រថយន្ត
អន្តរជាតិ
ស្ត្រីអាចធ្វើបាន! Chaya Milchtein ចែករំលែកចំណេះដឹងយានយន្ត និងការជួសជុលតាមអនឡាញ
05, Jan 2021 , 5:59 pm        
រូបភាព
ដោយ: ធីតា
Chaya Milchtein រស់នៅក្រុង Milwaukee រដ្ឋ Wisconsin ជាវាគ្មិន ជាសកម្មជន LGBT ហើយអ្នកអប់រំ និងជាអ្នកសរសេរអត្ថបទជំនាញទាក់ទងនឹងការប្រើប្រាស់យានយន្ត ជាពិសេសការជួសជុលរថយន្ត។ តាមរយៈគេហទំព័រ Mechanic Shop Femme របស់ខ្លួន ស្ត្រីអាមេរិករូបនេះ ចង់បង្ហាញឲ្យពិភពលោកឃើញថា ស្ត្រីអាចធ្វើបានអ្វីៗគ្រប់បែបយ៉ាង។

 
«ខ្ញុំមិនមែនជាយន្តការីនោះឡើយ ប៉ុន្តែខ្ញុំជាអ្នកសរសេរអត្ថបទយានយន្ត ជាអ្នកអប់រំ និងជាមនុស្សដែលជួយឲ្យអតិថិជនរីករាយជាមួយនឹងការងាររបស់ខ្លួន»។ Chaya បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងគេហទំព័រ MechanicShopFemme.com របស់ខ្លួន។
 
តាមរយៈគេហទំព័រ និងបណ្តាញសង្គម Chaya ចែករំលែកចំណេះដឹងជាច្រើន ទាក់ទងនឹងយានយន្ត រួមមាន ប្រភេទរថយន្តដែលសក្តិសមនឹងអតិថិជន ការបើកបរប្រកបដោយសុវត្ថិភាព ការត្រៀមខ្លួននានានៅពេលធ្វើដំណើរ ជាពិសេសការជួសជុលរថយន្ត។ 


 
គោលដៅដ៏ធំបំផុតរបស់ Chaya គឺការពង្រឹងអំណាចស្ត្រីក្នុងវិស័យយានយន្ត ដោយជាទូទៅគិតថា មានតែមនុស្សប្រុសប៉ុណ្ណោះដែលអាចធ្វើបាន ក្នុងនោះ ក៏មានការបណ្តុះបណ្តាល និងការប្រឹក្សាយោបល់តាមប្រព័ន្ធអនឡាញ ផងដែរ។ 
 
កើតនៅគ្រួសារ Hasidic Lubatitch ដែលប្រណិបតន៍សាសនាដ៏តឹងរ៉ឹងមួយនៅក្រុង Milwaukee, Chaya ជាកូនច្បងគេក្នុងចំណោមបងប្អូន១៥នាក់។ នាងបានទៅរស់នៅសហគមន៍ថែទាំកុមាររហូតដល់អាយុ១៦ឆ្នាំ។
 
ក្នុងជីវិតដែលបានឆ្លងកាត់រឿងរ៉ាវជាច្រើន ហើយក្រោយមក នាងមានឱកាសធ្វើការនៅក្រុមហ៊ុនជួសជុលរថយន្តដ៏ធំមួយ។ នាងបានអះអាងយ៉ាងដូច្នេះថា៖ «ការងារនេះ ហើយដែលធ្វើឲ្យខ្ញុំស្គាល់ច្បាស់ពីផ្នែកខាងក្នុង និងខាងក្រៅរថយន្ត»។
 
ឈានដល់អាយុ២៥ឆ្នាំ Chaya បង្កើតក្រុមហ៊ុនអនឡាញ Mechanic Shop Femme ដោយបានអះអាងថា វាបានក្លាយជាទីលាននៃការចែករំលែកចំណេះដឹងទាក់ទងនឹងយានយន្ត។ «ក្រោយផ្លាស់ទៅរស់នៅ New York ហើយបន្តទៅ Sears ខ្ញុំយល់ច្បាស់ថា ខ្លួនឯងមានចំណេះដឹងផ្នែកនេះច្រើន។ មនុស្សជាច្រើនសួរខ្ញុំ ហើយខ្ញុំតែងតែព្យាយាមប្រាប់»។


 
Chaya បានរំលឹកថា កន្លងមក ម្តាយរបស់ខ្លួន ធ្លាប់ជាប់ក្នុងរថយន្ត និងចំណាយប្រាក់ជាច្រើនលើការជួសជុល និងបញ្ហាជាច្រើនទៀត។ «ខ្ញុំអាចដោះស្រាយវាបានដោយខ្លួនឯង និងអាចជួយដល់មនុស្សឯទៀតឲ្យចេះដោះស្រាយ។ នៅពេលដែលអ្នកពន្យល់ទៅនរណាម្នាក់ ហើយអ្នកនោះយល់ច្បាស់ វាពិតជាធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់»។ នេះជាការលើកឡើងរបស់ Chaya។
Chaya ទទួលបានគោរពយ៉ាងខ្លាំងពីអ្នកជំនាញយានយន្តក្នុងតំបន់ ហើយគាត់ក៏ជាមនុស្សក្នុងក្រុម LGBTQ ផងដែរ។ «ការងាររបស់ខ្ញុំ គឺស្ថិតក្នុងគោលដៅពង្រឹងសិទ្ធិអំណាចបុគ្គល។ ខ្ញុំលើកទឹកចិត្តមនុស្ស ជាពិសេសស្ត្រី ក្នុងការងារយានយន្ត និងការសម្រេចចិត្តនានាក្នុងជីវិត»។
 
កាលពីឆ្នាំ២០២០ កន្លងមក Chaya ស្ថិតក្នុងបញ្ជី Women of the Year របស់ Advocate.com តាមរយៈការបង្ហាញពីគំរូភាពសម្រាប់មនុស្សទូទៅលើការសម្រេចបាននូវក្តីសុបិនដ៏ធំរបស់ខ្លួន។ ជ័យលាភផ្សេងទៀតរួមមាន Janelle Monae, Tanya Saracho, Samantha Irby, Jan Morris, Lilly Singh, Monica Roberts, Lillian Faderman, Katie Sowers, Nadine Smith, Lizzo, Hillary Clinton, Ruth Bader Ginsburg, Elizabeth Warren ជាដើម។
 
ក្រៅពីចំណេះដឹងផ្នែករថយន្ត Chaya Milchtein ក៏ប្រើប្រាស់បណ្តាញសង្គម និងប្លុកដើម្បីចែករំលែកព័ត៌មានស្តីពីទេសចរណ៍ ជីវិត ម្ហូបអាហារ រួមទាំងម៉ូដសម្លៀកបំពាក់ផងដែរ៕


 
 

© រក្សាសិទ្ធិដោយ thmeythmey.com