ជាតិ
ខេត្ត​កែប នឹងមាន​តំបន់​ទេសចរណ៍​ថ្មី​ជាច្រើន​កន្លែង​សម្រាក​កម្សាន្ត​
15, Jan 2021 , 5:34 pm        
រូបភាព
​ដោយ​៖ ស៊ុ​ល រ៉​វី​

​ភ្នំពេញ​៖ ខេត្ត​កែប នឹង​ក្លាយទៅជា​គោលដៅ​ទេសចរណ៍ធម្មជាតិ សម្រាក​កម្សាន្ត​បែប​ប្រណិត កម្រិត​ខ្ពស់ ដែលមាន​ប៉ូល​ទេសចរណ៍​ធំៗ​ចំនួន​៤ គម្រោង​អភិវឌ្ឍន៍​ចំនួន​២៥១ ព្រមទាំង​យុទ្ធសាស្ត្រ​គោលដៅ​ចំនួន ៩ ផ្សេងទៀត​។ នេះ​បើតាម​សេចក្ដីព្រាង​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប​របស់​ក្រសួងទេសចរណ៍​។​


​លោក ថោង ខុន រដ្ឋមន្ត្រី​នៃ​ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​១៤ ខែមករា បញ្ជាក់ថា វិស័យ​ទេសចរណ៍​ខេត្ត​កែប នឹង​ប្រែក្លាយ​ខេត្ត​កែប​ជា គោលដៅ​ទេសចរណ៍ធម្មជាតិ ដោយ​គិត​ទៅលើ​ភាព​ទាក់ទាញ ភាព​ប្រកួតប្រជែង​ក្នុង​តំបន់ និង​ពិភពលោក ជាពិសេស​គឺ​ធានា​នូវ​សមភាព សមធម៌ តម្លាភាព ចីរភាព និង​នវានុវត្តន៍​។ ផែនការមេ​សម្រាប់​ការអភិវឌ្ឍ វិស័យ​ទេសចរណ៍​ខេត្ត​កែប​នេះ គឺជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​មួយ ដែល​អាចជួយ​ស្ដារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​ឡើងវិញ នៅក្នុង​ដំណាក់កាល​វិបត្តិ​កូ​វីដ​-១៩ ព្រម​ទាំងក្រោយ​ដំណាក់កាល​កូ​វីដ​-១៩​។​


រូបភាពពីគេហទំព័ររដ្ឋបាលខេត្តកែប

​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​រួមមាន អភិវឌ្ឍ​ប៉ូល​ទេសចរណ៍​ខេត្ត​កែប​, វិនិយោគ និង​អភិវឌ្ឍ​របៀង​ទេសចរណ៍​, ពង្រឹងគុណភាព និង​សុវត្ថិភាព​ទេសចរណ៍​, អភិវឌ្ឍ​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍​, ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កែប​, គ្រប់គ្រង និង​អភិវឌ្ឍ​វិស័យ​ពាក់ព័ន្ធ​នានា គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​, ពង្រឹង​ច្រវាក់​ផលិតកម្ម ក្នុង​វិស័យ​ទេសចរណ៍​ខេត្ត​កែប​និង​ពង្រឹង​អភិបាលកិច្ច ត្រួតពិនិត្យ និង​វាយតម្លៃ​សម្រាប់ ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​។  
 
​លោក នី ផល្លី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បញ្ជាក់ថា ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​កែប​នេះ ត្រូវបាន​កំណត់​យក​ប៉ូល​អភិវឌ្ឍន៍​ទេសចរណ៍​ធំៗ​ចំនួន​៤ រួមមាន​ទីក្រុង​កែប​ប​ច្ចុ​ប្បន្ន តំបន់​អង្កោល តំបន់ភ្នំ​វល្លិ និង​តំបន់​ប្រជុំ​កោះ​។ លោក​បន្ថែមថា ក្រៅពី​ប៉ូល​អភិវឌ្ឍន៍​ទេសចរណ៍​ធំៗ​បួន នៅក្នុង​ផែនការ​មេនេះ ក៏មាន​គោលដៅ​មួយចំនួន​ក្នុងការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​កែប រួមមាន ការកែប្រែ​តំបន់​ស្រែអំបិល ទៅជា​គោលដៅ​ក​សិ​ទេសចរណ៍​ស្រែអំបិល​, គម្រោង​កែលម្អ​បន្ថែម​លើ​ឆ្នេរកែប​ដែលមាន​ស្រាប់ ការពង្រីក​ផលិតផល​កីឡា​ទេសចរណ៍​កម្រិត​អន្តរជាតិ​, សារៈមន្ទីរ​សង្គ្រាម​ទេស​ចរណ៍​, ការរៀបចំ​ឲ្យ​មានដំណើរ​ការ​ទេសចរ​ណ៍​តាម​ប្រជុំ​កោះ​, បង្កើត​ផ្សារ​ទំនើប​ខ្នាតតូច​(Mart), ផ្សារ​រាត្រី​, វិថី​ម្ហូបអាហារ​(Street Food), ការតភ្ជាប់​ទេសចរណ៍​ផ្លូវទឹក ពី​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ នៅ​ខេត្តកំពត មកកាន់​ខេត្ត​កែប និង​ព្រឹត្តិការណ៍​ទេសចរណ៍​នានា​ផងដែរ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ផែនការមេ​សម្រាប់​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​កែប​នេះ នឹង​បន្ត​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ លើ​សេចក្ដីព្រាង​ថែ​ន​ការ​នេះ​ម្ដងទៀត នៅ​ខែមីនា ឆ្នាំ​២០២១ ខាងមុខ មុន​នឹងដាក់​ឆ្លងកាត់​គណៈ​គ​ម្មា​ធិ​ការ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​៕
 


រូបភាពពីគេហទំព័ររដ្ឋបាលខេត្តកែប


រូបភាពពីគេហទំព័ររដ្ឋបាលខេត្តកែប

Tag:
 ThmeyThmey25
  ទេសចរណ៍​
  ខេត្ត​កែប​
  ថោង ខុន​
  ប៉ូល​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com