វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
កម្រិតឧស្ម័នកាបូនិចឆ្នាំ២០២១ កើនខ្ពស់ជាងពាក់កណ្តាលបើធៀបនឹងសម័យបដិវត្តឧស្សាហកម្ម
11, Jan 2021 , 8:59 am        
រូបភាព
រូបពីAFP
រូបពីAFP
ដោយ: ថ្មីៗ

ដោយ ឈួន ឈីវអ៊ីង

នៅក្នុងឆ្នាំ ២០២១ នេះកម្រិតឧស្ម័នកាបូនឌីអុកស៊ីត (ឧស្ម័នកាបូនិច) ក្នុងបរិយាកាសគឺកើនឡើង៥០ភាគរយខ្ពស់ជាងកាលពីយុគសម័យបដិវត្តឧស្សាហកម្មដោយសារការបំភាយរបស់មនុស្ស។ នេះបើតាមការព្យាករណ៍របស់ការិយាល័យ Met នៃចក្រភពអង់គ្លេសកាលពីថ្ងៃសុក្រទី៨ មករា។


ដោយផ្អែកលើការព្យាករ ដោយក្រុមអង្កេតការណ៍ Mauna Loa នៅកោះហាវ៉ៃ អ្នកវិទ្យាសាស្ត្រប្រចាំនៅការិយាល័យ Met បានវាយតម្លៃ កំហាប់ឧស្ម័នកាបូនិចជាមធ្យមប្រចាំឆ្នាំ ក្នុងឆ្នាំ២០២១នេះ អាចនឹងកើនឡើងប្រមាណ២.២៩ម៉ូលក្នុងមួយលានម៉ូលខ្យល់ បើធៀបនឹងឆ្នាំ២០២០។

ជារួមឧស្ម័នកាបូនិចអាចនឹងកើនលើស ៤១៧ម៉ូល ចន្លោះខែមេសានិងឧសភា ច្រើនជាងកាលពីសតវត្សទី១៨ ដែលជាចំណុចចាប់ផ្តើមនៃបដិវត្តឧស្សាហកម្មប្រមាណពីរដង គឺកាលនោះមានត្រឹមតែ ២៧៨ម៉ូលក្នុង១លានម៉ូលខ្យល់ប៉ុណ្ណោះ។

យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោក Richard Betts អ្នកវិទ្យាសាស្ត្រដែលដឹកនាំការព្យាករណ៍កម្រិតឧស្ម័នកាបូនិចប្រចាំឆ្នាំប្រចាំការិយាល័យ Met បានឲ្យដឹងថា៖ «ដោយសារតែឧស្ម័នកាបូនិចស្ថិតនៅក្នុងបរិយាកាសក្នុងរយៈពេលយូរ បន្ថែមជាមួយការបំភាយជារៀងរាល់ឆ្នាំថែមទៀតធ្វើឲ្យបរិមាណកាបូនិចនៅក្នុងបរិយាកាស ចេះតែកើនឡើងជាបន្តបន្ទាប់។ បើទោះបីជាមានការរាតត្បាតនៃកូវីត-១៩ ធ្វើឲ្យការបំភាយឧស្ម័នកាបូនិចទូទាំងពិភពលោកថយចុះក្តី ក៏វានៅតែបន្ថែមបរិមាណទៅក្នុងបរិយាកាសដែរ»។

ការកើនឡើងនៃកម្រិតឧស្ម័នកាបូនិចនៅក្នុងបរិយាកាសជាកង្វល់ដ៏ធំមួយសម្រាប់ពិភពលោកបច្ចុប្បន្ន ដ្បិតថា វាជាកត្តាចម្បងដែលជំរុញឲ្យមានការកើនឡើងកម្តៅផែនដីផង។
ដូច្នេះហើយ វាជារឿងចាំបាច់ដែលបណ្តាប្រទេសនានាលើពិភពលោកត្រូវចូលរួមកាត់បន្ថយកម្រិតនៃការបំភាយឧស្ម័ននេះដើម្បីទប់ស្កាត់មហន្តរាយនានាដែលអាចកើតចេញពីការវិបត្តិប្រែប្រួលអាកាសធាតុនេះ។
ដូចឃើញស្រាប់ ការឡើងកម្តៅត្រឹមតែ១អង្សាសេរបស់ផែនដី បានរួមចំណែកបង្កឲ្យមាន គ្រោះមហន្តរាយធម្មជាតិជាច្រើនបានកើតឡើងដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ក៏ដូចជាព្យុះនានាផង ដោយសារការឡើងកម្ពស់ទឹកសមុទ្រ។

កន្លងមកនេះ អង្គការសហប្រជាជាតិបានប្រកាសរួចហើយថា ការបំភាយឧស្ម័នកាបូនិចពីប្រភពថាមពលមិនស្អាត ការផលិតចំណីអាហារ មធ្យោបាយធ្វើដំណើរ រោងចក្រឧស្សាហកម្ម  ត្រូវកាត់បន្ថយក្នុងកម្រិតមួយលើសពី៧ភាគរយ ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។

វាជាគោលបំណងសំខាន់មួយក្នុងការធានារក្សាសីតុណ្ហភាពផែនដីមិនឲ្យកើនឡើងលើស ២អង្សាសេដែលមានចែងក្នុងកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥៕



Tag:
 ឧស្ម័នកាបូនិច
  បដិវត្តឧស្សាហកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com