ជាតិ
តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ខេត្តតាកែវ មាន​សត្វ​ស្លាប​រាប់ម៉ឺន​ក្បាល​
08, Jan 2021 , 7:59 am        
រូបភាព
​ដោយ​៖ ស៊ុ​ល រ៉​វី​

​តំបន់ការពារទេសភាព​ព្រែក​ល្ពៅ ជាទី​ការពារ​សត្វ​ស្លាប​ទឹក​មួយកន្លែង ស្ថិត​ក្នុងស្រុក​កោះអណ្ដែត និង​ស្រុក​បុរី​ជលសារ នៃ​ខេត្តតាកែវ​។ លោក លឹម វ៉ា​ត់ នាយករង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន Thmeythmey25 ថា រយៈពេល​២​ខែ​ចុង​ក្រោយនេះ តំបន់​ការពារ​ពពួកសត្វ​ស្លាប បាន​ទាក់ចិត្ត​អ្នក​ស្រលាញ់​ធម្មជាតិ​កាន់តែច្រើន ឲ្យ​មក​ទស្សនា​ពពួកសត្វ​ស្លាប​ទឹក និង​ព្រៃ​លិច​ទឹក បើទោះបីជា​ទីតាំង​នេះ ពុំទាន់​បានរៀបចំ​សេវាកម្ម​ទេសចរណ៍​រួចរាល់​ក៏ដោយ​។

 
​ក្នុង​ឆ្នាំ​២០២០ មាន​ភ្ញៀវទេសចរ​ប្រមាណ​ជាង ២០០​នាក់ បានមក​ទស្សនា​សត្វ​ស្លាប និង​ព្រៃ​លិច​ទឹក នៅ​តំបន់ការពារទេសភាព​ព្រែក​ល្ពៅ ខេត្តតាកែវ​។ នេះ​បើតាម លោក លឹម វ៉ា​ត់ នាយករង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 តាម​ទូរ​សព្ទ​។ លោក លឹម វ៉ា​ត់ បាន​ឲ្យ​ដឹង​ទៀតថា ភ្ញៀវ​ដែល​ទៅ​តំបន់​នេះ តែងតែ​ជក់​ចិត្តនឹង​ទស្សនីយភាព​សត្វ​ស្លាប​ទឹក​រាប់ម៉ឺន​ក្បាល និង​ព្រៃ​លិច​ទឹក ក៏ដូចជា​ធម្មជាតិ​នៅ​តំបន់​នេះដែរ​។ 
 
​បើតាម​លោក លឹម វ៉ា​ត់ វត្តមាន​សត្វ​ស្លាប​រាប់ម៉ឺន​ក្បាល​នៅទីនេះ គឺជា​ផ្ទាំងទស្សនីយភាព​ដ៏​ប្លែក​មួយ ហើយ​ដែល​បាន​ទាក់ទាញ​ទេសចរ​កាន់តែច្រើន ឲ្យ​ទៅ​កម្សាន្ត​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្បៅ​នេះ​។ ទោះជា​ចាប់ផ្តើម​មាន​លំហូរ​ទេសចរ​ទៅ​កម្សាន្ត​ក៏ពិតមែន ប៉ុន្តែ​តំបន់​ទេសចរ​ធម្មជាតិ​មួយ​នេះ នៅ​មិនទាន់​បានរៀបចំ​ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍ និង​មាន​សេវាកម្ម​ទេសចរណ៍​ត្រឹមត្រូវ​នៅឡើយ​ទេ​។ កិច្ចការ​នេះ គឺ​ស្ថិតនៅក្នុង​ការគិតគូរ​នៅឡើយ​។ 
 
​លោក លឹម វ៉ា​ត់ បន្ថែម​ដូច្នេះ​៖«​តំបន់​ការពារ​មួយ​នេះ មិនទាន់​ជា​តំបន់​ទេសចរណ៍​ផ្លូវការ​នោះទេ គឺ​កំពុង​ស្ថិតនៅក្នុង​ដំណើរការ​នៅឡើយ​។ ប៉ុន្តែ​យើង​មើលឃើញថា មាន​អ្នកទេសចរ​ជា​បន្តបន្ទាប់​ដែល​បានស្នើ​សុំ​មក​ទស្សនា​នៅ​ទីតាំង​នេះ​។ ពុំមាន​សេវាកម្ម​ទេសចរណ៍​ក៏ដោយ ប៉ុន្តែ​យើង​អាច​ជូន​អ្នកទេសចរ​ដើរ​មើល​សត្វ​ស្លាប​ក្នុង​តំបន់​នេះ​បាន​ផងដែរ​»​។ 


 
​ទាក់ទង​នឹង​ការ​ទស្សនា​សត្វ​ស្លាប​នៅ​តំបន់​នេះ លោក ឈឿន សុជាតិ ដែលជា​ប្រធាន​ក្រុម​ឧ​ទ្យា​នុ​រក្ស នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា ទេសចរ​អាច​ជិះទូក​គយគន់​សត្វ​ស្លាប​នៅទីនេះ​បាន​យ៉ាង​រីករាយ​ផងដែរ​។  ក្នុងនាម​លោក​ជា​អ្នកការពារ និង​អភិរក្ស​សត្វ​ស្លាប​ជាង​៤​ឆ្នាំ​មកនេះ លោក សុជាតិ មាន​ក្តីរំភើប​ក្រៃលែង ដែល​សត្វ​ស្លាប់​នៅ​តំបន់​ការពារ​បឹង​ព្រែក​ល្ពៅ កាន់តែ​ទទួលបាន​ការចាប់អារម្មណ៍ ពី​មហាជន ពិសេស​ពេលឮ​ទេសចរ​ពោល​សរសើរ​ពី​ទស្សនីយភាព​ហ្វូង​សត្វ​ស្លាប ដ៏​សន្ធឹកសន្ធាប់​នៅទីនេះ​។ 
 
​លោក ឈឿន សុជាតិ បន្ត​ដូច្នេះ​៖«​ភ្ញៀវ​ដែល​បានមក​ទស្សនា​ទិដ្ឋភាព​នៅ​បឹង​ព្រែក​ល្ពៅ បានឃើញ​ពពួកសត្វ​ស្លាប ហើយ​ពិសេស​សត្វ​ក្រៀល​ដែល​ពួកគាត់​ចង់ឃើញ​ហើយ​នោះ តែង​បង្ហាញ​ពី​ភាព​ភ្ញាក់ផ្អើល និង​ពោល​ពាក្យ​សរសើរ ពី​ភាព​សម្បូរបែប​នៃ​ពពួកសត្វ​ស្លាប​ជាច្រើន​នៅទីនេះ​»​។ 
 


​លោក នៃ សៅ ជា​អ្នកទេសចរ​មកពី​ខេត្ត​កែប​មួយរូប លោក​ប្រាប់​សារព័ត៌មាន ThmeyThmey25 តាមរយៈ​ទូរ​សព្ទ​ថា រូបលោក​ពិតជា​មា​នភា​ព​ភ្ញាក់ផ្អើល​ជាខ្លាំង ពី​ភាព​សម្បូរបែប​នៃ​ពពួកសត្វ​ស្លាប​ជាច្រើន​ប្រភេទ នៅ​តំបន់ការពារទេសភាព​ព្រែក​ល្ពៅ ហើយ​លោក​ក៏​សប្បាយចិត្ត​ផងដែរ ដែល​លោក​បានឃើញ​ពី​ទិដ្ឋភាព​យ៉ាង​ស្រស់ស្អាត និង​រស់​រវើក​ពីស​ត្វ​ស្លាប​នៅ​ទីនោះ​។ 
 
​លោក នៃ សៅ បាន​បន្ថែម​យ៉ាង​ដូច្នេះ​ទៀតថា​៖ «​ពិតជា​មិនគួរ​ឲ្យ​ជឿ​នោះទេ ដែល​តំបន់​ការពារ​មួយ​នេះ អាច​ការពារ និង​អភិរក្ស​សត្វ​ស្លាប ជាច្រើន ជាពិសេស​សត្វ​ក្រៀល ដែល​ខ្ញុំ​ចង់ឃើញ ហើយ​បានឃើញ​ពួកវា​»​។​
 
​គួរ​បញ្ជាក់ថា តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ មាន​ប្រភេទ​សត្វ​ស្លាប​ព្រៃ​រាប់ម៉ឺន​ក្បាល និង​សត្វ​ស្លាប​ជាង ៧០​ប្រភេទ​កំពុង​រស់នៅ ហើយ​តំបន់ដីសើម​បឹង​ព្រែក​ល្ពៅ ខេត្តតាកែវ​មួយ​នេះ ជា​ប្រភព​ចំណី ជម្រក​ដ៏​មាន​សុវត្ថិភាព សម្រាប់​សត្វ​ស្លាប​ទឹក​ពង​កូន និង​បន្ត​ពូជ​៕
 












 
 
 
 

Tag:
 តំបន់​ការពារ​បឹង​ព្រែក​ល្ពៅ​
  តាកែវ​
© រក្សាសិទ្ធិដោយ thmeythmey.com