COVID-19
ជាតិ
សង្គមជាតិ
ជប៉ុនតម្រូវឱ្យពលរដ្ឋខ្មែរ មានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩ ពេលចូលប្រទេសខ្លួន
10, Jan 2021 , 12:28 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះត្រួតពិនិត្យសកម្មភាពធ្វើតេស្តសុខភាពពលករខ្មែរ មកពីថៃវិញ នៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២ មករា២០២១ (រូបពីហ្វេសប៊ុកមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ)
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះត្រួតពិនិត្យសកម្មភាពធ្វើតេស្តសុខភាពពលករខ្មែរ មកពីថៃវិញ នៅខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២ មករា២០២១ (រូបពីហ្វេសប៊ុកមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ)
ដោយ: ថ្មីៗ
ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនតម្រូវឱ្យពលរដ្ឋខ្មែរ មានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩ ពេលចូលប្រទេសខ្លួន។ ជប៉ុន បានដាក់ប្រទេសក្នុងស្ថានភាពអាសន្នលើកទីពីរ និងបានចាត់វិធានការព្រំដែនថ្មី សម្រាប់ពលរដ្ឋកម្ពុជា ដែលត្រូវធ្វើដំណើរទៅជប៉ុន។នេះបើយោងតាមស្ថានឯកអគ្គរាជកម្ពុជាប្រចាំប្រទេសជប៉ុន។



ជប៉ុនបានប្រកាសដាក់ក្រុងតូក្យូ ខេត្ត Kanagawa, Saitama Chiba ក្នុងស្ថានភាពអាសន្នលើកទីពីរ នៅថ្ងៃទី៧ ខែមករា និងបានចូលជាធរមាននៅថ្ងៃទី៨ ខែមករា។ ស្ថានទូតកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានតម្រូវឱ្យពលរដ្ឋខ្មែរ ដែលចូលប្រទេសខ្លួនតាមរយៈ “ ច្រកចូលសម្រាប់ការស្នាក់នៅ  Residence Track ” ធានាដោយក្រុមហ៊ុនឬអង្គភាពនានា ត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩ ក្នុងរង្វង់៧២ម៉ោងមុនចេញដំណើរ។ ជាពិសេសត្រូវធ្វើតេស្តម្ដងទៀតពេលទៅដល់ជប៉ុន។ មិនតែប៉ុណ្ណោះក្រុមហ៊ុនឬអង្គភាពធានាទាំងនោះ ត្រូវបំពេញ “ កិច្ចសន្យា” ថាអនុវត្តវិធានការទាំងនេះផងដែរ។

ស្ថានឯកអគ្គរាជកម្ពុជាប្រចាំប្រទេសជប៉ុនបានបញ្ជាក់ថា « សម្រាប់ការចំណាយលើការធ្វើតេស្តកូវីដ១៩ ពេលមកដល់ជប៉ុន ជាបន្ទុករបស់រដ្ឋាភិបាលជប៉ុន»។
រីឯប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធស្នាក់នៅជប៉ុន ក៏ត្រូវមានលិខិតបញ្ជាក់លិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩ ក្នុងរង្វង់៧២ម៉ោងមុនចេញដំណើរ ហើយត្រូវធ្វើតេស្តម្តងទៀតដែរ។ ក្នុងករណីមិនមានលិខិតបញ្ជាក់កូវីដ១៩ទេ អ្នកដំណើរត្រូវស្នាក់នៅទីតាំង ដែលកំណត់ដោយប្រធានស្ថានីយ៍ចត្តាឡីស័កជប៉ុន។ នេះជាការបញ្ជាក់របស់ស្ថានទូតកម្ពុជា។

ស្ថានទូតកម្ពុជា បានបន្ថែមដូច្នេះថា៖«អ្នកដំណើរត្រូវធ្វើតេស្តម្តងទៀតនៅថ្ងៃទី៣។ ប្រសិនបើតេស្តអវិជ្ជមាន ពួកគេត្រូវទៅធ្វើចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះ បន្ថែមឱ្យគ្រប់១៤ថ្ងៃ ហើយត្រូវទាញយកកម្មវិធីទូរស័ព្ទ “ Covid-19 Contact-Confirming Application-COCOA ដើម្បីតាមដានការបំលាស់ទីរបស់ពួកគេ»។
បើតាមស្ថានទូតកម្ពុជា វិធានការរបស់ជប៉ុនទាំងនេះ នឹងត្រូវអនុវត្តរហូតដល់មានការលើកលែងស្ថានភាពអាសន្ន ។

គួរបញ្ជាក់ថា ជប៉ុន មានអ្នកឆ្លងកូវីដ-១៩ ជាង២៧ម៉ឺននាក់ ស្លាប់ជាង៣ពាន់នាក់ និងជាសះស្បើយជាង២១ម៉ឺននាក់។ចំណែកកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៣៩១នាក់ ដោយក្នុងនោះ មាន៣៧១នាក់បានជាសះស្បើយ៕
 


Tag:
 ជប៉ុន
  កូវីដ១៩
  ប្រកាសអាសន្ន
  ពលរដ្ឋកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com