ជាតិ
សង្គមជាតិ
សាលារៀន​នៅតាម​ព្រំដែន​ខ្លះ អាចនឹងមិនទាន់​បើកប​វេសន​កាល​ឆ្នាំ​ថ្មី​បានឡើយ
07, Jan 2021 , 12:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ វិទ្យាល័យ​ហ៊ុនសែន​បូរី​១០០​ខ្នង ដែល​ធ្លាប់​ដាក់​អ្នក​ច​ត្តា​ឡី​ស័ក​កន្លងមក អាច​បើក​ដំណើរការ​ឡើងវិញ និង​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី នៅ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។ នេះ​បើតាម​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ដែល​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​តាម​តេ​ឡេ​ក្រាម​។​

 
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​បញ្ជាក់ថា ក្រសួង​អប់រំ​បានអនុញ្ញាត​ឲ្យ​វិទ្យាល័យ​ហ៊ុនសែន​បូរី​១០០​ខ្នង​​បើក​ដំណើរការ​ឡើងវិញ បន្ទាប់ពី​មានការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួចរាល់​។ អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា អ្នក​កំពុងតែ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​សម្តេច​ហ៊ុនសែន​បុរី​១០០​ខ្នង​ត្រូវបាន​ផ្ទេរ​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ថ្មី​តាម​ការគ្រោងទុក​ហើយ​។ 
 
​ចំពោះ​អនុវិទ្យាល័យ និង​បឋមសិក្សា​ហ៊ុនសែន​ពោធិ៍ចិនតុង ដែលជា​គោលដៅ​សម្រាប់​ដាក់​អ្នក​ច​ត្តា​ឡី​ស័ក​ផងដែរ​នោះ ក្រសួង​អប់រំ​មិនទាន់​អាច​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​ឡើយ​។ នេះ​ជាការ​លើកឡើង​របស់លោក រស់ សុ​វាចា ដែល​បាន​ថ្លែង​ដូច្នេះ​ថា​៖«​អនុវិទ្យាល័យ​និង​បឋមសិក្សា​ហ៊ុនសែន​ពោធិ៍ចិនតុង​នឹង​ចូលរៀន​ថ្ងៃ​១១ មករា ២០២១​នៅ​សាលារៀន​មាន​ទីតាំង​ក្បែរ​សាលា​របស់ខ្លួន​សិន​»​។​
 
​បើតាម​លោក រស់ សុ​វាចា សាលារៀន​មួយចំនួនទៀត ដែល​ធ្លាប់​ដាក់​អ្នក​ច​ត្តា​ឡី​ស័ក នឹង​អាច​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​វិញ​ផងដែរ​។ ប៉ុន្តែ​សាលារៀន​ទាំងនោះ នឹងត្រូវ​បោសសំអាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ជុំវិញ​បរិវេណ​សាលា និង​ថ្នាក់រៀន​។ 
 
​លោក រស់ សុ​វាចា បាន​ថ្លែង​ដូច្នេះ​ថា​៖«​សាលារៀន​មួយចំនួន​តូច​ដែល​ធ្លាប់បាន​ប្រើប្រាស់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ត្រូវមាន​ការសម្អាត​រម្ងាប់​មេរោគ​ឲ្យ​បាន​រួចរាល់​តាម​វិធានការ​ក្រសួងសុខាភិបាល និង​បន្ត​អនុវត្តន៍​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា​SOP របស់​ក្រសួង​អប់រំ យុវជន និង​កីឡា មុន​ការបើក​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ នៅ​ថ្ងៃ​១១ មករា ២០២១ តាម​ទិដ្ឋភាព​ជាក់ស្តែង​»​។ 
 
​ដោយឡែក​សាលារៀន​ផ្សេងទៀត ដែល​ដាក់​អ្នក​ច​ត្តា​ឡី​ស័ក​ដែលជា​កម្មករ​មកពី​ប្រទេស​ថៃ​នៅក្នុង​ខេត្ត​ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ មិនទាន់​អាច​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ទាំងស្រុង​នៅឡើយ​ទេ​។ នេះបើការអះអាងរបស់មន្រ្តីនិងអភិបាលខេត្តនៃខេត្តខាងលើ។ 
 
​លោក យី សុង​គី ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា សាលារៀន​ចំនួន​៨​ដែល​កំពុងតែ​ដាក់​អ្នក​ច​ត្តា​ឡី​ស័ក​លើ​ពលករ​មកពី​ប្រទេស​ថៃ មិនទាន់​អាច​បើក​ដំណើរការ​វិញ​ឡើយ​។ បើតាម លោក យី សុង​គី សិស្សានុសិស្ស​ប្រមាណ​៦​ពាន់​នាក់ ដែល​សិក្សា​នៅ​សាលារៀន​ទាំង​៩​នោះ នឹង​ផ្ទេរ​ទៅ​រៀន​នៅតាម​សាលា​ផ្សេង និង​បន្ត​រៀន​តាម​អន​ឡាញ​វិញ​។ 
 
«​សម្រាប់​ថ្ងៃ​បើកប​វ​សន​កាល​ថ្ងៃទី​១១ ហ្នឹង​សាលារៀន​ទាំងនោះ​មិនទាន់​អាច​បើក​ដំណើរ​កើត​ទេ​។ ប៉ុន្តែ​នឹងមាន​សាលា​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី​១៨ នឹង​អាច​ដំណើរ​ការកើត ដោយសារតែ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ពលករ​ខ្លះ​គ្រប់​១៤​ថ្ងៃ​អាច​នឹង​ជិត​ចប់​។ អ៊ីចឹង​យើង​ទុកពេល​២ ទៅ​៣​ថ្ងៃ​ដើម្បី​ទុក​ឲ្យ​បោសសម្អាត​។ សាលា​មួយចំនួន​គឺ​ដូចៗ​គ្នា នៅពេលដែល​អស់ព​លក​រ គឺ​យើង​ចាប់ផ្តើម​រៀបចំ​ឲ្យ​សិស្ស​ចូលរៀន​វិញ​»​។  នេះ​ជាការ​បញ្ជាក់​របស់លោក យី សុង​គី​។ 
 
​ចំពោះ​សាលារៀន​ចំនួន​១០​ដែល​ស្ថិតនៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​សាលារៀន​៩​ទៀត នៅ​ខេត្តបន្ទាយមានជ័យ ដែល​កំពុងតែ​ដាក់​អ្នក​ច​ត្តា​ឡី​ស័ក​ពលករ​មកពី​ប្រទេស​ថៃ ក៏​មិនទាន់​អាច​បើក​ដំណើរការ​ឡើងវិញ​ដែរ​។ បើតាម​អាជ្ញាធរ​តាម​ខេត្ត​ទាំងនេះ ការមិន​ទាន់​បើក​ដំណើរការ​វិញ​នេះ ដោយសារតែ​ពលករ​ខ្មែរ​ជាច្រើន​ពី​ថៃ នៅតែ​សម្រុក​មក​កម្ពុជា​។​
 
​ចំណែក​សាលារៀន​នៅក្នុង​ខេត្ត​ប៉ៃលិន​ទាំងអស់ នឹង​គ្រោង​បើក​ដំណើរការ​ឡើងវិញ។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ដោយបាន​បន្ថែមថា ពលករ​ខ្មែរ​មកពី​ថៃ​ទាំងអស់ កំពុងតែ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះសំណាក់ និង​មន្ទីរ​បក្ស​៕

Tag:
 សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com