កីឡាអន្តរជាតិ
អន្តរជាតិ
Son ជាប់ឆ្នោត​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ឆ្នាំ​២០២០ និង​ជា​លើក​ទី​៦​ក្នុង​អាជីព​
05, Jan 2021 , 12:29 pm        
រូបភាព
Son Heung-min ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Tottenham Hotspur ជាប់​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ទ្វីបអាស៊ី Best Footballer in Asia ឆ្នាំ​២០២០ និង​ជាការ​ឈ្នះ​លើក​ទី​៦​ក្នុង​អាជីព​របស់គេ ក្នុងចំណោម​ការប្រកាស​ពាន​ទាំង​៨​លើក​។​



​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូរ៉េខាងត្បូង វ័យ​២៨​ឆ្នាំ​រូបនេះ ត្រូវបាន​អ្នកកាសែត​កីឡា និង​អ្នកពាក់ព័ន្ធ​នៅ​តំបន់​អាស៊ី​ផ្តល់​ការជឿជាក់​ដោយ​បោះឆ្នោត​ឲ្យ​រូបគេ​រហូតដល់​សំឡេង​នាំមុខ​ដាច់​២៨៦​សំឡេង នាំមុខ​គូប្រជែង Sardar Azmoun ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អ៊ីរ៉ង់ និង​ក្រុម Zenit Saint Petersburg ដែល​បាន​៨៩​សំឡេង  និង​លេខ​៣ កីឡាករ​ប្រេ​ស៊ី​ល Junior Negrao របស់​ក្រុម Ulsan Hyundai បាន​៨៣​សំឡេង​។​
 
Best Footballer in Asia បានរៀបចំ​ដោយ Titan Sports ចាប់តាំងពី​ឆ្នាំ​២០១៣ ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ពាន Ballon d’Or ដែរ​។ រយៈពេល​៨​ឆ្នាំ​មកនេះ គេ​បាន​រកឃើញ​អ្នកឈ្នះ​តែ​៣​រូប​បុ​ណ្ណោះ ក្នុងនោះ​អតីត​កីឡាករ​ជប៉ុន Keisuke Honda ដែល​សព្វ​ថ្ងៃជា​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា ទទួលបាន​លើកដំបូង​នៅ​ឆ្នាំ ២០១៣ និង​ខ្សែប្រយុទ្ធ​ជប៉ុន Shinji Okazaki (២០១៦)​។ ក្រៅពីនោះ ៦​លើក​ធ្លាក់​ទៅក្នុង​ដៃ Son ទាំងអស់ ពោលគឺ​ក្នុង​ឆ្នាំ ២០១៤, ២០១៥, ២០១៧, ២០១៨, ២០១៩ និង ២០២០​។
 
​កាលពី​រដូវ​កាល ២០១៨-១៩ Son បាន​ជួយ​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League មុនពេល​ចាញ់ Liverpool ២-០​។ ដោយឡែក នៅ​ដើមរដូវ​កាល​នេះ ២០២០-២១ រូបគេ​បានបង្ហាញ​ភាពលេច​ធ្លោ​ខ្លាំង តាមរយៈ​ការជួយ Spur ឈ្នះ​ជាច្រើន​ប្រកួត​នៅ Premier League​។ 


 
​ក្រៅពី​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ឆ្នាំ ២០២០ Son ដែល​ថ្មីៗ​នេះ​ទើប​ឈ្នះ​ពាន​គ្រាប់​បាល់​ល្អ​បំផុត Puskas តាមរយៈ​ការប្រើ​ទេពកោសល្យ​អូស​បាល់​តាំងពី​ក្រោម​រហូត​ស៊ុត​បញ្ចូល​ទី​ក្រុម West Ham នៅ​ការប្រកួត​លី​គ​កំពូល​អង់គ្លេស​នោះ ក៏បាន​ក្លាយជា​អ្នក​បញ្ចប់​ទី​ល្អ​ជាងគេ​នៅ​អង់គ្លេស​ផងដែរ​។ 
 
​សមាជិក​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​រូបនេះ បាន​ក្លាយជា​កីឡាករ​ដ៏​សំខាន់​សម្រាប់​ក្រុម​របស់លោក Jose Mourinho ក្នុងការ​ប្រជែង​ពាន Premier League រដូវ​កាល​នេះ បន្ទាប់ពី​រូបគេ​អា​ចរក​គ្រាប់​ស៊ុត​បញ្ចូល​ទី​ចំនួន​១២​គ្រាប់ និង​បញ្ជូន​ឲ្យ​ដៃគូ​សម្រេច​ទី​៥​លើក​ក្នុងការ​បង្ហាញខ្លួន​១៦​ប្រកួត​ក្នុង​លី​គ​កន្លងមក​៕

Tag:
 Son Heung-min
  Tottenham Hotspur
  Best Footballer in Asia
© រក្សាសិទ្ធិដោយ thmeythmey.com