ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ក្រុមសិទ្ធិមនុស្ស UN នៅតែបារម្ភពីសិទ្ធិមនុស្ស តែមន្រ្តីរដ្ឋាភិបាល តបថា កម្ពុជា មិនរំលោភសិទ្ធិមនុស្សទេ
11, Jan 2021 , 12:40 pm        
រូបភាព
អ្នកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា និង លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល
អ្នកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅកម្ពុជា និង លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បន្តនិយាយពីចំណុចអវិជ្ជមានរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តសិទ្ធិមនុស្ស ខណៈមន្រ្តីរដ្ឋាភិបាលកម្ពុជា ថ្លែងការពារ។



គ្មានឡើយការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា គឺមានតែការអនុវត្តច្បាប់។ នេះជាការឆ្លើយតបរបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ទៅកាន់ក្រុមអ្នកជំនាញសិទ្ធិមនុស្ស៦រូប របស់អង្គការសហប្រជាជាតិ ដែលបង្ហាញក្តីបារម្ភចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក ផៃ ស៊ីផាន អធិប្បាយថា ការចាត់វិធានការលើសកម្មជនអតីតគណបក្សប្រឆាំងឬសកម្មជនសង្គមស៊ីវិលផ្សេងទៀត គឺធ្វើទៅតាមអង្គហេតុនិងអង្គច្បាប់។ លោក ចង់មានន័យថា ពួកគេ បានប្រព្រឹត្តបទល្មើស (អង្គហេតុ) ទើបសមត្ថកិច្ចនិងតុលាការ អនុវត្តច្បាប់លើពួកគេ។ លោក បញ្ជាក់ថា៖«យើង អត់មានការរំលោភ [សិទ្ធិ] ទេ តែអនុវត្តនីតិវិធី [ច្បាប់] និងសណ្តាប់ធ្នាប់សន្តិសុខសង្គម...»។

លោក បន្តថា នៅអាមេរិក រហូតដល់មានការបាញ់ប្រហារទៅលើមនុស្ស [អ្នកតវ៉ា] ទៀតផង ប៉ុន្តែ នៅកម្ពុជា គឺគ្រាន់តែឃាត់សកម្មភាពល្មើសច្បាប់ និងបញ្ជូនជនល្មើសទៅតុលាការប៉ុណ្ណោះ។ លោក អះអាងថា សកម្មភាពខ្លះ គឺជាសកម្មភាពឧទ្ទាម មិនមែនជាការបញ្ចេញយោបល់ឡើយ ដូច្នេះ រដ្ឋាភិបាលកម្ពុជា ត្រូវតែប្រុងប្រយ័ត្ន។ លោក សង្កត់ធ្ងន់ថា៖«រឿងសកម្មជន ដែលខំប្រឹងប្រែងធ្វើសកម្មភាព បង្កើតព្រឹត្តិការណ៍ អាហ្នឹងយើង ហាមផ្តាច់ជាដាច់ខាត មិនឲ្យមានទេ ប៉ុន្តែយើងបើកជំហរក្នុងការតតាំងតាមរយៈនយោបាយប្រជាមតិ...»។

ក្តីបារម្ភរបស់ក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបង្ហាញក្នុងលិខិតរួមគ្នាមួយ។ លិខិតរួមនោះ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំកម្ពុជា (Special Rapporteur Cambodia) កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២១។

អ្វីដែលពួកគេ ព្រួយបារម្ភនោះ គឺការចោទប្រកាន់ ការចាប់ខ្លួន ការឃុំខ្លួន ការបំភិតបំភ័យ ការឈ្លបមើល ការគំរាមកំហែង និង ការប្រើប្រាស់កម្លាំងហួសហេតុ ទៅលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ខណៈពួកគេ បំពេញការងារក្នុងការការពារសិទ្ធិមនុស្ស និងការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេ ដូចជា សិទ្ធិជួបប្រជុំដោយសន្តិវិធី សិទ្ធិសមាគម និង សិទ្ធិបញ្ចេញមតិ ជាដើម។

ជាមួយគ្នានេះ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក៏បារម្ភដែរ ចំពោះការដាក់ជាបទល្មើសព្រហ្មទណ្ឌ លើមធ្យោបាយ ដែលអ្នកការពារសិទ្ធិមនុស្ស ប្រើប្រាស់ ដើម្បីអនុវត្តការងាររបស់ពួកគេ។ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ យល់ថា វិធានការបែបនេះរបស់សមត្ថកិច្ចឬតុលាការ គឺរារាំងដល់អ្នកការពារសិទ្ធិមនុស្ស ក្នុងការរាយការណ៍ និងការតស៊ូមតិប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ លើសពីនេះទៀត អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ថែមទាំងព្រួយបារម្ភចំពោះការប៉ុនប៉ងរារាំងអ្នកការពារសិទ្ធិមនុស្ស ក្នុងការតាមឃ្លាំមើលបាតុកម្មអហិង្សា។

លោក ផៃ ស៊ីផាន មានប្រសាសន៍ថា៖«យើង មិនឈឺក្បាលជាមួយការធ្វើរបាយការណ៍របស់ពួកគាត់ទេ ប៉ុន្តែយើងអនុវត្តនីតិរដ្ឋ»។

ក្នុងលិខិតនោះ ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រំលេចឈ្មោះមនុស្សមួយចំនួន ដែលត្រូវចាប់ខ្លួននាពេលថ្មីៗ រួមមាន លោក រ៉ុង ឈុន អតីតព្រះសង្ឃ កើត សារ៉ាយ យុវជន ហ៊ុន វណ្ណៈ យុវជន ថុន រដ្ឋា យុវជន ថា ឡាវី យុវជន មាន ព្រហ្មមុនី យុវជន មួង សុភ័ក្រ្ត យុវតី ឈឿន ដារ៉ាវី  យុវតី ឡុង គន្ធា និង យុវតី ភួង កែវរស្មី ជាដើម។

ក្រុមអ្នកជំនាញសិទ្ធិមនុស្ស ឬហៅថា ក្រុមអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទាំង៦រូប ដែលចេញលិខិតរួមនោះ គឺ អ្នកស្រី Rhona Smith អ្នករាយការណ៍ពិសេសស្តីពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី Irene Khan អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយនិងការពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ អ្នកស្រី Mary Lawlor អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពនៃអ្នកការពារសិទ្ធិមនុស្ស អ្នកស្រី Elizabeth Broderick ប្រធានក្រុមអ្នករាយការណ៍ពិពេសស្តីពីការរើសអើងស្រ្តី អ្នកស្រី Elina Steinerte អនុប្រធានក្រុមការងារទទួលបន្ទុកករណីឃុំខ្លួនដោយបំពាន និង លោក Clément Nyaletsossi Voulé អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជួបជុំដោយសន្តិវិធី៕

Tag:
 អ្នករាយការណ៍ពិសេសរបស់ UN
  ផៃ ស៊ីផាន
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com