អន្តរជាតិ
ប្រទេស​អ៊ីរ៉ង់​និយាយថា ខ្លួន​ចាប់ផ្ដើម​ជំរុញ​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​រហូតដល់​២០%
05, Jan 2021 , 7:59 pm        
រូបភាព
ដោយ: VOA
​ប្រទេស​អ៊ីរ៉ង់​និយាយថា ខ្លួន​បានចាប់ផ្តើម​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​រហូតដល់​២០% ដែលជា​ជំហាន​ចុងក្រោយ​របស់ខ្លួន ផ្ទុយ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥ ដែល​បាន​កំហិត​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ ជា​ថ្នូរ​នឹង​ការដកចេញ​ទណ្ឌកម្ម​ផ្សេងៗ​។​

 
​សារព័ត៌មាន​ក្នុងស្រុក​របស់​អ៊ីរ៉ង់ បាន​ដកស្រង់​សម្តី​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Ali Rabiei ដោយ​និយាយថា ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ក្នុង​កម្រិត​ខ្ពស់​មួយ ត្រូវបាន​ចាប់ផ្តើម​ឡើង​កាលពី​ថ្ងៃ​ចន្ទ នៅក្នុង​រោងចក្រ Fordo ដែល​ស្ថិតក្នុង​រូងភ្នំ​។​
 
​ក្នុងពេល​កន្លងទៅ អ៊ីរ៉ង់​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​ដល់​ត្រឹម​កម្រិត​ប្រមាណ​៤,៥% តែប៉ុណ្ណោះ​។​
 
​ការ​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម ក្នុង​ចំនួន​ដ៏​ច្រើន​នេះ បាន​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​ថា​អ៊ីរ៉ង់​អាច​នឹង​ផលិត​អាវុធ​នុយក្លេអ៊ែរ ដែល​តម្រូវ​ឲ្យ​មាន​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម ប្រមាណ​៩០%​។ ប្រទេស​អ៊ីរ៉ង់​ធ្លាប់បាន​និយាយ​ជាច្រើន​ឆ្នាំ​មកហើយ​ថា ខ្លួន​គ្មាន​បំណង​ផលិត​អាវុធ​នុយក្លេអ៊ែរ​ទេ ហើយ​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​នេះ គឺ​សម្រាប់​ប្រើប្រាស់​ក្នុង​គោលបំណង​សន្តិភាព​តែប៉ុណ្ណោះ​។​
 
​សហរដ្ឋអាមេរិក បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ក្នុង​ឆ្នាំ​២០១៨ និង​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច ជាពិសេស​ផ្តោតទៅលើ​វិស័យ​ផលិត​ប្រេង​ដ៏​សំខាន់​របស់​អ៊ីរ៉ង់​។ 
 
​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​សហរដ្ឋអាមេរិក លោក Joe Biden លើកឡើងថា​លោក​មានបំណង​នឹងចូលរួម ក្នុង​កិច្ចព្រមព្រៀង​នោះ​ឡើងវិញ ប្រសិនបើ​អ៊ីរ៉ង់​ងាក​ត្រឡប់មក​អនុវត្តតាម​៕
 

Tag:
 ​រូប​ឯកសារ​៖ ទង់ជាតិ​អ៊ីរ៉ង់​ត្រូវបាន​ដោត​នៅ​ពីមុខ​រោងចក្រ​ផលិត​នុយក្លេអ៊ែរ Bushehr របស់​អ៊ីរ៉ង់ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​
© រក្សាសិទ្ធិដោយ thmeythmey.com