ជាតិ
ដំណើរការ​ជួសជុល​រួត​ទី​៣​នៃ​ប្រាសាទបាយ័ន អាច​ចំណាយពេល​១​ឆ្នាំ បើ​គ្មាន​បញ្ហា​រារាំង​
07, Jan 2021 , 9:59 pm        
រូបភាព
​ដោយ​៖ ហុង ស្រី​ណា​

​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អ​ប្សា​រា បានចាប់ផ្តើម​ជួសជុល​រួត​ទី​៣ នៃ​ប្រាសាទបាយ័ន ក្រោយ​មានការ​ទ្រុឌទ្រោម​ខ្លាំង ដោយសារ​រចនាសម្ព័ន្ធ​ថ្ម​ប្រាសាទ​បាន​ក្រៀក​ចេញពី​គ្នា ដែល​បណ្តាលមកពី អាយុកាល​បានធ្វើ​ឲ្យ​គុណភាព​សំណង់​ប្រាសាទ​ចុះខ្សោយ រួមផ្សំ​ជាមួយ​បញ្ហា​អាកាសធាតុ​ផងដែរ​។ ការជួសជុល​រួត​ទី​៣ នៃ​ប្រាសាទបាយ័ន​នេះ នឹង​ចំណាយ​រយៈពេល​១​ឆ្នាំ បើសិន​គ្មាន​បញ្ហា​រាំងស្ទះ​អ្វី​កើតឡើង​។​



​ប្រាសាទបាយ័ន ជា​ប្រាសាទ​មួយ​ដែលមាន​អាយុកាល​រាប់រយឆ្នាំ​មកហើយ ក្នុងចំណោម​ប្រាសាទ​ជាច្រើន នៅ​ខេត្តសៀមរាប​។ អ្វីដែល​ពិសេស គឺ​លម្អ​ទៅដោយ​ក្បូរ​ក្បាច់រចនា​យ៉ាង​ប្រណីត នៅលើ​សំណង់​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ ដែល​ឈរ​សម្ញែងខ្លួន​នៅលើ​ទឹកដី​សុវណ្ណ​ភូមិ នៃ​កម្ពុជា​។ 


 
​ជា​ប្រាសាទ​ដែលមាន​អាយុកាល​ច្រើន​ឆ្នាំ រួមទាំង​ជួបប្រទះ​បញ្ហា​អាកាសធាតុ និង​គុណភាព​នៃ​រចនាសម្ព័ន្ធ​សំណង់​ចុះខ្សោយ​ផង​នោះ អាជ្ញាធរ​ជាតិ​អ​ប្សា​រា បានរួម​សហការ​ជាមួយ​ស្ថាប័ន JASA នៃ​ប្រទេស​ជប៉ុន និង​អង្គការ​យូណេស្កូ បាន ចាប់ផ្តើម​ជួសជុល​នៅ​រួត​ទី​៣ នៃ​ប្រាសាទបាយ័ន​។ 
 
​លោក គឹម សុ​ធិ​ន អគ្គនាយករង នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹងថា ប្រាសាទបាយ័ន​នៅ​រួត​ទី​៣ នឹង ទល់​ទ្រ​កន្លែង​មាន​ហានិភ័យ ដែល​អាច​ដួលរលំ​ចំនួន​៥៦ ចំណុច​ផ្សេងគ្នា និង​ត្រូវ​រើស​ថ្ម​ចេញ រួច​រុញ​ចូលគ្នា​វិញ​នៅ​ទិស​ទី​៣ នៃ​ទិស​ខាងត្បូង​។ ក្រៅពីនេះ នឹងមាន​ការរៀបចំ​បិទ​ភ្ជិត​លើ​ថ្នេរ​ថ្ម​ប្រាសាទ មិន​ឲ្យ​ទឹក​ជ្រាបចូល រួមទាំង​សម្រួល​ថ្ម ដែល​រដិបរដុប មិន​រាបស្មើ ដើម្បី​ការពារ ការបង្ក​គ្រោះថ្នាក់​ដល់​ភ្ញៀវទេសចរ ពេល​ដើរ​ទស្សនា​ប្រាសាទបាយ័ន​។ នេះ​បើតាម​ហេ្វ​ស​ប៊ុ​ក​ផេ​ក​អាជ្ញាធរ​អប្សរា​។ 
 
​សូមបញ្ជាក់ថា អាជ្ញាធរ​ជាតិ​អ​ប្សា​រា គ្រោង​ចំណាយ​រយៈពេល​មួយឆ្នាំ ក្នុងការ​ជួសជុល​រួត​ទី​៣ នៃ​ប្រាសាទបាយ័ន រួច​ជា​ស្ថាពរ បើសិនជា​គ្មាន​បញ្ហា​រាំងស្ទះ​អ្វី​កើតឡើង នេះ​បើ​រួមបញ្ចូល​ទាំង​ការរៀបចំ​គូស​ប្លង់ សិក្សា​ស្រាវជ្រាវ ចងក្រង​ឯកសារ និង​ឆ្លង​យោបល់​ពី​អ្នកជំនាញការ​៕





Tag:
 អាជ្ញាធរ​ជាតិ​អ​ប្សា​រា​
  ប្រាសាទបាយ័ន​
© រក្សាសិទ្ធិដោយ thmeythmey.com