COVID-19
អន្តរជាតិ
លោក ឌូ​ទើ​តេ ថា ក្រុម​អង្គរក្ស​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​គ្មាន​ការអនុញ្ញាត​ដើម្បី​ការពារ​ខ្លួន​
05, Jan 2021 , 11:58 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ ការិយាល័យទំនាក់ទំនងប្រធានាធិបតី
ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ។ រូបភាព៖ ការិយាល័យទំនាក់ទំនងប្រធានាធិបតី
​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ នៅ​ថ្ងៃទី​៤ ខែមករា​បាន​ប្រើពាក្យ​ធ្ងន់ៗ​ដាក់​សមាជិក​ព្រឹទ្ធសភា​ដែល​ចង់​កោះហៅ​ក្រុម​សន្តិសុខ​ប្រធានាធិបតី​ទៅ​សួរនាំ​ពាក់ព័ន្ធ​ការចាក់​វ៉ាក់សាំង​ដែល​មិនទាន់​ទទួលបាន​ការអនុញ្ញាត​។ បើតាម​លោក ឌូ​ទើ​តេ ការចាក់​វ៉ាក់សាំង​ទាំងនោះ ជាការ​ពារ​ខ្លួន និង​ការពារ​រូបលោក​ប៉ុណ្ណោះ​។


 
​ថ្មីៗ​នេះ រដ្ឋមន្ត្រី​មហាផ្ទៃ​ហ្វីលីពីន លោក Eduardo Ano បាន​អះអាងថា សមាជិក​គណៈរដ្ឋមន្ត្រី​ខ្លះ និង​ក្រុម​សន្តិសុខ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ រួចហើយ ស្របពេល​វ៉ាក់សាំង​ទាំងនោះ មិនទាន់​ត្រូវបាន​និយ័ត​ករ​ឱសថ​ក្នុងស្រុក​ទទួលស្គាល់​ឡើយ​។ មេបញ្ជាការ​កង​អង្គរក្ស​ប្រធានាធិបតី លោក Jesus Durante និយាយថា ក្រុម​អង្គរក្ស បានទទួល​ការចាក់​វ៉ាក់សាំង​តាំងពីដើម​ខែកញ្ញា​មក​ម្លេះ ប៉ុន្តែ​មិន​បញ្ជាក់ថា ប្រើប្រាស់​វ៉ាក់សាំង​ណា​ឡើយ​។​
 
​លោក Franklin Drilon សមាជិក​ព្រឹទ្ធសភា នៅ​ថ្ងៃទី​៣១ ខែធ្នូ កន្លងទៅ បាន​លើកឡើងថា មេបញ្ជាការ PSG គួរតែ​ត្រូវ​កោះហៅ​មក​បំភ្លឺ​នៅក្នុង​ព្រឹទ្ធសភា ជុំវិញ​ការចាក់​វ៉ាក់សាំង ដែល​មិនទាន់​ទទួលបាន​ការអនុញ្ញាត​លើ​កង​អង្គរក្ស​ប្រធានាធិបតី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Inquirer ។ 
 
​លោក​ប្រធានាធិបតី ឌូ​ទើ​តេ តប​ទៅ​លោក Drilon វិញ​ថា កុំ​ចង់​មក​ពាក់ព័ន្ធ​ជាមួយ​ក្រុម​អង្គរក្ស​របស់លោក ព្រោះ​ការចាក់​វ៉ាក់សាំង​នេះ គ្រាន់តែ​ជាការ​ការពារ​ខ្លួន​ពី​កូ​វីដ​-១៩ ប៉ុណ្ណោះ គ្មានអ្វី​លើសពី​នេះឡើយ​។ ទន្ទឹមនេះ ប្រមុខរដ្ឋ​ហ្វីលីពីន​រូបនេះ បាន​បន្តថា ប្រសិនជា​ហ៊ាន​ហៅ​កង​អង្គរក្ស​ចូល​បំភ្លឺ​ក្នុង​សភា វា​នឹងមាន​បញ្ហា​តិចតួច​មួយចំនួន​។ 
 
«​តាម​ខ្ញុំ​យល់ ពួកគេ​ធ្វើ​នេះ គឺ​ដើម្បី​ប្រយោជន៍​សម្រាប់​ជីវិត​គេ​»​។ លោក ឌូ​ទើ​តេ បាន​ពន្យល់​បែបនេះ ដោយ​បន្ថែមថា បើសិន​បើ​ក្រុម​សន្តិសុខ​ប្រធានាធិបតី​ត្រូវ​បំភ្លឺ​នៅក្នុង​សភា​មែន​នោះ លោក​នឹង​ប្រាប់​មិន​ឲ្យ​អ្នក​ទាំងនោះ​និយាយ​អ្វី​ទាំងអស់​។ លោក​ថែមទាំង​អះអាងថា អង្គរក្ស​លោក បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន តាមរយៈ​ការចាក់​វ៉ាក់សាំង ដើម្បី​ការពារ​ប្រធានាធិបតី​ប៉ុណ្ណោះ ហើយ​អ្វីៗ សុទ្ធតែ​មានចែង​នៅក្នុង​ច្បាប់​។ 
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៤ ខែមករា ហ្វីលីពីន មាន​ករណី​ឆ្លង​ចំនួន ៩៥៩​ករណី និង​អ្នកស្លាប់​ចំនួន ៦​នាក់​។ តួលេខ​សរុប ហ្វីលីពីន​មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន ៤៧៨៧៦១​ករណី អ្នកស្លាប់​មាន​ចំនួន ៩២៦៣​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៤៤៨២៧៩​នាក់​៕ 

Tag:
 ហ្វីលីពីន​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com