ជាតិ
ព្រះមហាក្សត្រ
ហ៊្វុនស៊ិនប៉ិច ថ្កោលទោសលោក សម រង្ស៊ី ចំពោះការប្រមាថព្រះរាជា
05, Jan 2021 , 2:03 pm        
រូបភាព
លោក សម រង្ស៊ី ចូលគាល់ព្រះមហាក្សត្រ កាលឆ្នាំ២០១៣ (រូប AFP)
លោក សម រង្ស៊ី ចូលគាល់ព្រះមហាក្សត្រ កាលឆ្នាំ២០១៣ (រូប AFP)
គណបក្សហ៊្វុនស៊ិនប៉ិច ជាគណបក្សរាជានិយមនិងមានប្រធានជាសែរាជវង្ស បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះលោក សម រង្ស៊ី មេដឹកនាំកំពូលនៃក្រុមជំទាស់ ដែលកំពុងរស់នៅឯប្រទេសបារាំង ចំពោះការប្រមាថរបស់លោក លើព្រះមហាក្សត្រ។



តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ គណបក្សហ៊្វុនស៊ិនប៉ិច ដែលមានសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះរាមរបស់ព្រះមហាក្សត្រ ធ្វើជាប្រធាន បានចាត់ទុកការប្រមាថរបស់លោក សម រង្ស៊ី លើព្រះមហាក្សត្រ ថាជាការប្រមាថយ៉ាងធ្ងន់ធ្ងរនិងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ព្រះរាជកិត្តិនាមរបស់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រជារាស្រ្ត។

មិនមែនតែម្តងទេ គឺពីរបីដងហើយ ដែលោក សម រង្ស៊ី ត្រូវតុលាការកម្ពុជា ចោទពីបទប្រមាថព្រះមហាក្សត្រ ហើយលោក ត្រូវបានតុលាការ សម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំម្តងរួចមកហើយពីបទប្រមាថព្រះមហាក្សត្រ ខណៈនៅមានសំណុំរឿងផ្សេងទៀតអំពីការប្រមាថព្រះមហាក្សត្រនេះ កំពុងស្ថិតក្នុងដំណើរការរបស់តុលាការ។

គណបក្សហ៊្វុនស៊ិនប៉ិច យល់ថា ការកាត់ទោស លោក សម រង្ស៊ី ឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ ពិតជាត្រឹមត្រូវ។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សរាជានិយមមួយនេះ ដែលធ្លាប់ដឹកនាំរដ្ឋាភិបាល កាលពីការបោះឆ្នោតអាណតិ្តទី១ ហើយលោក លោក សម រង្ស៊ី ក៏ធ្លាប់ជ្រកកោនដែរនោះ បានបង្ហាញការប្តេជ្ញាដូច្នេះថា៖«គណបក្សហ៊្វុនស៊ិនប៉ិច សូមបញ្ជាក់ជូនបងប្អូនជនរួមជាតិនូវការប្តេជ្ញាចិត្តយ៉ាងប្តូរផ្តាច់ការពាររបបរាជានិយម និងព្រះរាជបង្ល័ង្គ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា»។

រដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ។ ចំណែក ក្រមព្រហ្មទណ្ឌកម្ពុជា ចែងថា បុគ្គលណា ប្រមាថព្រះមហាក្សត្រ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ១០លានរៀល៕

Tag:
 សម រង្ស៊ី
  បក្សហ៊្វុនស៊ិនប៊ិច
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com