កីឡាអន្តរជាតិ
អន្តរជាតិ
Arsenal ខ្ចីលុយធនាគារ ១៦២លានដុល្លារ ដើម្បីដោះទាល់ ដោយសារវិបត្តិ COVID-19
× Arsenal បានខ្ចីប្រាក់ពីធនាគារអង់គ្លេសចំនួន ១២០ លានផោន (១៦២លានដុល្លារអាមេរិក) ក្នុងរយៈពេលខ្លី ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុក្លិប ដែលរងផលប៉ះពាល់ដោយជំងឺ COVID-19។ ក្លិបកាំភ្លើងធំ បានផ្សាយពីព័ត៌មាននេះនៅលើវេបសាយផ្ទាល់របស់ពួកគេនៅថ្ងៃទី៧ ខែមករា ដោយបន្ថែមថា ក្លិបនឹងត្រូវសងធនាគារវិញនៅខែឧសភាឆ្នាំ ២០២១។
មូលហេតុដែលធ្វើឲ្យ Arsenal សម្រេចចិត្តខ្ចីលុយធនាគារក្នុងចំនួនច្រើនបែបនេះ ដោយសារក្លិបបានខាតបង់ និងបាត់ប្រាក់ចំណូលយ៉ាងច្រើនដែលបណ្តាលមកពីជំងឺរាតត្បាតសកលក្នុងរយៈពេលជិតមួយឆ្នាំមកនេះ។ ក្លិបដែលមានលោក Stan Kroenke សេដ្ឋីអ្នកជំនួញអាមេរិកជាម្ចាស់លើកឡើងថា នេះជាវិធីសាស្ត្រស្រដៀងគ្នាទៅនឹងអ្វីដែលក្រុមហ៊ុន និងអង្គការធំៗដទៃ ជាច្រើនរួមទាំងកីឡាផងបានធ្វើរួចហើយ។
ក្លិបមានមូលដ្ឋាននៅក្រុងឡុងដ៏ បានប្រកាសថា ខ្លួនបានបំពេញតាមលក្ខណៈវិនិច្ឆ័យដែលកំណត់ដោយធនាគារអង់គ្លេសសម្រាប់គម្រោងមជ្ឈមណ្ឌលហិរញ្ញប្បទានសាជីវកម្មអំឡុងកូវីដ (CCFF) ដែលអាចឲ្យពួកគេខ្ចីប្រាក់ក្នុងរយៈពេលខ្លី ហើយនឹងត្រូវតែសងវិញជាដាច់ខាត នៅខែឧសភា ឆ្នាំ ២០២១។
ក្លិបនេះ បានសរសេរក្នុងសេចក្តីប្រកាសរបស់ខ្លួនថា គម្រោង CCFF ត្រូវបានរៀបចំឡើងដើម្បីផ្តល់កម្ចីរយៈពេលខ្លីតាមអត្រាពាណិជ្ជកម្មក្នុងអំឡុងវិបត្តិ COVID-19 ដល់ក្រុមហ៊ុនដែលមានអត្រាវិនិយោគខ្លាំង ហើយបានចូលរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចអង់គ្លេសទៀតផង។
ក្រៅពី Arsenal ក្លិបដែលមានមូលដ្ឋាននៅក្នុងឡុងដ៏មួយទៀតគឺ Tottenham Hotspur ភាគ បានខ្ចីប្រាក់ ១៧៥ លានផោន (២៣៧លានដុល្លារអាមេរិក) រួមហើយពីគម្រោង CCFF កាលពីខែមិថុនាកន្លងទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com