សម្តេច នរោត្តម យុវនាថ ព្រះរៀមបង្កើតមាតាទីទៃនៃព្រះមហាក្សត្រ សុគតក្នុងព្រះជន្ម៧៨ព្រះវស្សា
ជាតិ
សម្តេច នរោត្តម យុវនាថ ព្រះរៀមបង្កើតមាតាទីទៃនៃព្រះមហាក្សត្រ សុគតក្នុងព្រះជន្ម៧៨ព្រះវស្សា
14, Jan 2021 , 10:09 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់បានសុគតនាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះក្នុងព្រះជន្ម៧៨ព្រះវស្សានៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក Royal du Cambodge រួមទាំងទីភ្នាក់ងារព័ត៌មាន AKP។



សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ប្រសូតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៤៣ នៅព្រះមហាប្រាសាទខេមរិន្ទ ជាព្រះរាជបុត្រាច្បងរបស់សម្ដេចព្រះវររាជបិតា នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សសានមុនី ដែលត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

យោងតាមព្រះជីវប្រវត្តិដែលផ្សាយដោយ Royal du Cambodge សម្តេចព្រះបរមរាមា នរោត្តម យុវនាថ បានចូលសិក្សានៅ វិទ្យាល័យ ព្រះស៊ីសុវត្ថិ។ នាពេលរដ្ឋប្រហារ ឆ្នាំ ១៩៧០ ព្រះអង្គបានភៀសព្រះកាយទៅកាន់ប្រទេសចិន ដោយគង់នៅទីនោះរហូតដល់ឆ្នាំ ១៩៧៥។ ពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៨០ បានភៀសព្រះកាយបន្តទៀតទៅកាន់ហុងកុង និង បានបន្តភៀសព្រះកាយទៅសហរដ្ឋអាមេរិក ហើយបានចូលបម្រើការងារនៅក្នុងក្រុមហ៊ុនមួយចន្លោះឆ្នាំ ១៩៨០ ដល់ ១៩៩៣។

នៅឆ្នាំ ១៩៩៣ ព្រះអង្គបានមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជាវិញ។

ព្រះអង្គ បានរៀបអភិសេកជាមួយ អ្នកម្នាង ភាព (ក្រោយមកលែងលះ) និងមានព្រះបុត្រា ១អង្គនាម អ្នកអង្គម្ចាស់ នរោត្តម ឆវ័ន្តរង្សី ប្រសូតនៅឆ្នាំ១៩៦០ និងបានរៀបអភិសេកជាមួយ អ្នកម្នាង គឹម យិន ដោយមានព្រះបុត្រាបុត្រីចំនួន ៤អង្គ ៖

១/ អ្នកអង្គម្ចាស់ នរោត្តម វជ្ជរ៉ាវុឌ្ឍ ប្រសូតនៅឆ្នាំ ១៩៦៦
២/ អ្នកអង្គម្ចាស់ នរោត្តម ឯកជ្ជរិន ដែលត្រូវបានសន្និដ្ឋានថាត្រូវបានខ្មែរក្រហមធ្វើគុតនៅកំឡុងឆ្នាំ ១៩៧៦ ក៏ប៉ុន្តែ អ្នកអង្គម្ចាស់ បានភៀសខ្លួនទៅកាន់ជំរំជនភៀសខ្លួននៅក្នុងប្រទេសថៃ រួចភៀសខ្លួនបន្តទៅរស់នៅក្នុងប្រទេសស៊ុយអែត។ អ្នកអង្គម្ចាស់ បានត្រឡប់មកកាន់កម្ពុជាវិញនៅក្នុងឆ្នាំ២០១៣។
៣/ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម ភគិណា ប្រសូតនៅឆ្នាំ១៩៧០
៤/ អ្នកអង្គម្ចាស់ក្សត្រី នរោត្តម យុវទេវី ប្រសូតនៅឆ្នាំ១៩៧៤។

ព្រះអង្គទទួលបានគោរមងារពី សម្តេច នរោត្តម សីហនុ ជា សម្តេចក្រុមហ្លួង នរោត្តម យុវនាថ ឆ្នាំ ១៩៩៣ ឋានៈស្មើឧបនាយករដ្ឋមន្រ្តី ហើយបន្ទាប់ទទួលបានគោរមងារ ពី សម្តេច នរោត្តម សីហនុ ជា សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឆ្នាំ ២០០៤៕






© រក្សាសិទ្ធិដោយ thmeythmey.com