ជាតិ
កសិករ ប៊ិន មករា នៅ​ស្រុក​បរ​កែវ ប្តូរ​ស្វាយចន្ទី ទៅ​ដាំដំឡូង​មី វិញ​
08, Jan 2021 , 9:29 pm        
រូបភាព
រូបភាពផ្ដល់ដោយលោក ប៊ិន មករា
រូបភាពផ្ដល់ដោយលោក ប៊ិន មករា
ដោយ:
​លោក ប៊ិន មករា បាន​ប្តូរ​ទៅ​ដាំដំឡូង​មី​វិញ ក្រោយ​ដំណាំ​ស្វាយចន្ទី​បាន​ទិន្នផល​ធ្លាក់ចុះ​។  បើតាម​លោក មករា ដំឡូង​មី ដែល​លក់​ជា​ដំឡូង​មី​ស្ងួត ព្រោះ​តម្លៃ​ខ្ពស់ជាង ដំឡូង​មី​ស្រស់ និង​ចំណេញ​ច្រើន​។

 
​លោក មករា ជា​កសិករ​មួយរូប ស្ថិតនៅ​ភូមិ​មួយ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី ក៏​ជា​អតីត​និស្សិត​កសិកម្ម​នៅ​សាលា​ភូមិន្ទ​កសិកម្ម​ផងដែរ​។ ក្រោយ​ចម្ការ​ស្វាយចន្ទី ចំនួន ៥​ហិកតា បន្សល់​ពី​គ្រួសារ ដែលមាន​រយៈពេល ១៥​ឆ្នាំ បាន​ថយចុះ​ទិន្នផល ក្នុង​ឆ្នាំ​បន្តបន្ទាប់​) កសិករ ប៊ិន មករា សម្រេច​កាប់​ស្វាយចន្ទី​ចេញរួច​ជំនួស ដោយ​ដំឡូង​មី​វិញ​។ 
 
​កសិករ​វ័យ ២៨​ឆ្នាំ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 យ៉ាង​ដូច្នេះ​៖«​មុន​ដាំ ដំឡូង​មី ខ្ញុំ​ដាំ​ស្វាយចន្ទី តែ​ស្វាយចន្ទី ដាំ​ច្រើន​ឆ្នាំ​ហើយ​។ ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ ទិន្នផល​ចេះតែ​ធ្លាក់ចុះ អីចឹង ក៏​កាប់​ដើម​ចន្ទី​ចោល ទាំងអស់ ហើយ​ដាំដំឡូង​មី វិញ​»​។​
 
​លោក មករា បាន​បន្ថែមថា ការ​រើស​ដាំដំឡូង​មី ព្រោះ​ក្នុង​ខេត្តរតនគិរី មាន​អំណោយផល នឹង​ដាំ​ណាំ​ប្រ​ភេ​ទេ​នេះ ម្យ៉ាង​ក៏​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ផងដែរ​។ លោក​ថា​៖«​ការដាំ​ដំណាំ​ដែល ស្រប​នឹង​តម្រូវការ​ទីផ្សារ កសិករ​អាច​ចៀសវាង ការជួប​បញ្ហា​ទីផ្សារ​»​។​
 
​អតីត​និស្សិត​កសិកម្ម​រូបនេះ បន្តថា ស្រប​នឹង​តម្រូវការ​ទីផ្សារ វា​ក៏​អាស្រ័យ​លើ ស្ថានភាព​ដី ថា​វា​អំណោយផល លើ​ដំណាំ​ប្រភេទ​ណា​។ បន្ទាប់ពី​ខកខាន ដាំដំឡូង​មី ឆ្នាំនេះ លោក មករា សម្រេច​ដាំដំឡូង​មី ឡើងវិញ​បន្ទាប់ ពី​កាប់​ស្វាយចន្ទី ដើម្បី​ត្រៀម ដាំ​ដំណាំ​កៅស៊ូ​។ លោក​បាន​ពន្យល់ថា​៖«​បន្ទាប់ពី កាប់​ដើម​ស្វាយចន្ទី យើង​មិនអាច​ដាំ​កៅស៊ូ ភ្លាម​ទេ តែ​មិន​ចង់​ឲ្យ​ដី​ទំនេរ ក៏​ជ្រើស​ដាំដំឡូង​មី ព្រោះ​ដំណាំ​ប្រភេទ​នេះ មិន​ចំណាយពេល​យូរ និង​ងាយស្រួល​ថែទាំ​»​។​
 
​កសិករ ប៊ិន មករា ថា ឆ្នាំនេះ ទើប​សម្រេចចិត្ត ដាំដំឡូង​មី ព្រោះ​មាន​រយៈពេល​ខ្លី​ជាង​ស្វាយចន្ទី​(​ទូទៅ​ដំឡូង​មី​មាន​រយៈពេល ៨​ទៅ​៩​ខែ​)​។ ក្រោយ​ខាន​ដាំ ប្រមាណ ៣​ឆ្នាំ តែ​ឆ្នាំនេះ ដំឡូង​មី​ហាក់ ទទួលបាន​ទិន្នផល​ខ្ពស់ មិនមាន​ការបំផ្លាញ ពី​សត្វ​ចង្រៃ​ផ្សេងៗ ថែមទាំង​មានតម្លៃ​ខ្ពស់ ជាង​ឆ្នាំមុន​ផងដែរ​។ ឆ្នាំនេះ​តម្លៃ​ដំឡូង​មី​ស្រស់ ក្នុង​ខេត្តរតនគិរី តម្លៃ ៧០០​រៀល ក្នុង​មួយ​គីឡូក្រាម និង​ដំឡូង​មី​ស្ងួត តម្លៃ ៣០០​រៀល ក្នុង​មួយ​គីឡូក្រាម​។​
 
​ជាធម្មតា កសិករ ប៊ិន មករា និយម​លក់​ដំឡូង​មី​ស្ងួត ជា​ដំឡូង​ស្រស់ បើ​ទោះ​ត្រូវ​ចំណាយពេល ៤ ទៅ ៥​ថ្ងៃ សម្រាប់​ហាល ក៏ដោយ ព្រោះ​ការលក់​ដំឡូង​ស្ងួត បាន​ចំ​ពេញ​ច្រើនជាង​។ លោក​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​៖«​ខ្ញុំ​លក់​តែ​ដំឡូង​មី​ស្ងួត​ទេ ព្រោះ​តម្លៃ​ខ្ពស់ជាង ដំឡូង​មី​ស្រស់ បើ​គិត​ទៅ វា​ចំណេញ​ច្រើនជាង​»​។​
 
​រដូវ​នេះ ជា​រដូវ​ប្រមូល​ផល​ដំឡូង​មី​(​ដើមខែ​ធ្នូ​-​ចុងខែ​មករា​) ហើយ​ជា​មធ្យម ដំឡូង​មី ក្នុង​មួយ​ហិកតា ទទួល​ទិន្នផល ២៥​តោន ទៅ ៣០​តោន​។ ដំឡូង​មី មិនសូវ ជា​ពិបាក​ថែទាំ​នោះទេ តែ​ត្រូវ​យកចិត្តទុកដាក់ នឹង​សត្វល្អិត​ចង្រៃ បន្តិច​ប៉ុណ្ណោះ ។ នេះ​បើតាម​កសិករ ប៊ិន មករា​៕
 
 

Tag:
 ដំឡូង​មី​
 ​រតនគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com