ជាតិ
សង្គមជាតិ
ថ្ងៃកូនទទួលសញ្ញាបត្រ
05, Jan 2021 , 5:10 pm        
រូបភាព
និស្សិតបញ្ចប់ការសិក្សាថតរូបអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារក្រោយទទួលសញ្ញាបត្រនៅសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ។
និស្សិតបញ្ចប់ការសិក្សាថតរូបអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារក្រោយទទួលសញ្ញាបត្រនៅសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ។
ដោយ៖ ដុំ វណ្ណៈ

សុវិទ្យានុសារិតា កូនមាសឪពុក!
ពុកបានចំណាយពេលច្រើនគួរសម ទម្រាំអាចបណ្តុះចិត្តក្លាហានបានប៉ុណ្ណេះ សរសេរលិខិតតូចមួយ ក្នុងថ្ងៃដែលកូនទទួលសញ្ញាបត្រ ក្នុងថ្ងៃ ៣កើត ខែជេស្ឋ ឆ្នាំមមី ឯកស័ក ព.ស ២៥៨៣ ត្រូវនឹងថ្ងៃ ពុធ ទី ២៥ ខែឧសភា គ.ស ២០៣៩ ។ 

គាប់ជួន ថ្ងៃនេះក៏ជាថ្ងៃកំណើតរបស់ពុកផងដែរ។ ពុកគ្មានអ្វីជាអំណោយ ជាមាសប្រាក់លុយឡាន គ្មានទាំងបាច់ផ្កា សង្ហារស្អាតស្រស់ ដល់កូនពុកឡើយ។ ពុកមានតែពាក្យពេចន៍បន្តិចបន្តួច  ទុកជាគតិ ជាមាគ៌ាសម្រាប់ប្រតិបត្តិទៅថ្ងៃក្រោយ ក្រែងថា ពុកកាន់តែចាស់ រូបកាយនេះ  ច្បាស់ជានឹងត្រូវកាន់កាប់ដោយជរា បៀតបៀនដោយព្យាធិ ធ្វើឲ្យភ្លេចភ្លាំងសតិ ស្រុតកម្លាំង ខ្វល់អំពល់ មិនសល់ពាក្យពេចន៍សម្ដី ឲ្យពិរោះក្បោះក្បាយរ៉ាយរ៉ាប់ សារសព្ទទៅកូនបានល្អ។ ពាក្យខ្លះរបស់ពុកក្នុងថ្ងៃនេះ ជាពាក្យរបស់ម្តាយកូន ដែលផ្តែផ្តាំឲ្យពុកនិយាយជំនួស ជួសមុខគាត់ផង។ 
 
កូនមាសឪពុក! ជាភ័ព្វព្រេងសំណាងរបស់កូនណាស់ ដែលកូនពុកបានរៀនចប់ដល់ថ្នាក់ខ្ពស់ រហូតចប់ចុងចប់ដើម តាមក្តីប្រាថ្នារបស់ម៉ែពុក និងខ្លួនកូន ហើយចេះភាសាបរទេស អង់គ្លេស បារាំង ចិន យួន មានជំនាញបីបួនមុខយ៉ាងពិតប្រាកដ ដែលសង្គមជាតិត្រូវការជាចាំបាច់ ក្នុងសម័យទំនើបនេះ។ រូបកូន ជាផលិតផលនៃសន្តិភាព ឯម៉ែពុកវិញ ជាផលិតផលនៃសង្គ្រាម ដិតដាមដោយស្លាកស្នាមហិង្សា និងការបាក់ស្បាតផ្លូវចិត្ត។
 
 ជំនាន់ម៉ែពុក ម៉ែពុកគ្មានពេលនឹងសង្វាតឱហាត រៀនសូត្រច្រើនដូចកូនឡើយ ដោយសារសង្រ្គាមបង្ហូរឈាម រវល់តែរត់គេចគ្រាប់ផ្លោង តោងចាប់មុងកន្ទេល ននៀលគេចវេស ដេកលាក់ខ្លួនពួនអាត្មាក្នុងព្រៃជ្រៅតូចធំ ហាលសន្សើម ក្រោមភ្លៀងផ្គររន្ទះ។ មានពេលខ្លះត្រូវស៊ីកន្លាត ក្អាត់ សត្វល្អិតជាអាហារក៏មាន រហូតជីតារបស់កូនបានរំលឹកលេងសើចប្រាប់ពុកថា កាលពុកនៅក្មេង សត្វជើងបួន ពុកតមតែតុគ្រែនិងប៉ៅអ៊ី សត្វជើងពីរពុកតមតែកាំជណ្តើរ ឯសត្វហើរពុកតមតែយន្តហោះ។

ភាពជោគជ័យដ៏ត្រចះត្រចង់របស់កូនថ្ងៃនេះ ជាមោទនភាពរបស់គ្រួសារយើងផង ពូជពង្សវង្សត្រកូលយើងផង របស់ម៉ែពុកផង និងរបស់ជាតិផង។ ម៉ែពុកក្រទាំងចំណេះ ទាំងទ្រព្យ និងពាក្យសំដី តែម៉ែពុក បានប្រឹងប្រែង ខ្នះខ្នែងឃ្មាតខ្មី លីសែង គាស់កាប់ យប់ថ្ងៃ ចំណាយកម្លាំង ចូកចាំង ទាំងឈឺទាំងជា មិនហ៊ានសម្រាក ប្រឹងរកយកប្រាក់ ទុកឲ្យកូនបានរៀនខ្ពស់ យកចំណេះ ជាទ្រព្យសុខ ទ្រព្យឧត្តមសមសួនសម្រាប់ជីវិត កុំឲ្យជាន់ដានម៉ែពុក។ ចូរកូន ចាត់ទុក ចំណេះវិជ្ជានេះ ថាជាទ្រព្យដែលម៉ែពុកបានចែកឲ្យទៅចុះ។ 
 
កូនដឹងទេ? មិនមែនមនុស្សទាំងអស់ សុទ្ធតែបានរៀនសូត្រខ្ពង់ខ្ពស់ដូចកូនឡើយ។ មានមនុស្ស រាប់រយលាននាក់ ក្នុងពិភពលោក ដែលកំពុងគ្មានឱកាសចូលរៀនសោះ ស្របពេលអ្នកមានឱកាសខ្លះ កំពុងពិបាកចិត្តមិនដឹងរៀនអ្វី។ កុមាររាប់លាននាក់កំពុងរត់គេចពីសង្រ្គាម សុំតែរស់ ឯកូនពុកឯណេះ កំពុងអង្គុយក្នុងថ្នាក់ស្រួល មានហូបចុកគ្រប់គ្រាន់។ បើកូនប្រៀបធៀបចំណុចទាំងអស់នេះ កូននឹងគិតថា ឱកាសនៃការអប់រំដែលកូនបានពេលនេះ ជាអំណោយបុណ្យលាភដ៏មហាសាល មានតម្លៃជាអនគ្ឃអនេក ដែលកូនត្រូវប្រើប្រាស់ចំណេះទាំងនេះ តែក្នុងផ្លូវល្អជានិរន្តរ៍តទៅ។ 
 
កូនមាសឪពុក! ព្រោះកូននឹងចេញធ្វើការ អាចនឹងជួបភពប្រសព្វដៃគូជីវិតនាពេលខាងមុខ។ ដូច្នោះហើយ ក្នុងវរោកាសនេះ ពុកសូមផ្តាំឲ្យកូនពុកចងចាំកត់ចំណាំតទៅ ចំពោះគុណបី ដែលកូនជំពាក់ និងរបៀបសងគុណទាំងនេះ។ ការនឹករលឹក និងតបស្នងគុណទាំងបីនេះ កូននឹងបានសុខចម្រើនក្នុងជីវិតគ្រួសារ និងការងារទាំងពួង។
 
គុណទីមួយ៖ គឺកូនជំពាក់គុណរបស់ម្តាយឳពុក ព្រោះលោកបានប្រឹងចិញ្ចឹមបីបាច់ថែរក្សា។ កូនត្រូវសងគុណលោក ដោយការកសាងគ្រួសារ មានប្តីប្រពន្ធ មានកូនចៅ បន្តពូជពង្សវង្សត្រកូល និងលើកកិត្តិយសពូជពង្សវង្សត្រកូលរបស់កូន ឲ្យបានខ្ពស់ប្រសើរលើសដើម។ ម៉ែពុក មិនចង់ឲ្យកូនមកចិញ្ចឹមម៉ែពុក និងរស់នៅដូចកាលម៉ែពុកចិញ្ចឹមកូនទេ ព្រោះម៉ែពុកដឹងថា មនុស្សចាស់រអ៊ូច្រើន ឆាប់ខឹង មិនទាន់សម័យ តែថា អំពើល្អរបស់កូន ជាគំរូដល់ជនផងទាំងពួងផង ដល់កូនចៅប្រុសស្រីរបស់កូនផង និងបង្ហាញពីការគោរពវប្បធម៌សាសនានៃកូនផង។ កាលកូននៅឆ្ងាយ សូមកូននឹកម៉ែពុកផង ព្រោះកូនទទួលបានអ្វីគ្រប់យ៉ាង គឺគាត់ជាអ្នកផ្តល់ឲ្យ ដោយលោកយកសាច់ឈាមមកប្តូរ។ ដឹងគុណគាត់ ចិញ្ចឹមគាត់ គឺជាការបូជាដល់ព្រះអាទិទេព ហើយកូននឹងចម្រើន។
 
គុណទីពីរ៖ កូន បានជំពាក់គុណរបស់គ្រូបាអាចារ្យ ដែលបានបង្ហាត់បង្រៀន ប្រៀនប្រដៅ ផ្តល់ចំណេះ និងជំនាញ។ កូនគ្រប់រូប ត្រូវសងគុណគ្រូបាអាចារ្យ ដោយការគោរពឱវាទរបស់លោក ចែករំលែកចំណេះដឹង ដល់អ្នកដទៃ បន្តរៀនសូត្រខ្លួនឯង និងយកចំណេះ ជំនាញទាំងអម្បាល ទៅប្រើប្រាស់ក្នុងផ្លូវល្អ ជួយខ្លួនឯងផង ជួយគ្រួសារផង និងជួយសង្គមជាតិផង។ ចូរកូននឹកសាលាដែលកូនធ្លាប់រៀនសូត្រផង ព្រោះជាកន្លែង ដែលជួយបណ្តុះបណ្តាលកូន ឲ្យក្លាយជាធនធានល្អ ជួយកូនឲ្យមានការងារល្អ មានមុខមានមាត់ តំណែងបុណ្យយសសក្តិ។ នឹកគ្រូផង ព្រោះបើគ្មានពួកគាត់ កូនគ្មានថ្ងៃនេះ និងអនាគតបែបហ្នឹងឡើយ។ កូនត្រូវចាំថា ការចងចាំគាត់ ការគោរពគាត់ គឺជាការឲ្យតម្លៃចំណេះវិជ្ជា។ 
 
គុណទីបី៖ ក្នុងនាមជាពលរដ្ឋ កូនបានជំពាក់គុណរបស់ជាតិ ដែលបានផ្តល់ការការពារ សន្តិសុខ សន្តិភាព អត្តសញ្ញាណជាដើម ដែលពលរដ្ឋគ្រប់រូប ត្រូវសងដោយការការពារសាសនា វប្បធម៌ ស្តាប់មេដឹកនាំ គោរពច្បាប់ជាតិ បរិច្ចាគធនធាន មានចិត្តស្នេហាជាតិ បណ្តុះគំនិតជាតិនិយម ហ៊ានតស៊ូលះបង់អាយុជីវិត ដើម្បីការពារជាតិមាតុភូមិឲ្យគង់វង្ស ឲ្យសុខសន្តិភាពមនោរម្យ និងស្ថិរភាពសង្គមតទៅ។ បើកូនបានធូរធារហើយ ចូរកូនជួយជាតិផង ព្រោះសង្គមជាតិ ផ្តល់អ្វីគ្រប់យ៉ាង ទាំងគ្រួសារ សាសនា ការអប់រំជាដើមដល់កូន។ កុំគិតគ្រួសារពេក ព្រោះបើគ្មានជាតិ គ្រួសារក៏គ្មាន។ កាលបើកូនជួយសង្គមជាតិ មានន័យថាកូនជួយខ្លួនឯង។ មួយវិញទៀត កូនត្រូវរាប់អានញាតិឲ្យបានច្រើន ជួយសង្គ្រោះញាតិ ការពារអ្នកទន់ខ្សោយ ក្នុងនាមជាមនុស្សជាតិដូចគ្នា និងជាសាសន៍តែមួយ។

កុំភ្លេចសរសើរពីជាតិយើងផង ពេលកូនជួបប្រាស្រ័យទាក់ទង ជាមួយសាសន៍គេ។ បើសាសន៍យើង ចូរកូនកុំកំណាញ់ឱកាសឲ្យសោះ ការផ្តល់ឱកាសដល់អ្នកដទៃ ជាការផ្តល់ឱកាសដល់ខ្លួនឯង។ កូនពុកក៏ត្រូវចងចាំដែរថា ក្នុងនាមជាពលរដ្ឋនៃជាតិម្នាក់ កូនជាសរសរទ្រូងមួយដើម កូនត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ញ៉ាមស្រាល្បែងពាលាអាវ៉ាសែ នាំបង់ខាតកិត្តិយស អស់ទ្រព្យ បែកបាក់គ្រួសារ និងកើតរោគាផ្សេងៗ។ បើកូនចង់ជួយជាតិ កូនត្រូវតែជាពលរដ្ឋ ដែលមានសុខភាពល្អ និងមានចំណេះជំនាញ ព្រោះជាតិដែលខ្លាំង មិនមែនជាតិមានមនុស្សច្រើនឡើយ តែជាជាតិដែលមានរាស្ត្រសុខភាពល្អ មានចំណេះ ជំនាញអាចធ្វើការងារប្រកបរបរចិញ្ចឹមជីវិត និងមិនមែនជាបន្ទុករបស់ជាតិ។ សុខភាពល្អរបស់កូន ជាលាភដ៏ឧត្តមរបស់កូន របស់គ្រួសារ និងជាតិ។ 
 
កូនពុក! វ័យពុក កាន់តែចាស់ជ្រេណាស់ទៅហើយ ភ្នែកក៏ព្រិលស្រវាំង កម្លាំងក៏ខ្សោយ ចុករោយស្រពន់ ទន់រសោះអស់ជើងដៃ គ្មានថ្ងៃស្រាន្តស្រាក។ ថ្ងៃណាមួយ ពុកប្រហែលជាមិនអាច នឹងនៅជាខ្នងបង្អែក ជួយចែករំលែក ប្រឹក្សាកិច្ចការជីវិតជាមួយកូនបានដូចមុនឡើយ។ កាលបើមិនមានវត្តមានពុក ចូរកូនចងចាំថា អំពើល្អរបស់កូន រមែងទទួលបានពរជ័យពីម៉ែពុក និងទេវតា។ កូនត្រូវយកចំណេះវិជ្ជា ដែលកូនប្រឹងសន្សំមកប៉ុន្មាន ទៅប្រើប្រាស់ក្នុងផ្លូវល្អ ជួយខ្លួនឯង ជួយគ្រួសារ និងជួយជាតិ។ ក្នុងកាលៈទេសៈបែបណាក៏ដោយ ចូរកូនកុំប្រមាថ និងប្រែប្រួលឃ្លាតចាកពីភាពជាអ្នកចេះដឹងរបស់កូន ដូចជាអំពៅមិនប្រែប្រួលរសផ្អែម ទោះស្ថិតក្នុងឃ្នាបដូច្នោះដែរ។ 
 
ម៉ែពុកសង្ឃឹមថា កូននឹងបានទទួលគតិខ្លះពីលិខិតរបស់ពុកថ្ងៃនេះ សម្រាប់ដឹកនាំជីវិត។ ចុងបញ្ចប់ ម៉ែពុក សូមជូនពរកូន។ 
 
ពីពុករបស់កូន
  
បណ្ឌិត ដុំ វណ្ណៈ សាស្ត្រាចារ្យរង សាកលវិទ្យាល័យ កម្ពុជា។​​ មតិក្នុងសំណេរនេះជាទស្សនៈផ្ទាល់របស់ស្មេរ មិនឆ្លុះបញ្ចាំងពីស្ថាប័នណាមួយឡើយ។ 
 
ពន្យល់ពាក្យ៖ សុវិទ្យានុសារិតា (ន) អ្នកស្វែងរកចំណេះវិជ្ជាល្អៗ, អ្នកអនុវត្តន៍តាមចំណេះវិជ្ជាល្អៗ, អ្នកដើរតាមគន្លងធម៌។
 

© រក្សាសិទ្ធិដោយ thmeythmey.com