​បើកផ្លូវ​ឲ្យ Manchester United មានឱកាស​ឡើងទៅ​កាន់​កំពូល​តារាង ដោយសារ​មាន​១​ប្រកួត​ក្នុង​ដៃ ខណៈ Manchester City ក៏មាន​ពិន្ទុ​យ៉ាង​ប្រកៀក​ជាមួយនឹង​២​ប្រកួត​ក្នុង​ដៃ​ផងដែរ​។​
 
​សម្រាប់​ក្រុម​របស់លោក Jurgen Klopp វិញ នេះ​ជា​បរាជ័យ​លើក​ទី​២​នៅ​រដូវ​កាល​នេះ​។ ឆ្លង​ការ​ការប្រកួត​១៧​លើក Liverpool ឈរ​កំពូល​តារាង​លី​គ​កំពូល​អង់គ្លេស រកបាន​៣៣​ពិន្ទុ ស្មើគ្នា​ជាមួយ​ក្រុម​លោក Ole Gunnar Solskjaer ដែល​ទើប​ប្រកួត​បាន​១៦​លើក​ប៉ុណ្ណោះ​។ ប្រសិនបើ​បិសាច​ក្រហម​អាច​ឈ្នះ ឬ​ស្មើ​នៅ​ជំនួប​ទី​១៧ នោះ​ពួកគេ​នឹង​ឡើងទៅ​ឈរ​កំពូល​តារាង​វិញ​។​
Man Utd បាន​ខកខាន​លើក​ពាន Premier League ៧​រដូវ​កាល​មកហើយ ពោលគឺ​ចាប់តាំងពី​លោក Sir Alex Ferguson បញ្ចប់​តំណែង​លោក​ជា​អ្នកចាត់ការ​ទូទៅ​នៅ​រដូវ​កាល ២០១២-១៣ ម្លេះ​។ ប្រសិនបើ​លោក Solskjaer អាចជួយ​ម្ចាស់​ជើងឯក​២០​សម័យ​លើក​ពាន​រដូវ​កាល​នេះ​មែន នោះ​តំណែង​អ្នកចាត់ការ​ទូទៅ​របស់​លោក​នឹងមិន​ត្រូវបាន​ផ្លាស់ប្តូរ​ឡើយ​។​
 
​ជ័យជម្នះ​ដំបូង​ក្នុងការ​ប្រកួត​៥​លើក​នៅ Premier League នាំ​ឲ្យ Southampton ឡើងឈរ​លេខ​៦ ហើយ​លោក Ralph Hasenhuttl បាន​លុតជង្គង់​អបអរ​ជ័យជម្នះ​លើ​ក្រុម​លោក Klopp ជា​លើកដំបូង​។​
 


​គ្រូបង្វឹក Southampton រូបនេះ បានបញ្ជាក់​ប្រាប់ BBC Sport ថា​៖ «​មាន​ទឹកភ្នែក​នៅក្នុង​ភ្នែក​របស់ខ្ញុំ ដោយសារ​ខ្យល់​! ពិតណាស់​នៅពេល​អ្នកឃើញ កីឡាករ​ប្រឹងប្រែង​គ្រប់បែបយ៉ាង វា​ពិតជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​មោទកភាព​ខ្លាំងណាស់​»​។​
 
​លោក​បាន​បន្ថែមថា វា​ជាការ​ប្រកួត​ដ៏​តឹងតែង​មួយ ដោយ​សំឡេង​របស់លោក​ស្ទើរតែ​ភ្លាត់​ម្តងៗ ខណៈ​កីឡាករ​មានការ​នឿយហត់​យ៉ាងខ្លាំង​។ «​យើង​បានឈ្នះ​ក្រុម​ដ៏​ខ្លាំង​បែបនេះ កីឡាករ​មាន​ជំនឿ​លើ​អ្វីដែល​ខ្លួន​បានធ្វើ​។ វា​ជា​រាត្រី​ដ៏​ល្អឥតខ្ចោះ​»៕
 



Tag:
 Premier League
  Liverpool
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com