COVID-19
អន្តរជាតិ
ថៃ នឹង​បន្ត​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ដល់​ចុងខែ​កុម្ភៈ ខណៈ​ករណី​ឆ្លង​កូ​វីដ​-១៩ នៅតែ​ខ្ពស់​
05, Jan 2021 , 3:57 pm        
រូបភាព
បុគ្គលិកថៃ បាញ់ទឹកលាងសម្អាតរថភ្លើងនៅក្នុងទីក្រុងបាងកក។ រូបភាព៖ AFP
បុគ្គលិកថៃ បាញ់ទឹកលាងសម្អាតរថភ្លើងនៅក្នុងទីក្រុងបាងកក។ រូបភាព៖ AFP
​ករណី​ឆ្លង​កូ​វីដ​-១៩ នៅ​ថៃ នៅ​ថ្ងៃទី​៥ ខែមករា បាន​ធ្លាក់ចុះ​បន្តិច បើ​ធៀន​នឹង​ប៉ុន្មាន​ថ្ងៃមុន ដោយ​ករណី​ឆ្លង​មាន​ចំនួន ជាង ៥២៧​ករណី​។ រដ្ឋាភិបាល​ថៃ ក៏​បន្ត​ដាក់​សុពលភាព​ក្រឹត្យ​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​រហូត​ដល់​ដំណាច់​ខែកុម្ភៈ​ផងដែរ​។

 
​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូ​វីដ​-១៩ (CCSA) នៅ​ថ្ងៃទី​៤ ខែមករា បានអនុម័ត​ឲ្យ​បន្ត​ការដាក់​ប្រទេស​រហូតដល់​ដំណាច់ខែ​កុម្ភៈ ខណៈ​ភាពអាសន្ន​បច្ចុប្បន្ន​ជិត​អស់​សុពលភាព​ទៅហើយ​។ សេចក្តីសម្រេច​របស់ CCSA ត្រូវ​ឆ្លងកាត់​ការយល់ព្រម​របស់​គណៈ​រដ្ឋមន្ត្រី​ថៃ​នៅ​ថ្ងៃទី​៥ ខែមករា​សិន​។​
 
​ការអនុម័ត​ឲ្យ​បន្ត​ស្ថាន​ភាពអាសន្ន​នេះ ធ្វើឡើង​ស្របពេល​ថៃ​បន្ត​ប្រយុទ្ធ​ការផ្ទុះ​ឡើង​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដែល​កើតចេញពី​ខេត្ត​សមុទ្រ​សាគរ​កាលពី​ពាក់កណ្ដាល​ខែធ្នូ​។ នៅ​ថ្ងៃទី​៥ ខែមករា ថៃ​បានប្រកាសថា មាន​ករណី​ឆ្លង​ចំនួន ៥២៧​ករណី និង​គ្មាន​អ្នកស្លាប់ ដែល​អត្រា​នេះ មាន​ចំនួន​តិចជាង​ថ្ងៃទី​៤ ខែមករា ដែលមាន​៧៤៥​ករណី​។ ក្នុងចំណោម​ករណី​ឆ្លង​ថ្មី ករណី​ឆ្លង​ក្នុងស្រុក​មាន​ចំនួន ៥២១​ករណី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។ 
 
​គិត​ត្រឹម​ពេលនេះ ថៃ​មាន​ការឆ្លង​សរុប​ចំនួន ៨៩៦៦​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៦៥​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៤៣៩៧​នាក់​។ 
 
​បើទោះបី​ជាមាន​ករណី​ឆ្លង​នៅតែ​បន្ត​រាតត្បាត​ក៏ដោយ នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា នៅមុន​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ថៃ បាន​ថ្លែងថា ថៃ​មិនមាន​គម្រោង​បិទ​ខេត្ត​ចំនួន​៥ ដែល​រងគ្រោះ​ខ្លាំង​ទាំងស្រុង​ឡើយ​។ ខេត្ត​ទាំងនោះ​មានដូចជា សមុទ្រ​សាគរ​, ជល​បុរី​, រ៉ា​យ៉ង​, ចន្ទ​បុរី​, និង​ត្រាត​។​
 
​ចំណែក​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Wissanu Krea-ngam ក៏បាន​ច្រានចោល​សំណើ​នេះដែរ ដោយ​សំអាងថា ខេត្ត​ទាំងនោះ​ស្ថិតក្រោម​ការ​រឹតត្បិត​យ៉ាង​តឹងរ៉ឹង​រួចហើយ និង​មិន​ទាមទារ​ឲ្យ​បិទ​ទាំងស្រុង​ឡើយ​។ សំណើ​បិទ​ខេត្ត​ខាងលើ​ទាំងស្រុង​នេះ ស្នើ​ដោយ​អនុរដ្ឋមន្ត្រី​សុខាភិបាល​ថៃ Satit Pitutecha ។ 
 
​ជាមួយគ្នានេះ ថៃ ក៏បាន​ដាក់ចេញ​វិធានការ​បន្ថែមទៀត​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​។ រាល់​អ្នក​ដែល​ធ្វើដំណើរ​ពី​តំបន់​ក្រហម ដែលជា​តំបន់​ឆ្លង​ខ្លាំង​នោះ ចូលទៅ​តំបន់​ផ្សេងទៀត ត្រូវដាក់​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​។ ខេត្ត​ថៃ ស្ថិតក្នុង​តំបន់​ក្រហម​មាន​ចំនួន ២៧ និង​ទីក្រុង​បាងកក​ផងដែរ​។ ប៉ុន្តែ​ក្នុង​តំបន់​នេះ ភ្ញៀវ អាច​បរិភោគ​នៅក្នុង​ហាង​បាន​រហូតដល់​ម៉ោង ៩​យប់​។ ចាប់ពី​ម៉ោង ៩​យប់ ដល់​ម៉ោង ៦​ព្រឹក ការបរិភោគ​នៅក្នុង​ហាង​ត្រូវ​ហាមឃាត់​។​
 
​លើសពីនេះ គ្រប់​ហាង​ទាំងអស់ អាច​បើក​បាន ប៉ុន្តែ​ត្រូវបាន​ឧបករណ៍​ត្រួតពិនិត្យ​កម្តៅ​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ប្រើប្រាស់​កម្មវិធី Morchana ដែលជា​កម្មវិធី​តាមដាន​អ្នក​ផ្ទុក​កូ​វីដ​-១៩ លើ​ទូរ​សព្ទ​ដៃ​។ រាល់​ការធ្វើដំណើរ​ឆ្លងខេត្ត ត្រូវ​ផ្អាក​បណ្តោះអាសន្ន លើកលែងតែ​កិច្ចការ​សំខាន់ ដូចជា​ការដឹកជញ្ជូន​ទំនិញ​ជាដើម​៕

Tag:
 ថៃ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com