កីឡាអន្តរជាតិ
អន្តរជាតិ
Rashford៖ ការសោកស្តាយ​តែមួយគត់​របស់ខ្ញុំ គឺ​មិនបាន​លេង​ក្រោម​ការដឹកនាំ​របស់ Sir Alex
15, Jan 2021 , 4:54 pm        
រូបភាព
Marcus Rashford សារភាពថា មិនបាន​លេង​ឲ្យ​ក្រុម Manchester United ក្រោម​ការដឹកនាំ​របស់ Sir Alex Ferguson ជាការ​សោកស្តាយ​តែមួយគត់​ក្នុង​អាជីព​កីឡាបាល់ទាត់​របស់ខ្លួន​។​



Rashford បានបង្ហាញ​ខ្លួន​លើកដំបូង​ឲ្យ​បិសាច​ក្រហម​នៅ​អាយុ​១៨​ឆ្នាំ កាលពី​ឆ្នាំ ២០១៦ ពោលគឺ​ក្រោយ​៣​ឆ្នាំ បន្ទាប់ពី​លោក Ferguson បាន​ចូលនិវត្តន៍​ពី​តំណែង​អ្នកចាត់ការ​ទូទៅ​នៅ Old Trafford​។​
 
​ខ្សែប្រយុទ្ធ​អន្តរជាតិ​របស់​អង់គ្លេស​រូបនេះ បាន​ចូលរួម​ជាមួយ​ក្រុម​ថ្នាល​របស់ Man Utd តាំងពី​អាយុ ៧​ឆ្នាំ អំឡុង​លោក Ferguson នៅ​កាន់តំណែង​។ យ៉ាងណា Rashford មិនដែល​ធ្លាប់បាន​លេង​ក្រោម​ការដឹកនាំ​ដ៏​អស្ចារ្យ​របស់​បុរស​សញ្ជាតិ​ស្កុ​តឡែ​ន​ដោយផ្ទាល់​ឡើយ​។​
 
​នា​កម្មវិធី​ប្រគល់​ពានរង្វាន់​ពី​សមាគម​អ្នកនិពន្ធ​កីឡាបាល់ទាត់ FWA Award ដល់ Rashford សម្រាប់​ការបង្កើត​យុទ្ធនា​បញ្ចប់​ភាពក្រីក្រ​របស់​កុមារ​នៅ​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃទី​១៤ ខែមករា ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង​រូបនេះ​សារភាពថា​ខ្លួន​ពិតជា​សោកស្តាយ​ណាស់​ដែល​មិនបាន​លេង​ក្រោម​ការដឹកនាំ​របស់ Ferguson​។​
 
Rashford បាន​ប្រាប់ FWA ថា​៖ «​សម្រាប់​ខ្ញុំ​វា​ជា​បទពិសោធ​មិនគួរ​ឲ្យ​ជឿ​។ នេះ​ជាការ​សោកស្តាយ​តែមួយគត់​ដែល​ខ្ញុំ​មាន​ក្នុង​អាជីព​របស់ខ្ញុំ​គឺ​មិនដែល​មានឱកាស​លេង​ក្រោម​ការដឹកនាំ​របស់ Sir Alex​។ បាន​និយាយ​ជាមួយ​គាត់​តាម​ទូរ​សព្ទ ១០ ទៅ ២០​នាទី នោះ​គឺ​ពិតជា​អស្ចារ្យ​ណាស់​»​។​
 
Rashford ជា​សមាជិក​ក្រុម Man Utd ទី​៦ ដែល​ទទួលបាន​ពាន FWA Award បន្ទាប់ពី​លោក Ferguson, Rooney, Scholes, Ryan Giggs និង David Beckham​។​
Rashford ដែល​ឈានចូល​វ័យ​២៣​ឆ្នាំ បានបង្ហាញ​ទម្រង់​លេង​គួរកត់សម្គាល់ ដោយបាន​ជួយ​ក្រុម​លោក Ole Gunnar Solskjær ឡើងទៅ​ឈរ​កំពូល​តារាង Premier League ត្រឹម​សប្តាហ៍​ទី​១៧ រដូវ​កាល​នេះ​៕

Tag:
 Marcus Rashford
  Sir Alex Ferguson
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com