អន្តរជាតិ
សារព័ត៌មាន​អាមេរិក​៖ សមាជិក​គណៈរដ្ឋមន្ត្រី ពិភាក្សាគ្នា​ពី​លទ្ធភាព​ដកតំណែង​លោក ត្រាំ
07, Jan 2021 , 4:52 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ រូបភាព៖AFP
លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ រូបភាព៖AFP
ដោយ:
​នៅ​ថ្ងៃទី​៧ មករា សមាជិក​គណៈរដ្ឋមន្ត្រី​អាមេរិក មួយចំនួន​កំពុង​ពិភាក្សា​ពី​ការដកតំណែង​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ផ្សាយ​បែបនេះ​ក្រោយ​ការច្របូកច្របល់​នៅ​វិមាន​កា​ពី​តូ​ល ទី​ដែល​សមាជិកសភា​ទាំងពីរ​ថ្នាក់​កំពុង​ប្រជុំ​ដើម្បី​បញ្ជាក់​ជ័យជម្នះ​របស់លោក ចូ បៃ​ឌិន ។ យ៉ាងណាមិញ ការព្យាយាម​ដកតំណែង​លោក ត្រាំ ពេលនេះ ទំនងជា​ពិបាក​កើតឡើង ខណៈ​អាណត្តិ​ប្រធានាធិបតី​របស់លោក​កាន់តែ​ខើច​ស្រាប់​ហើយ​នោះ​។

 
​ក្រោយ​ហេតុការណ៍​ការអុកឡុក​វិមាន​សភា​អាមេរិក​ពី​សំណាក់​អ្នកគាំទ្រ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មន្ត្រីជាន់ខ្ពស់​បក្ស​សាធារណរដ្ឋ និង​សមាជិក​គណៈរដ្ឋមន្ត្រី​អាមេរិក​ខ្លះ​ផង​នោះ ក៏​ពិភាក្សាគ្នា​ពី​ការដកតំណែង​ប្រធានាធិបតី​ពី​លោក ត្រាំ ដោយ​មិនបាច់​រង់ចាំ​ឲ្យ​លោក​ចាកចេញ​នៅ​ថ្ងៃទី​២០ ខែមករា​ឡើយ​។ នេះ​បើតាម​សារព័ត៌មាន​អាមេរិក​មាន CNN និង CNBC ។ យ៉ាងណាក្តី ពុំមាន​ព័ត៌មាន​ដែល​គណៈរដ្ឋមន្ត្រី​អាមេរិក​មាន​សំឡេង​គ្រប់គ្រាន់​ក្នុងការ​ដកតំណែង​លោក ត្រាំ នៅឡើយ​ទេ​។​
 
 
 
​ការអុកឡុក​នៅ​វិមាន​សភា​ដែល​បណ្តាល​ឲ្យ​មានការ​ប៉ះទង្គិច​រវាង​ប៉ូលិស និង​កុបករ នាំ​ឲ្យ​មនុស្ស​ចំនួន​៤​នាក់​ស្លាប់ និង​៥២​នាក់​ទៀត​ត្រូវបាន​ចាត់​ខ្លួន​។ ស្ត្រី​ម្នាក់​ត្រូវ​ប៉ូលិស​បាញ់ ចំណែក​ស្ត្រី និង​បុរស​ជំទង់​ពីរ​នាក់​ទៀត​ស្លាប់​នៅ​កន្លែង​សង្គ្រោះបន្ទាន់​។ ស្របពេល​ជាមួយគ្នានេះ តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាធិបតេយ្យ ទាមទារ​ឲ្យ​បើក​ការស៊ើបអង្កេត​ពី​ចន្លោះប្រហោង​សន្តិសុខ​ដែល​បណ្តាល​ឲ្យ​អ្នកគាំទ្រ​លោក ត្រាំ អាច​ចូលលុកលុយ​ទីតាំង​ហាមឃាត់​បាន​។​
 
​លោក William Cohen អតីតរដ្ឋមន្ត្រី​ការពារជាតិ​នៃ​រដ្ឋបាល​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន ក៏​អំពាវនាវ​ឲ្យ​គណៈរដ្ឋមន្ត្រី​អាមេរិក​ដកតំណែង​លោក ត្រាំ ផងដែរ​។ លោក Cohen ដែលជា​អតីត​សមាជិកសភា និង​ព្រឹទ្ធសភា​បក្ស​សាធារណរដ្ឋ អះអាងថា លោក​ត្រាំ​មិនមែនជា​បុគ្គល​ដែល​អាច​បម្រើ​អាមេរិក​បាន​ទៀតឡើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ CNBC ។ មិន​ត្រឹម​អ្នកនយោបាយ​ទេ ផ្នែក​ឯកជន​ក៏​ចាប់ផ្ដើម​មិន​ពេញចិត្ត​កាន់តែ​នឹង​ទង្វើ​លោក ត្រាំ ដែល​បញ្ចុះបញ្ចូល​អ្នកគាំទ្រ​ឲ្យ​ឡោមព័ទ្ធ​សភា​ដែរ​។​
 
«​លោក ត្រាំ ញុះញង់​ឲ្យ​ប្រព្រឹត្ត​ហិង្សា ក្នុង​គោលបំណង​រក្សា​អំណាច ហើយ​មន្ត្រី​ជាប់ឆ្នោត​រូប​ណា​ដែល​ការពារ​លោក​ត្រាំ កំពុង​ក្បត់​សម្បថ​រដ្ឋធម្មនុញ្ញ ទាត់ចោល​ប្រជាធិបតេយ្យ និង​ជ្រើស​យក​ភាពអនាធិបតេយ្យ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Jay Timmons ប្រធាន​សមាគម​ផលិតករ​អាមេរិក​តំណាង​ឲ្យ​ក្រុមហ៊ុន​ចំនួន​១​ម៉ឺន​៤​ពាន់ ដែល​ប្រាប់​ទៅ​ទូរទស្សន៍ CNBC ។ ក្រុមហ៊ុន​ធំៗ​មាន Exxon Mobil, Pfizer និង Toyota Motor ជា​សមាជិកសមាគម​ជាដើម​។​
 
​យោងតាម​មាត្រា​៤ រដ្ឋធម្មនុញ្ញ​អាមេរិក​ដែល​កំណត់​ក្នុង​វិសោធនកម្ម​ទី​២៥ ប្រធានាធិបតី​អាច​នឹងត្រូវ​ដកតំណែង​ជា​បណ្តោះអាសន្ន ឬ​អចិន្ត្រៃយ៍ បើសិនជា​អនុ​ប្រធានាធិបតី និង​សមាជិក​ភាគច្រើន​នៃ​គណៈរដ្ឋមន្ត្រី​យល់ស្រប​ថា ប្រធានាធិបតី​គ្មាន​លទ្ធភាព​ក្នុងការ​អនុវត្ត​អំណាច និង​កាតព្វកិច្ច​បាន​។ ច្បាប់​នេះ​ក៏​អនុញ្ញាត​ឲ្យ​ដកតំណែង​ក្នុងករណី​ឈឺ ឬ​ពិការភាព​ផងដែរ​។​
 
​ដើម្បី​អនុវត្ត​មាត្រា​នេះ​បាន សមាជិក​គណៈរដ្ឋមន្ត្រី​៨​រូប​ក្នុងចំណោម​១៥​រូប រួមទាំង​អនុ​ប្រធានាធិបតី​ត្រូវ​យល់ស្រប​គ្នា​ក្នុងការ​ប្រកាស​ពី​អសមត្ថភាព​របស់​ប្រធានាធិបតី​ដើម្បីរ​ដកតំណែង​។ ក្នុងករណីនេះ បន្ទាប់​នីតិវិធី លោក​អនុ​ប្រធានាធិបតី​ម៉ៃ ផេ​ន នឹង​កាន់តំណែង​ជា​ប្រធានាធិបតី​ស្តីទី​រហូត​ចប់​អាណត្តិ​លោក ត្រាំ ។​
 
​ប្រធានាធិបតី ក៏​អាច​ជំទាស់​ទៅនឹង​ការប្រកាស​នេះ ដោ​យស​សេរ​លិខិត​ទៅ​សភា​ទាំងពីរ​ថ្នាក់ រីឯ​ប្រធានាធិបតី​ស្តីទី និង​គណៈរដ្ឋមន្ត្រី​មាន​ពេល​៤​ថ្ងៃ​ក្នុងការ​ឆ្លើយតប​។ ជា​កិច្ច​បន្ទាប់ សភា​ទាំង​២​ថ្នាក់ ត្រូវ​ជួបប្រជុំ​ក្នុង​រយៈពេល​៤៨​ម៉ោង និង​មាន​ពេល​២១​ថ្ងៃ​ក្នុងការ​សម្រេច​ដកហូត​អំណាច​ជា​អចិន្ត្រៃយ៍​ពី​ប្រធានាធិបតី ដោយ​សំឡេង​២​ភាគ​៣​ក្នុង​សភា​ទាំង​២​ថ្នាក់ ពោល​៦៧​សំឡេង​ក្នុង​ព្រឹទ្ធសភា និង​២៩០​សំឡេង​ក្នុង​សភា​តំណាង​៕
 
 

Tag:
 បោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com