ជាតិ
លោក កឹម សុខា​៖ សកម្មភាព​មនុស្សធម៌ មិន​ប៉ះពាល់​បម្រាម​នយោបាយ ដែល​កំពុង​បិទ​សិទ្ធិសេរីភាព​ខ្ញុំ​ឡើយ​
14, Jan 2021 , 5:23 pm        
រូបភាព
​ភ្នំពេញ​៖ ២​ថ្ងៃ​មកនេះ លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​យក​ជំនួយ​សប្បុរសធម៌ ទៅ​ចែក​ពលរដ្ឋ ដែល​កំពុង​ច​ត្តា​ឡី​ស័ក នៅក្នុង​ខេត្ត​ឧត្តរមានជ័យ និង​បន្ទាយមានជ័យ​។ លោក កឹម សុខា ហាក់​មិន​បារម្ភ​ពី​បម្រាម​នយោបាយ ដែល​តុលាការ​កម្រិត​សិទ្ធិ និង​សកម្មភាព​ខ្លួន​ឡើយ​។​

 
«​នេះ​ជា​សកម្មភាព​មនុស្សធម៌ សាមគ្គីធម៌ គុណធម៌ ខ្មែរ​ជួយ​ខ្មែរ ដែល​ខ្ញុំ​អាច​ចូលរួមបាន ដោយ​មិន​ប៉ះពាល់​បំរាម​នយោបាយ ដែល​កំពុង​បិទ​សិទ្ធិសេរីភាព​ខ្ញុំ​»​។ នេះ​ជាការ​លើកឡើង​របស់លោក កឹម សុខា ដែល​បាន​យក​សម្ភារៈ ដូចជា ម៉ាស់ និង​សាប៊ូ​កម្ចាត់​មេរោគ ទៅ​ចែក​ពលរដ្ឋ​រស់នៅ​ដោយឡែក​១៤​ថ្ងៃ ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​បន្ទាយមានជ័យ​។​
 
​មិនតែប៉ុណ្ណោះ​លោក កឹម សុខា ក៏​ផ្ដល់​ថវិកា​២០​លាន​រៀល សម្រាប់​ខេត្ត​ទាំងពីរ​នេះដែរ​។ ជំនួយ​ទាំងនេះ លោក កឹម សុខា ទទួលបាន​ពី​សប្បុរសជន​ខ្មែរ​រស់នៅ​ប្រទេស​កាណាដា និង​បារាំង ចែក​បន្តទៅ​ពលរដ្ឋ​។​
 
«​នេះ​ជា​ជំនួយ​មនុស្សធម៌ ដែល​ម្ចាស់ជំនួយ​តម្រូវ​ឲ្យ​ខ្ញុំ​យកទៅ​ជូន​ពលករ​ខ្មែរ​ដែល​ទើបតែ​វិលត្រឡប់​ពី​ធ្វើការ​នៅ​ប្រទេស​ថៃ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​មណ្ឌល​នានា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក កឹម សុខា ដែល​បាន​ស្នើឱ្យ​អាជ្ញាធរ​បន្ត​យកចិត្តទុកដាក់​ការពារ​សុខភាព​ប្រជាពលរដ្ឋ​។​
 
​ចាប់តាំងពី​កម្ពុជា ផ្ទុះ​កូ​វីដ​-១៩​និង​មាន​ករណី​ទឹកជំនន់ និង​គ្រោះធម្មជាតិ​មក លោក កឹម សុខា តែងតែ​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​សប្បុរសធម៌​ដល់​ពលរដ្ឋ​ទៀតផង​។ លើសពីនេះ លោក កឹម សុខា ក៏បាន​ចូលរួម​វិភាគទាន​ជាមួយ​រដ្ឋាភិបាល ៥​ពាន់​ដុល្លារ សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​និង​គាំទ្រ​គម្រោង​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩​របស់​រដ្ឋាភិបាល​ផងដែរ​។​
 
​តាមរយៈ​សកម្មភាព​ទាំងនេះ សម្ដេច ហ៊ុន សែន ក៏បាន​សរសើរ​ចំពោះ​ទង្វើរ​មនុស្សធម៌​របស់​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ​។ សម្ដេច ចាត់ទុក​សកម្មភាព​លោក កឹម សុខា ជាការ​ជួយ​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ នៅ​គ្រា​មាន​អាសន្ន​។ មិន​ត្រឹមតែ​ប៉ុណ្ណេះ​ប្រមុខ​រដ្ឋាភិបាល ក៏បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ជួយ​សម្របសម្រួល និង​សហការ​ដល់​ការចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​របស់លោក កឹម សុខា ទៀតផង​។​
 
​គួរ​បញ្ជាក់ថា លោក កឹម សុខា កំពុង​ជាប់​ក្តីក្ដាំ​ពីបទ «​គប់គិត​ជាមួយ​បរទេស​» តាំងពី​ឆ្នាំ​២០១៧​មកម្ល៉េះ ។ សំណុំរឿង​លោក កឹម សុខា បាន​ដំណើរការ​សវនាការ បាន​៣​ខែ​ដែរ កាលពីដើមឆ្នាំ​២០២០ ប៉ុន្តែ​ដោយសារ​បញ្ហា​កូ​វីដ​-១៩ រាតត្បាត​ពេក​នោះ ទើប​តុលាការ​សម្រេច​ពន្យា​ពេល​សន​វ​ការ​ក្តី​នេះ ដោយ​រង់ចាំ​ស្ថានភាព​ធូរស្បើយ​សិន​៕
 
  

© រក្សាសិទ្ធិដោយ thmeythmey.com