COVID-19
អន្តរជាតិ
កូវីដ-១៩៖ ឥណ្ឌា ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងធំជាងគេលើលោក
16, Jan 2021 , 11:29 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ឥណ្ឌា នៅថ្ងៃទី១៦ ខែមករានេះ បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនក្នុងគោលដៅទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ។ ជាមួយប្រជាជនលើសមួយពាន់លាននាក់ ការចាក់វ៉ាក់សាំងនេះ ជាយុទ្ធនាការដ៏ធំជាងគេមួយលើពិភពលោក ប៉ុន្តែក៏អមទៅជាមួយបញ្ហាមួយចំនួនដែរដូចជាកង្វះហេដ្ឋារចនាសម្ពន្ធ ក្ដីបារម្ភពីសុវត្ថិភាព និងការស្ទាក់ស្ទើររបស់ប្រជាជនលើប្រសិទ្ធភាពរបស់វ៉ាក់សាំង។

 
ក្រុមគ្រូពេទ្យ អ្នកនៅជួរមុខក្នុងការប្រយុទ្ធជំងឺកូវីដ-១៩ និងប្រជាជនមានអាយុលើ៥០ឆ្នាំហើយប្រឈមមុខការឆ្លងខ្ពស់ មានអាទិភាពទទួលបានវ៉ាក់សាំងមុនគេ។ រដ្ឋាភិបាលឥណ្ឌា គ្រោងផ្ដល់វ៉ាក់សាំងដល់ប្រជាជនខ្លួនចំនួន៣០០លាននាក់ក្នុងចំណោមប្រជាជនសរុប១,៣ពាន់លាននាក់នៅត្រឹមខែកក្កដា។ មនុស្សប្រមាណ៣សែននាក់ ត្រូវទទួលវ៉ាក់សាំងនៅថ្ងៃទីមួយតែម្ដង។ 
 
ឥណ្ឌា បានត្រៀមខ្លួនជាស្រេចដើម្បីការចាក់វ៉ាក់សាំងនេះ ដោយបានបណ្ដុះបណ្ដាលគ្រូពេទ្យសម្រាប់ចាក់វ៉ាក់សាំងនេះជាច្រើនម៉ឺននាក់នៅទូទាំងប្រទេស ហើយពឹងផ្អែកលើកម្មវិធីចាក់សាំងមុនៗដូចជាវ៉ាក់សាំងកញ្ជ្រឹលជាដើម ជាមូលដ្ឋាននៃយុទ្ធនាការពេលនេះ។ វ៉ាក់់សាំងចំនួនពីរ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់មានវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca និងវ៉ាក់សាំងរបស់ក្រុមហ៊ុន Bharat Biotech ដែលជាក្រុមហ៊ុនក្នុងស្រុក។
 
ប្រជាជនឥណ្ឌា នឹងមិនអាចជ្រើសរើសវ៉ាក់សាំងដែលខ្លួនចង់បានឡើយក្នុងចំណោមវ៉ាក់សាំងទាំងពីរខាងលើ។ ជាមួយគ្នានេះ អ្នកនយោបាយនានា ក៏ត្រូវរង់ចាំសិនដែរព្រោះមិនស្ថិតក្នុងក្រុមអាទិភាព។
 
វ៉ាក់សាំងរបស់ Bharat ស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ ដែលការណ៍នេះធ្វើឲ្យប្រជាជនឥណ្ឌាបារម្ភពីបញ្ហាសុវត្ថិភាព។ ក្រៅពីនោះ ការដឹកជញ្ជូនក៏ជារឿងប្រឈមដែរ។ វ៉ាក់សាំងទាំងពីរនេះ សុទ្ធតែត្រូវរក្សាក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងបំផុតដើម្បីធានាប្រសិទ្ធភាព ហើយទូរទឹកកកកាន់តែត្រូវការអំឡុងពេលរដូវក្ដៅខាងមុខ។ ប៉ុន្តែនៅរដ្ឋ Uttar Pradesh គេបែរជាឃើញបុគ្គលិកសុខាភិបាលម្នាក់ដឹកប្រអប់វ៉ាក់សាំងតាមកង់ទៅវិញ។
 
ឥណ្ឌា ជាប្រទេសរងគ្រោះខ្លាំងជាងគេលំដាប់ពីរបន្ទាប់អាមេរិក។ គិតត្រឹមព្រឹកថ្ងៃទី១៦ ខែមករា ប្រទេសដែលមានប្រជាជនលំដាប់ទីពីររបស់ពិភពលោកនេះ មានអ្នកឆ្លង១០លាន៥សែននាក់ និងស្លាប់ជាង១៥ម៉ឺននាក់៕
 
 
 

Tag:
 ឥណ្ឌា
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com