ដោយ ៖ឈួន ឈីវអ៊ីង
ម៉ាស់ដែលមនុស្សគ្រប់គ្នាកំពុងប្រើប្រាស់ដើម្បីជួយការពារខ្លួនពីការឆ្លងកូវីដ-១៩ កំពុងតែធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតសត្វ ទាំងសត្វស្លាប និងជីវិតសត្វក្នុងទឹកផងដែរ។ ជារឿយៗ ម៉ាស់ត្រូវរកឃើញនៅជាប់ជើង ឬស្លាបសត្វដែលងាប់ ឬពេលខ្លះត្រូវបានជួយទាន់ពេលវេលា។
ខណៈជួយមនុស្សក្នុងការការពារខ្លួនទល់នឹងជំងឺរលាកសួតកូវីដ-១៩ ម៉ាស់ ក៏ក្លាយជាបន្ទុកសម្រាប់ភាវៈមានជីវិតឯទៀត។ ការបោះចោលម៉ាស់ពាសវាលពាសកាលបន្ទាប់ពីប្រើរួច កំពុងបង្កផលប៉ះពាល់ដល់ជីវចម្រុះទាំងលើគោក និងក្នុងទឹក។
ចាប់តាំងពីបណ្តាប្រទេសទាំងអស់ជុំវិញពិភពលោក ផ្តើមនាំគ្នាប្រើប្រាស់ម៉ាស់នៅតាមទីសាធារណៈ ដើម្បីកាត់បន្ថយការរីករាលដាលជំងឺកូវីដ-១៩ មក ម៉ាស់ដែលប្រើតែម្ដង ត្រូវបានប្រទះឃើញពាសវាលពាសកាល ទាំងនៅតាមផ្លូវ ក្នុងទឹក និងតាមឆ្នេរសមុទ្រជាដើម។ ម៉ាស់ ដែលជាសារធាតុប្លាស្ទិក ត្រូវការពេលរាប់រយឆ្នាំដើម្បីបាត់ពីផែនដី។
«សារធាតុប្លាស្ទិកដែលនៅក្នុងម៉ាស់ មិនងាយនឹងរលាយឡើយ ហើយនៅពេលយើងបោះវាចោល វាបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាជីវិតសត្វដែលរស់នៅ រួមលោកជាមួយយើង»។ នេះជាសម្តីរបស់លោក Ashley Fruno ប្រធានសមាគមន៍ការពារសត្វ PETA ប្រាប់ទីភ្នាក់ងារសារពត៌មាន AFP ។
ផលប៉ះពាល់របស់ម៉ាស់លើជីវិតសត្វ ត្រូវបានកត់ត្រាកាន់តែញឹកញាប់ឡើងៗ នៅជុំវិញពិភពលោក។ នៅម៉ាឡេស៊ី សត្វស្វា Macaques ត្រូវប្រទះឃើញកំពុងទំពារខ្សែម៉ាស់ ដែលមនុស្សបោះចោល នៅលើភ្នំមួយក្រៅរដ្ឋធានីកូឡាឡាំពួ។ វាអាចទុកជាគ្រោះថ្នាក់មួយធ្ងន់ធ្ងរ សម្រាប់សត្វស្វាប្រភេទនេះ ដែលកំពុងតែជិតផុតពូជ។
ចំណែកឯនៅទីក្រុង Chelmsford នៃចក្រភពអង់គ្លេសវិញ សត្វរំពេមួយក្បាល ត្រូវជួយសង្គ្រោះ ដោយជើងរបស់វាជំពាក់ជាមួយម៉ាស់កញ្ចាស់មួយ។ ជើងរបស់វាឡើងហើម និងមានរបួសដែលទំនងជាជាប់ម៉ាស់យូរថ្ងៃមកហើយ។
មិនត្រឹមលើគោកឡើយ ជីវៈចម្រុះក្នុងទឹក ក៏រងការគំរាមខ្លាំងដែរ។ បើ AFP ការប៉ះពាល់ដ៏ខ្លាំងអាចកើតឡើងក្នុងទឹក ដោយសារកាលពីឆ្នាំ២០២០ ម៉ាស់ និងសម្លៀកបំពាក់ការពារច្រើនជាង ១,៥ពាន់លាន ហូរចូលទៅក្នុងមហាសមុទ្រ ដែលបង្កឲ្យមានការបំពុលទឹកយ៉ាងខ្លាំង ហើយជីវិតក្រោមសមុទ្រក៏ជួបហានិភ័យដែរ។ កន្លងមក ក្រុមអ្នកអភិរក្សនៅប្រេស៊ីលបានរកឃើញម៉ាស់មួយ នៅក្នុងក្រពះរបស់សត្វភេនឃ្វីន ខណៈត្រី pufferfish ក៏បានងាប់ដោយជាប់ក្នុងម៉ាស់នៅឆ្នេរ Miami នៅអាមេរិក។ ចំណែកក្រុមអ្នកធ្វើយុទ្ធនាការ Operation Mer Propre របស់បារាំង បានប្រទះឃើញក្តាមងាប់ដោយជាប់នៅក្នុងម៉ាស់ នៅបឹងទឹកប្រៃមួយ ក្បែរសមុទ្រមេឌីទែរ៉ាណេ កាលពីខែកញ្ញាកន្លងទៅដែរ។
តាមពិតទៅ ដំណោះស្រាយក្នុងការកាត់បន្ថយម៉ាស់ ក៏មានដែរដូចជាការប្រើម៉ាស់ដែលអាចប្រើច្រើនដង និងការទុកដាក់ឲ្យមានរបៀបរៀបរយ។ ប៉ុន្តែភាគច្រើន មនុស្សនៅតែជ្រើសប្រើម៉ាស់ ដែលពាក់បានតែមួយដង ធ្វើឲ្យកាកសំណល់ម៉ាស់ មានកាន់តែច្រើនឡើងរាល់ថ្ងៃ។ យុទ្ធនាការជំរុញឲ្យការទុកដាក់ម៉ាស់មានរបៀប ក្រោយប្រើរួច ឬក៏ផ្ដាច់ខ្សែម៉ាស់ ត្រូវបានធ្វើជាបន្តបន្ទាប់ដែរ។
លើសពីនេះ ក្រុមអភិរក្ស ក៏បានអំពាវនាវដល់រដ្ឋាភិបាលឲ្យបង្កើនការផាកពិន័យ ចំពោះការទុកដាក់សំរាមមិនត្រឹមត្រូវ ហើយលើកទឹកចិត្តឲ្យប្រើប្រាស់ម៉ាស់ដែលអាចបោកសម្អាតបាន ដើម្បីប្រើបានច្រើនដង៕