COVID-19
អន្តរជាតិ
ថៃ​រកឃើញ​អ្នក​កើត​កូ​វីដ​-១៩ ចំនួន​៣៦៥​នាក់​ទៀត និង​ស្លាប់​បន្ថែម​១​នាក់​
06, Jan 2021 , 5:28 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ វិមានរដ្ឋាភិបាលថៃ
លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចន្ទអូចា។ រូបភាព៖ វិមានរដ្ឋាភិបាលថៃ
​ថៃ នៅ​ថ្ងៃទី​៦ ខែមករា បានប្រកាសថា មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ចំនួន ៣៦៥​ករណី និង​អ្នកស្លាប់​ចំនួន ១​នាក់​។ ករណី​ឆ្លង​នេះ បាន​ធ្លាក់ចុះ​ច្រើន បើ​ធៀប​នឹង​ប៉ុន្មាន​ថ្ងៃមុន​។ ទន្ទឹមគ្នា​នេះដែរ រដ្ឋាភិបាល​ថៃ បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ឱសថ​AstraZeneca ជាច្រើន​លាន​ដូ​ស​បន្ថែមទៀត សម្រាប់​ចាក់​ឲ្យ​ប្រជាជន​ខ្លួន ដែលជា​ផ្នែក​មួយ​នៃ​ការទប់ស្កាត់​ការ​រាតត្បាត​កូ​វីដ​-១៩​។


​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ស្ថានការណ៍​កូ​វីដ​-១៩ ហាក់ដូចជា​ធូរស្រាល​បន្តិច ដោយសារ​ករណី​ឆ្លង​បន្ត​ធ្លាក់ចុះ​។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​នៅតែ​បន្ត​ចាត់វិធានការ​យ៉ាង​រឹតត្បិត ដើម្បី​បង្ការ​ករណី​ឆ្លង​ហក់​ឡើងជា​ថ្មី​។ នៅ​ថ្ងៃទី​៦ ខែមករា ថៃ​មាន​ករណី​ឆ្លង​ចំនួន ៣៦៥​ករណី និង​អ្នកស្លាប់ ១​នាក់ ដែល​ចំនួន​នេះ គឺ​ធ្លាក់ចុះ​មួយ​ភាគ​ធំ បើ​ធៀប​នឹង​ប៉ុន្មាន​ថ្ងៃមុន​។ នៅ​ថ្ងៃទី​៤ ខែមករា ថៃ​មាន​ករណី​ឆ្លង ៧៤៥​ករណី និង​ថ្ងៃទី​៥ ខែមករា មាន​ចំនួន ៥២៧​ករណី​។ 
 
​តួលេខ​កូ​វីដ​-១៩ សរុប ថៃ​មាន​ចំនួន ៩៣៣១ ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៦៦ នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៤៤១៨​នាក់​។ 
 
​ក្នុងករណី​ឆ្លង​ថ្មី​នេះ អ្នក​ឆ្លង​ក្នុងស្រុក​មាន​ចំនួន ៣៤៩​នាក់ និង​អ្នក​ឆ្លង​មកពី​ក្រៅប្រទេស​មាន​ចំនួន ១៦​នាក់ ដោយ​ខេត្ត​ជល​បុរី មាន​ករណី​ឆ្លង​ច្រើនជាងគេ បន្ទាប់ពី​ខេត្ត​សមុទ្រ​សាគរ និង​ទីក្រុង​បាងកក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​។ 
 
​ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ លើ​ប្រជាជន​ចំនួន ៥០​ភាគរយ​នៃ​ប្រជាជន​សរុប នៅត្រឹម​បំណាច់​ឆ្នាំ​២០២១ ថៃ​បាន​សម្រុក​ទិញ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​។ នៅក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១៩ ថៃ បាន​ទិញ​វ៉ាក់សាំង​AstraZeneca ចំនួន ២៦​លាន​ដូ​ស​។ នៅ​ថ្ងៃទី​៤ មករា ថៃ បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ពី​ក្រុមហ៊ុន​ចិន​Sinovac ពីរលាន​ដូ​ស​។ នៅ​ថ្ងៃទី​៥ ខែមករា ថៃ បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឱសថ​AstraZeneca ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ចំនួន ៣៥​លាន​ដូ​ស​បន្ថែមទៀត​។ 
 
​មិន​ត្រឹមតែ​ទិញ​វ៉ាក់សាំង​ប៉ុណ្ណោះ​ទេ ថៃ​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន AstraZenca ដើម្បី​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ នៅក្នុង​ស្រុក​ផងដែរ​។ 
 
​បើតាម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក​Anucha Burapachaisri វ៉ាក់សាំង​ទិញ​ពី​ក្រុមហ៊ុន​Sinovac ដែល​នឹង​ដឹក​មកដល់​ខែកុម្ភៈ​ខាងមុខ នឹង​ចាក់​ភ្លាមៗ​លើ​គ្រូពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ និង​អ្នក​ប្រឈម​គ្រោះថ្នាក់​ខ្លាំង​ពី​កូ​វីដ​-១៩ ។ វ៉ាក់សាំង​ចំនួន​Sinovac ចំនួន​ពីរលាន​ដូ​ស​នេះ ត្រូវបាន​ចិន និង រដ្ឋបាល​ថ្នាំពេទ្យ និង​អាហារ​ថៃ អនុញ្ញាត​ឲ្យ​ប្រើប្រាស់​រួចហើយ​។ 
 
​គិត​មកទល់ពេលនេះ ថៃ​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​បាន​ជាង ៦០​លាន​ដូ​ស​រួចហើយ ដោយ​ក្រសួងសុខាភិបាល​ថៃ គ្រោង​ចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ លើ​ប្រជាជន​ខ្លួន នៅ​ខែឧសភា​ខាងមុខ​។ ថៃ​មាន​ប្រជាជន​សរុប​ប្រមាណ ៦៩​លាន​នាក់​។ 
 
​បើទោះបីជា​ទិញ​វ៉ាក់សាំង​បាន​ជាង ៦០​លាន​ដូ​ស​រួចហើយ​មែន ប៉ុន្តែ​លោក Opas Karnkawinpong ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង (DDC) បាន​ព្រមាន​ថា បើទោះបីជា​វ៉ាក់សាំង​ជា​ក្តីសង្ឃឹម​នៃ​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​មែន តែ​ការ​រឹតត្បិត​មិនអាច​ដក​បាន​ភ្លាមៗ​ទេ ហើយ​វ៉ាក់សាំង​ក៏​មិនមែនជា​អាវុធ​តែមួយ ក្នុងការ​ប្រយុទ្ធ​ជាមួយ​កូ​វីដ​-១៩ ដែរ​។ 
 
​ស្របពេល​ប្រទេស​ជាច្រើន​ដូចជា​កូរ៉េខាងត្បូង ឥណ្ឌា វៀតណាម បិទ​ជើងហោះហើរ​ជាមួយ​អង់គ្លេស​ក៏ដោយ ក្រសួងការបរទេស​ថៃ បានប្រកាសថា មិនមាន​ការបិទ​ជើងហោះហើរ ជុំវិញ​អ្នកដំណើរ​មកពី​អង់គ្លេស​ឡើយ ប៉ុន្តែ​អ្នកដំណើរ​មកពី​បរទេស​ទាំងអស់ ត្រូវដាក់​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ និង​មាន​ឯកសារ​បញ្ជាក់ថា​គ្មាន​កូ​វីដ​-១៩ បន្ថែម​។ 
 
​សូមបញ្ជាក់ថា អាជ្ញាធរ​ថៃ បាន​ប្រាប់​ទៅ​សាលារៀន​រដ្ឋ និង​ឯកជន​ទាំងអស់ នៅក្នុង​តំបន់​មាន​ករណី​ឆ្លង​កម្រិត​ខ្ពស់ ដែលមាន​ខេត្ត​ចំនួន​២៧ និង​ក្រុង​បាងកក ឲ្យ​បិទ​សាលា និង​ប្តូរ​ទៅ​រៀន​អន​ឡាញ​វិញ​រហូតដល់ ដំណាច់​ខែមករា ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​កូ​រ៉ូ​ណា​វីរុស​នៅក្នុង​ប្រទេស​៕ 

Tag:
 ថៃ​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com