COVID-19
ជាតិ
​អ្នកនាំពាក្យ​៖ ជោគជ័យ​ក្នុងការ​ទប់ស្កាត់​កូ​វីដ​-១៩ ជា​សញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍​
14, Jan 2021 , 10:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា​បាន​ឈរ​នៅ​លំដាប់​លេខ​១ ក្នុង​ពិភពលោក​ជា​ប្រទេស​ដែល​ចូលរួម​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ល្អ​ជាងគេ​។ សម្រាប់​ចំណាត់ថ្នាក់​នេះ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ យល់ថា​ជា​ឱកាស​របស់​កម្ពុជា​សម្រាប់​ទាក់ទាញ​ទេសចរ​បរទេស ទោះ​វិធានការ Travel Bubble មិនទាន់​អាចអនុវត្ត​បាន​យ៉ាងណាក្ដី​។​

 
​ចាប់តាំងពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រយៈពេល​មួយឆ្នាំ​មកនេះ ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​កម្ពុ​ជាមាន​ផលប៉ះពាល់​យ៉ាងខ្លាំង ដោយមាន​ការបាត់បង់​ទេសចរ​អន្តរជាតិ ដែលជា​ទីផ្សារ​ទេសចរ​ណ៍​ធំ​សម្រាប់​កម្ពុជា​។ បន្ទាប់ពី​មានការ​វាយតម្លៃ​ជា​វិជ្ជមាន នៃ​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​កម្ពុជា ដោយ​ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​រប​ស់​ប្រទេស​សេ​ណេ​ហ្កា​ល់​ជាច្រើនលើក រហូត​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ពិភពលោក​។ ចំណាត់ថ្នាក់​នេះ ជា​សញ្ញា​វិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​។​
 
​លោក តុ​ប សុភ័ក្ត្រ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បានលើកឡើង​ដូច្នេះ​ថា​៖ «​ស្របពេល​ដែល​យើង​កំពុង​ផ្សព្វផ្សាយ​ថា​ប្រទេស​កម្ពុជា​យើង ជា​ប្រទេស​ដែលមាន​សុវត្ថិភាព​សម្រាប់​ទេសច​រ ចំណាត់ថ្នាក់​នេះ​ជា​សញ្ញាណ​មួយ​សម្រាប់​ទាក់ទាញ​ទេសចរ នៅពេល​កូ​វីដ​មានការ​ធូរស្រាល​។ ទោះបី​ចប់​កូ​វីដ​ក៏​ទេសចរ​មិនមែន​ចេះតែ​ទៅលេង​តាម​ប្រទេស​នោះទេ គេ​នឹង​វាយតម្លៃថា​ប្រទេស​ណា​ដែល​គេ​គួរ​ទៅ និង​ប្រទេស​ណា​ដែល​គេ​មិនគួរ​ទៅ​»​។​
 
​ទោះ​មានការ​វាយតម្លៃ​បែបនេះ​ក្ដី ក៏​ក្រសួងទេសចរណ៍​នៅ​មិនទាន់​អាចអនុវត្ត​វិធានការណ៍ Travel Bubble បាន​នៅឡើយ​ដែរ ដោយ​វិធានការ​មួយ​នេះ​ត្រូវ​មានការ​ល្អិតល្អន់​បំផុត​មុននឹង​អនុវត្ត​។ លោក តុ​ប សុភ័ក្ត្រ បញ្ជាក់​បែបនេះ​ថា​៖ « យើង​កំពុងធ្វើការ​ជាមួយ​ក្រសួងសុខាភិបាល កិច្ចការ​នេះ​យើង​មិនអាច​ធ្វើបាន​ភ្លាមៗ​នោះទេ ពីព្រោះ​យើង​ត្រូវការ​ការយល់ព្រម​រប​ស់រាជ​រដ្ឋាភិបាល ក្រសួងសុខាភិបាល​។ Travel Bubble នេះ​មាន​ប្រទេស​ខ្លះ​ធ្លាប់បាន​អនុវត្ត​ហើយ តែ​ត្រូវបាន​បិទ​ទៅវិញ ដូច្នេះ​កម្ពុជា​កំពុង​ពិចារណា​យ៉ាង​ល្អិតល្អន់​បំផុត​»​។​
 
​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​ប្រទេស​កម្ពុជា​ត្រូវបាន ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​រប​ស់​ប្រទេស​សេ​ណេ​ហ្កា​ល់ វាយតម្លៃថា​ជា​ប្រទេស​ដែលមាន​ការប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ល្អ​។ កាលពី​ថ្ងៃទី​១៦ វិច្ឆិកា ២០២០ ការិយាល័យ​មួយ​នេះ​ក៏បាន​វាយតម្លៃ ថា​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ នៅ​អាស៊ី និង​លេខ​៣​នៅលើ​ពិភពលោក​។ រហូតដល់​ថ្ងៃទី ១៣​មករា ២០២១ កម្ពុជា​បាន​ប្ដូរ​តំណែង​ពី​ចំណាត់ថ្នាក់​លេខ​៣ មក​លេខ​១ ក្នុង​ពិភពលោក​វិញ​។​
 
​សូម​ជម្រាប​ផងដែរ​ថា គិត​ត្រឹម​ថ្ងៃទី​១៣ មករា ឆ្នាំ​២០២១ អ្នក​កើត​កូ​វីដ​-១៩​នៅ​កម្ពុជា មាន​៤១១​នាក់​ក្នុងនោះ​៣៥​នាក់​ជា​ពលករ​មកពី​ថៃ​។ អ្នក​សះស្បើយ​ឡើងដល់​៣៧៧​នាក់​។ អ្នក​កំពុង​សម្រាក​ព្យាបាល​៣៤​នាក់ មាន​២០​នាក់​នៅ​ពេទ្យ​បង្អែក​បន្ទាយមានជ័យ ៦​នាក់​នៅ​ប៉ៃលិន ២​នាក់​នៅ​បាត់ដំបង និង​៦​នាក់​នៅ​មណ្ឌល​កម្ចាត់​ជំងឺរបេង​រាជធានី​ភ្នំពេញ​៕

Tag:
 កូ​វីដ​១៩
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com