អន្តរជាតិ
សកម្មជន​ហុងកុង​ដ៏​សំខាន់​លោក Joshua Wong ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វើ​វិទ្ធង្សនា​
08, Jan 2021 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ លោក Joshua Wong សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ នៅក្នុង​មន្ទីរឃុំឃាំង Lai Chi Kok បន្ទាប់ពី​ត្រូវបាន​កាត់ទោស​ឲ្យ​ពន្ធនាគារ​ពីបទ​រៀបចំ​ការតវ៉ា​ដោយ​គ្មាន​ការអនុញ្ញាត​ក្បែរ​ទីស្នាក់ការ​ប៉ូលិស​កាលពី​ឆ្នាំ​២០១៩ ក្នុង​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ លោក Joshua Wong សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ នៅក្នុង​មន្ទីរឃុំឃាំង Lai Chi Kok បន្ទាប់ពី​ត្រូវបាន​កាត់ទោស​ឲ្យ​ពន្ធនាគារ​ពីបទ​រៀបចំ​ការតវ៉ា​ដោយ​គ្មាន​ការអនុញ្ញាត​ក្បែរ​ទីស្នាក់ការ​ប៉ូលិស​កាលពី​ឆ្នាំ​២០១៩ ក្នុង​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០​។​
ដោយ: VOA
​អាជ្ញាធរ​ហុងកុង​ត្រូវបាន​រាយការណ៍​ថា​បាន​ចោទប្រកាន់​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ លោក Joshua Wong ពីបទ​ធ្វើ​វិទ្ធង្សនា​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​។ ព័ត៌មាន​នៃ​ការចោទប្រកាន់​ថ្មី​នេះ​ត្រូវបាន​បង្ហោះ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក Wong កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

 
​បច្ចុប្បន្ន​សកម្មជន​វ័យ ២៤ ឆ្នាំ​រូបនេះ កំពុង​ជាប់ពន្ធនាគារ ១៣ ខែ​កន្លះ ពីបទ​រៀបចំ​ការតវ៉ា​ដោយ​គ្មាន​ការអនុញ្ញាត នៅ​ឆ្នាំ​២០១៩​។​
 
​ការចោទប្រកាន់​នេះ​កើតឡើង​មួយថ្ងៃ បន្ទាប់ពី​សកម្មជន​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​យ៉ាងហោចណាស់​ចំនួន ៥៣ នាក់ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ទីក្រុង​ហុងកុង ក្នុងការ​បង្ក្រាប​ដ៏​ធំ​បំផុត​ទៅលើ​សមាជិក​ក្រុមប្រឆាំង​នៅក្នុង​ទីក្រុង​ពាក់កណ្តាល​ស្វ័យភាព​នេះ ចាប់តាំងពី​ច្បាប់​នេះ​ត្រូវ​បានអនុម័ត​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង កាលពី​ខែកក្កដា​មក​។​
 
​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ការ​វាយឆ្មក់ មុនពេល​ថ្ងៃ​រះ រួមមាន​សមាជិក​ជាច្រើន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ហុងកុង ដែល​បាន​ចូលរួម​ក្នុងការ​បោះឆ្នោត​បឋម​ក្រៅផ្លូវការ កាលពី​ខែកក្កដា ដើម្បី​ជ្រើសរើស​បេក្ខជន​ឱ្យចូល​រួម​ឈរឈ្មោះ​បោះឆ្នោត​នីតិប្បញ្ញត្តិ ដែល​ពីដំបូង​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែកញ្ញា​។ ការបោះឆ្នោត​នេះ​ត្រូវបាន​ពន្យារពេល ដោយសារ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។​
 
​គណបក្ស​នេះ​បាន​ឲ្យ​ដឹង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា អតីត​សមាជិកសភា​និង​សកម្មជន​ឈ្មោះ Benny Tai ឈ្មោះ James To ឈ្មោះ Lester Shum និង​ឈ្មោះ Lam Cheuk-ting ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​ឃាត់ខ្លួន​នៅក្នុង​ការ​វាយឆ្មក់​ចាប់ខ្លួន​នេះ​។​
 
​បេក្ខជន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សង្ឃឹមថា នឹង​ឈ្នះ​អាសនៈ​ភាគច្រើន​នៅក្នុង​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ ដែល​នឹង​អនុញ្ញាតឱ្យ​ពួកគេ​បោះឆ្នោត​បដិសេធ​កញ្ចប់​ថវិកា ដែល​បាន​ស្នើឡើង​និង​ច្បាប់​ណាមួយ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​
 
​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ពុធ​ផងដែរ គឺ​លោក John Clancey ដែលជា​មេធាវី​ជនជាតិ​អាមេរិកាំង ដែល​ធ្វើ​ការអោយ​ក្រុមហ៊ុន​ច្បាប់​ហុងកុង​ឈ្មោះ Ho, Tse, Wai and Partners ដែល​ទទួល​ការពារ​ក្តី​សិទ្ធិមនុស្ស​។​
 
​លោក​ត្រូវបាន​ចាប់ខ្លួន​នៅពេល​ប៉ូលិស​បាន​ឆ្មក់​ចូល​ការិយាល័យ​របស់​ក្រុមហ៊ុន​នេះ​។ សារ​មួយ​ដែល​បាន​បង្ហោះ​នៅលើ​គណនី Twitter របស់លោក Joshua Wong និយាយថា ផ្ទះ​របស់លោក Wong ក៏​ត្រូវបាន​វាយឆ្មក់​ចូល​នៅ​ក្នុងការ​បោសសម្អាត​នេះដែរ​។​
 
​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​ពិចារណា​ការដាក់ទណ្ឌកម្ម និង​ការ​រឹតបន្តឹង​បន្ថែមទៀត​លើ «​បុគ្គល​និង​អង្គភាព​ទាំងអស់​» ដែល​ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​ទាំងនេះ​។​
 
​អាជ្ញាធរ​ហុងកុង​បាន​បង្ក្រាប​កាន់តែខ្លាំង​ឡើងលើ​កម្លាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យនៅ​ទីក្រុង​នេះ ចាប់តាំងពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានដាក់​ចេញ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី កាលពី​ខែកក្កដា​មក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com