COVID-19
ជាតិ
សហគមន៍​កសិកម្ម​នៅ​កំពង់ឆ្នាំង បាន​ម៉ាស៊ីន​ដាំ​ស្រូវ​១០​គ្រឿង​ពី​អូស្ត្រាលី
15, Jan 2021 , 7:59 am        
រូបភាព
​រដ្ឋាភិបាល​អូស្ត្រាលី កាលពីពេល​ថ្មី​កន្លងមកនេះ បានផ្តល់​ម៉ាស៊ីន​ដាំ​គ្រាប់ស្រូវ​ជា​ជួរ​ចំនួន​១០​គ្រឿង​បន្ថែមទៀត ជូន​ដល់​សហគមន៍​កសិកម្ម នៅក្នុង​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​បានផ្តល់​២០​គ្រឿង​នៅ​ខេត្តកំពង់ធំ​។ បើតាម លោក Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា  ជំនួយ​នេះ​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ស្តារ​ផលិតកម្ម​ស្រូវ នៅក្នុង​រាជធានី​-​ខេត្ត ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង និង​ដើម្បី​លើកកម្ពស់​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​បរិបទ​កូ​វីដ​-១៩​។​

 
​ម៉ាស៊ីន​ដាំ​គ្រាប់ស្រូវ​ជា​ជួរ​ចំនួន​១០​គ្រឿង ត្រូវបាន​រដ្ឋាភិបាល​អូស្ត្រាលី ប្រគល់ជូន​សហគមន៍​កសិកម្ម នៅក្នុង​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង តាមរយៈ​កម្មវិធី​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី ហៅ​កាត់​ថា CAVAC(Cambodia-Australia Agriculture Value Chain Program)​។ ពិធី​ប្រគល់​ម៉ាស៊ីន​ដាំ​ស្រូវ​នេះ ត្រូវបាន​រៀបចំឡើង កាលពី​ថ្ងៃទី​១៣ មករា ឆ្នាំ​២០២១ ក្រោម​វត្តមាន​ចូលរួម ដោយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក ផា​ប្លូ កាង​(Pablo Kang) ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា និង​លោកស្រី ប៉ន សុ​ភី អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ពាក់ព័ន្ធ​មួយចំនួនទៀត​។​


រូបភាពពី ហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម 

​តម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា នេះ​ជា​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​ទី​៣០ ដែល​រដ្ឋាភិបាល​បានផ្តល់​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខណៈ​កន្លងមក​មាន​ឧបករណ៍​ដាំ​គ្រាប់ស្រូវ​២០​គ្រឿង​ហើយ ត្រូវបាន​ប្រគល់ជូន​ស​ហគ​មន៍​កសិកម្ម នៅ​ខេត្តកំពង់ធំ​រួចហើយ​។ 
 
​សម្រាប់ លោក វេ​ង សាខុន ឧបករណ៍​ដាំ​គ្រាប់ស្រូវ ចំនួន​១០​គ្រឿង​បន្ថែមទៀត​នេះ នឹងចូលរួម​ចំណែក​ព​ន្លឿ​ន​ការងារ​ដាំ​ដុះ​ស្រូវ​របស់​ប្រជាកសិករ កាត់បន្ថយ​ពលកម្ម​មនុស្ស ចំណេញ​ពេល និង​លើកកម្ពស់​សេដ្ឋកិច្ច​ផងដែរ​។ 
 
​លោក ផា​ប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា ក៏បាន​លើកឡើង​ក្នុង​ពិធី​ន​នេះដែរ​ថា ជំនួយ​នេះ​ជា​ផ្នែក​មួយ​នៃ​ការចូលរួម​ស្តារឡើងវិញ ផលិតកម្ម​ស្រូវ​នៅក្នុង​រាជធានី​-​ខេត្ត ទាំង ១៩ នៅ​ទូទាំងប្រទេស​ដែល​ទទួលរង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​កន្លងមក និង​ដើម្បី​ចូលរួម​លើកកម្ពស់​សន្តិសុខ​ស្បៀង ក្នុងខណ​:​ដែល​ពិភពលោក ក៏ដូចជា​កម្ពុជា កំពុង​ជួប​វិបត្តិ​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩​។  
 
​លោក​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​គូស​បញ្ជាក់ទៀតថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​នៅតែ​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ខណៈដែល​កម្មវិធី CAVAC បាន និង​កំពុង​បំពេញ​តួនាទី​យ៉ាងសំខាន់ និង​ជា​ដៃគូ​ចាំបាច់ ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងការ​ចូលរួមចំណែក ជំរុញ​ផលិតភាព​ផលិតកម្ម​ស្បៀង​នោះ​៕


 រូបភាពពី ហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
 

Tag:
 កសិកម្ម
  ស្រូវ​
  កំពង់ឆ្នាំង
© រក្សាសិទ្ធិដោយ thmeythmey.com