អន្តរជាតិ
ម៉ាឡេស៊ី ច្រានចោល​ពាក្យស្នើសុំ​បង្កើត​បក្ស​ថ្មី​របស់​អតីត​នាយករដ្ឋមន្ត្រី មហា​ធៀ​
08, Jan 2021 , 9:39 am        
រូបភាព
រូបថត AFP
រូបថត AFP
​ដោយ៖ ឈួន ឈី​វ​អ៊ីង
 
​ពាក្យស្នើសុំ​ចុះឈ្មោះ​ជា​គណបក្សនយោបាយ​ថ្មី​ដែល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ ត្រូវបាន​បដិសេធ​។ នេះ​បើតាម​ការបញ្ជាក់​មេធាវី​ប្រចាំ​គណបក្ស លោក Mior Nor Haidir Suhaimi នៅ​ថ្ងៃទី​៧ មករា​។ ការចុះឈ្មោះ​មិន​ត្រឹមត្រូវ ជា​មូលហេតុ​នៃ​ការបដិសេធ​នេះ​។​

 
​បក្ស​ថ្មី​របស់លោក មហា​ធៀ​ម មហាម៉ាត់ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​មានឈ្មោះ​ថា Parti Pejuang Tanah Air ។ លោក មហា​ធៀ បង្កើត​បក្ស​ថ្មី​នេះ​ដើម្បី​បន្តជីវិត​នយោបាយ​រប​ស់លោក ក្រោយ​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​កាល​ដើមឆ្នាំ​២០២០ អំឡុងពេល​វិបត្តិ​នយោបាយ​ក្នុងស្រុក​។ 
 
​យ៉ាងណាមិញ ការសុំ​ចុះឈ្មោះ​គណបក្ស​ថ្មី ត្រូវបាន​ស្ថាប័ន​ចុះឈ្មោះ​គណបក្ស​របស់​ម៉ាឡេស៊ី​ក្រោម​ហេតុផល​ថា មិន​អនុវត្តតាម​នីតិវិធី​ត្រឹមត្រូវ​។ ការសុំ​ចុះឈ្មោះ​របស់​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ម៉ាឡេស៊ី ដែល​ដឹកនាំ​ដោយ​អតីតរដ្ឋមន្ត្រី​យុវជន និង​កីឡា Syed Saddiq Syed Abdul Rahman ក៏ត្រូវ​បាន​បដិសេធ​ដែរ​។​
 
​បើតាម​ទូរទស្សន៍ CAN លោក Mior Nor Haidir Suhaimi មេធាវី​របស់​បក្ស​លោក មហា​ធៀ និយាយ ថា លោក​កំពុង​រង់ចាំ​ការសម្រេចចិត្ត​របស់​ប​ក្ស​ថា ត្រូវ​ប្ដឹង​ជំទាស់​នឹង​ការសម្រេចចិត្ត​បដិសេធ​នេះ ឬ​យ៉ាងណា​។ 
 
​សូមបញ្ជាក់ថា លោក មហា​ធៀ អតីត​នាយករដ្ឋមន្ត្រី​ពីរដង​របស់​ម៉ាឡេស៊ី បាន​បង្កើត​បក្ស Pejuang ដែល​មានន័យថា អ្នក​ប្រយុទ្ធ កាលពី​ខែសីហា ឆ្នាំ​២០២០ ដោយមាន​គោលដៅ​បោសសម្អាត​អំពើពុករលួយ​ក្នុងប្រទេស​។ កាលនោះ លោក មហា​ធៀ អះអាងថា បក្ស​នេះ ត្រូវបាន​បង្កើតឡើង​ចេញពី​ស្មារតី​ចង់ដឹង​ចង់​ឮ និង​ភាពចាំបាច់​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដែល​កំពុង​បំផ្លិចបំផ្លាញ​ប្រជាជាតិ​ម៉ាឡេស៊ី​។ 
 
​ការបង្កើត​បក្ស​ថ្មី​នេះ ធ្វើឡើង​ក្រោយ​លោក​ខ្ទាត​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ក្នុង​សម្ពន្ធភាព Pakatan Harapan ដែល​បច្ចុប្បន្ន​ជា​បក្សប្រឆាំង​។ ពេលនោះ លោក មហា​ធៀ កំពុង​ដឹកនាំ​បក្ស Bersatu ដែល​លោក​បង្កើត​ក្នុង​ឆ្នាំ​២០១៦ ហើយ​ចូលរួម​ជាមួយ​សម្ពន្ធ​នយោបាយ PH និង​ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ទូទៅ កាលពី​ខែឧសភា ឆ្នាំ​២០១៨៕

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com