ជាតិ
២៥ខេត្ត/រាជធានី
គ្រួសារលោក រតនា សប្បាយចិត្ត ក្រោយឃើញទេសភាពដ៏អស្ចារ្យនៅភ្នំ «ណាមលៀ»
09, Jan 2021 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖ ហុង ស្រីណា

មណ្ឌលគិរី៖ «ណាមលៀ» ជាភ្នំមួយស្ថិតនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលមានទេសភាពស្រស់ស្អាត។ លោក ស្រី រតនា ដែលជាភ្ញៀវទេសចរ បាននាំក្រុមគ្រួសារទៅកម្សាន្តនៅភ្នំ «ណាមលៀ» ក្នុងខេត្តមណ្ឌលគិរី ជាលក្ខណៈគ្រួសារដែលមានកូនស្រីតូចចំនួន ២នាក់ ទៅជាមួយបានបង្ហាញអារម្មណ៍រីករាយ ពេលឃើញទេសភាពនៅលើកំពូលភ្នំ «ណាមលៀ»។ លោក រតនា ជាឪពុកបានប្រាប់សារព័ត៌មាន ThmeyThmey25 ឲ្យដឹងថា៖ «ខ្ញុំមានអារម្មណ៍រំភើប និងប្លែកអារម្មណ៍ខ្លាំង ពេលបានទេសភាពដ៏អស្ចារ្យនៅលើកំពូលភ្នំ «ណាមលៀ»។



សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយក្រុមគ្រួសារលោក ស្រី រតនា ដូចតទៅ៖

ក្រុមគ្រួសារមួយដែលជាអ្នកភ្នំពេញ បានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ទៅកាន់ខេត្តមណ្ឌលគិរី ជាមួយក្រុមជំរំតង់ Cambodia Amazing Trip Planner។ ក្នុងដំណើរកម្សាន្តក្រុមគ្រួសារលោក រតនា បានឡើងភ្នំថ្មដ៏ធំខ្ពស់ដែលមានឈ្មោះថាភ្នំ «ណាមលៀ» បានបង្ហាញអារម្មណ៍រំភើប ពេលបានទៅដល់កំពូលភ្នំ និងបានឃើញទេសភាពយ៉ាងស្រស់ស្អាតនៅជុំវិញនោះ។

លោក រតនា រៀបរាប់ប្រាប់សារព័ត៌មានឲ្យដឹងថា៖«ទោះមានភាពលំបាកក្នុងការឡើងទៅដល់កំពូលភ្នំបន្តិចពិតមែន ប៉ុន្តែពេលបានទៅដល់ហើយ ខ្ញុំមានអារម្មណ៍ថា បាត់ភាពហត់នឿយអស់ ដោយសារទេសភាពអស្ចារ្យដែលព័ន្ធជុំវិញនោះ។ វាមានភាពខុសគ្នាខ្លាំង បើប្រៀបធៀបជាមួយរូបភាពដែលធ្លាប់បានឃើញ ពីព្រោះវាគឺស្រស់ស្អាតខ្លាំងណាស់ ភ្នំថ្មដែលមានតែថ្មសុទ្ធ ពិបាកឡើង ប៉ុន្តែពេលមកដល់កំពូល គឺបាត់អស់ភាពនឿយហត់។ ចំពោះ កូនស្រីតូចរបស់ខ្ញុំ ដំបូងខ្ញុំបារម្ភដែរ ប៉ុន្តែពេលឃើញគាត់ឡើងលឿនជាងខ្ញុំ ខ្ញុំក៏មិនសូវមានការព្រួយបារម្ភប៉ុន្មាន ណាមួយមានការជួយមើលថែពីអ្នករួមដំណើរផងដែរ»។

ចំណែកភរិយារបស់លោក រតនា ក៏បានបង្ហាញអារម្មណ៍ និងបានរៀបពីទេសភាពតាមដងផ្លូវ ឲ្យដឹងថា៖« ខ្ញុំបានឃើញ រុក្ខជាតិជាច្រើន និងចម្ការកៅស៊ូជាច្រើន វាពិតជាប្លែកភ្នែកណាស់។

ចំពោះការឡើងភ្នំវិញ ពីមុនធ្លាប់តែឡើងភ្នំ បូកគោ ប៉ុន្តែជិះឡាន មិនមែនដើរថ្មើជើងបែបនេះទេ ពេលឡើងមកដល់កំពូលភ្នំ«ណាមលៀ» នេះ ទោះហត់បន្តិច តែពេលឃើញទេសភាពគឺស្រស់ស្រាយអារម្មណ៍ ហើយរំសាយអារម្មណ៍ជាមួយខ្យល់អាកាសបរិសុទ្ធ។ ដំបូងរៀងភ័យដែរថា មិនដឹងអាចឡើងដល់រឺអត់ ពីព្រោះជាចោត ណាមួយភ័យដល់កូនៗខ្លាចគាត់ពិបាកឡើង តែមើលទៅគាត់ក្លាហានជាងខ្ញុំទៀត»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០តុលា-១វិច្ឆិកា ក្រុមជំរំតង់ Cambodia Amazing Trip Planner បានរៀបចំដំណើរកម្សាន្តបោះតងរយៈពេល ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី។ តាមរយៈដំណើរកម្សាន្ត បាននាំភ្ញៀវទេសចរទៅលកាន់តំបន់ទេសចរណ៍នានា នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងបង្កើនចំណូលប្រជាពលរដ្ឋនៅក្នុងសហគមន៍៕



Tag:
 ភ្នំណាមលៀ
  ខេត្តមណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com